ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​ផលិត​បទ​គោរព​ទង់ជាតិ​ជា​រួម សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​

1 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យោង​តាម​កិច្ចប្រជុំ​ លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​

​រាជធានីភ្នំពេញ ៖ យោង​តាម​កិច្ចប្រជុំ​ លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​តែ​គិតគូ​រ​ផលិត​បទ​គោរព​ទង់ជាតិ​មួយ​សម្រាប់​ស៊ី​ហ្គេ​ម តប​តាម​ការ​ស្នើ​សុំ​របស់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ដែល​សុំ​ឲ្យ​កម្ពុជា​ជួយ​និពន្ធ​បទ​ភ្លេង គោរព​ទង់​ស៊ី​ហ្គេ​ម សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ពេល​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ក៏​ដូច​ជា​បន្ត​យក​ទៅ​ប្រើប្រាស់​សម្រាប់​ស៊ី​ហ្គេ​ម ក្នុង​ពេល​បន្តបន្ទាប់​។ បើ​កម្ពុជា​ពិតជា​ផលិត​បាន​បទ​រួម​មួយ​សម្រាប់​ស៊ី​ហ្គេ​ម​នេះ​មែន ក៏​ចាត់​ទុក​ថា​គឺជា​មុខមាត់​មួយ​របស់​កម្ពុជា​ផង​ដែរ​។

​លោក​ វ៉ា​ត់ ចំរើន គូសបញ្ជាក់​ថា «​អ្វី​ដែល​ចាប់អារម្មណ៍​ខ្លាំង​បំផុត គឺ​យើង​កំពុង​ធ្វើ​កម្មវិធី​បើក​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ឲ្យ​មាន​លក្ខណៈ​អស្ចារ្យ និង​ទាក់ទាញ​បំផុត​ជាង​កម្មវិធី​ផ្សេង​ៗ​ទៀត​។ នោះ​គឺ​បញ្ហា​លើ​ការ​គោរព​ទង់​ស៊ី​ហ្គេ​ម មិន​ទាន់​មាន​បទ​ភ្លេង ក្នុង​ពេល​គោរព​ទង់ ស៊ី​ហ្គេ​ម នៅឡើយ​ទេ​។ កន្លង​មក ក្នុង​ពេល​គោរព​ទង់​ស៊ី​ហ្គេ​ម បណ្តា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​នានា បាន​ចាក់​បទ​ភ្លេង​ផ្សេង​ៗ ពោល​គឺ​មិន​ទាន់​មាន​បទ​ភ្លេង​១ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​រួម​តែ​មួយ សម្រាប់​ម្ចាស់ផ្ទះ​នីមួយ​ៗ​នោះ​ទេ​។ ដូច្នេះ​ហើយ បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​ឯកភាព​គ្នា​ស្នើ​សុំ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ក្នុង​ពេល​ដែល​​លោក​​បណ្ឌិត​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ជួយ​រៀបចំ​និពន្ធ​បទ​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេ​ម សម្រាប់​ឆ្នាំ​២០២៣ ហើយ​បន្ត​យក​ទៅ​ប្រើប្រាស់ សម្រាប់​ស៊ី​ហ្គេ​ម នា​ពេល​ខាង​មុខជា​បន្តបន្ទាប់​»​។

«​ដូច្នេះ​ក្រោយ​ពី​ចេញពី​ស៊ី​ហ្គេ​ម នៅ​កម្ពុជា​ទៅ ក្រោម​ភាព​ជា​អ្នកដឹកនាំ​របស់​​លោក​​បណ្ឌិត ថោ​ង ខុន ជា​ប្រធាន​ប្តូរ​វេន​នោះ នឹង​ត្រូវ​ចារ​ចូល​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​អាស៊ាន​ថា បទ​ភ្លេង​គោរព​ទង់​ស៊ី​ហ្គេ​ម​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ស៊ី​ហ្គេ​ម លើក​ទី​៣២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ កន្លែង​នេះ​គឺជា​ចំណុច​ពិសេស ដែល​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​សម្រេច ដើម្បី​ជា​មោទនភាព​ជាតិ​កម្ពុជា​យើង​ទាំងមូល ក៏​ដូច​ជា​បង្ហាញ​ជូន​មិត្ត​អន្តរជាតិ​ថា កម្ពុជា​ពិតជា​មាន​សមត្ថភាព​អាច​ធ្វើ​ទៅ​បាន ដោយ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ប្រែប្រួល​លក្ខណៈ​ពិសេស​លើ​ចំណុច​មួយ​ចំនួន​»​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន​។

ក្រៅពី​ចំណុច​សំខាន់​នេះ ​លោក​​អគ្គលេខាធិការ ក៏​បាន​បន្ថែម​ថា ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ​លោក​​បណ្ឌិត ថោ​ង ខុន បន្ត​ដឹកនាំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ដោយ​គ្រោងឆ្អឹង​សំខាន់​ៗ ប្រក្រតីទិន​ការងារ ផែនការ​សកម្មភាព​ការងារ គ្រប់​គណៈកម្មការ​ជំនាញ​របស់​ខ្លួន ត្រូវ​បាន​រៀបចំ​រួចរាល់​អស់ហើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​លម្អិត​នៃ​តួនាទី​ភារៈកិច្ច​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បាន​ជ្រួតជ្រាប​កាន់តែ​ស៊ីជម្រៅ​លើ​កម្មវិធី​បើក​-​បិទ​លម្អិត ឬ​លំហូរ​នៃ​កម្មវិធី​នីមួយ​ៗ ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ ឲ្យ​កាន់តែ​ច្បាស់លាស់ រួម​ទាំង​ផ្ទាំងទស្សនីយភាព​សម្តែង​ពី​មួយ​ទៅ​មួយ​ជាដើម​។ ការ​រៀបចំ​កម្មវិធី​ទាំងអស់​យ៉ាង​លម្អិត​នេះ គឺ​ដើម្បី​សម្រួច​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​រលូន មិន​ឲ្យ​មាន​អ្វី​ដែល​ជា​ឧ​ប​សគ្គ​នោះ​ឡើយ​។

អ្វី​ដែល​កំពុង​ធ្វើ​នា​ពេល​នេះ គឺ​លម្អិត​ទៅ​លើ​ការ​សម្តែង ទាំង​ការ​សម្តែង សម្លៀក​បំពាក់ បទ​ចម្រៀង​ជាដើម​នោះ គឺ​ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

នៅ​ខែ​ក្រោយ​នេះ CAMSOC នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការ​ការ​បញ្ចាំង​រូបភាព 3D ជាមួយនឹង​អ្នកជំនាញ​ការ​មក​ពី​ប្រទេស​ចិន ដោយ​ក្នុង​នោះ យើង​នឹង​បន្ស៊ី​គ្នា​ជាមួយ​ការ​ដាក់​ប​ញ្ជូ​ល​នូវ​មូលដ្ឋាន​នៃ​វប្បធម៌ អរិយធម៌​ខ្មែរ ទៅ​ក្នុង​បច្ចេកវិទ្យា​ទំនើប ដើម្បី​ធ្វើ​ឲ្យ​ផ្ទាំងទស្សនីយភាព​នៃ​ពិធី​បើក​បិទ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ កាន់តែ​អស្ចារ្យ និង​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​របស់​កម្ពុជា​ ៕