ខេត្តស្ទឹងត្រែង ៖ ក្នុងរដូវបិទនេសាទដែលអនុវត្តន៍ចាប់ខែមិថុនា រហូតដល់ខែកញ្ញា ពោលរយៈពេល១៥០ថ្ងៃកន្លងទៅ មន្ត្រីជំនាញរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទ បានរឹតបន្តឹងនូវរាល់សកម្មភាពនេសាទដោយខុសច្បាប់ ព្រមទាំងដកហូតវត្ថុតាងឧបករណ៍នេសាទល្មើសច្បាប់ និងឃាត់ខ្លួនអប់រំអ្នកនេសាទប្រមាណ១០០០នាក់នាកំឡុងបិទនេសាទ ។
លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានលើកឡើងថា ក្នុងរដូវបិទនេសាទឆ្នាំនេះ ចាប់ពីខែមិថុនា ដល់ខែកញ្ញា អាជ្ញាធរនិងសហគមន៍ពាក់ព័ន្ធ បានធ្វើការចុះល្បាតតាមដងទន្លេដោយសង្កេតឃើញថា ប្រជានេសាទជាច្រើនបាននឹងកំពុងចូលរួមអភិរក្សត្រីល្អជាងឆ្នាំកន្លងៗមក ។ លោកបានបន្តថា ទន្ទឹមនឹងនោះមានប្រជានេសាទ ដែលត្រូវបានអប់រំ ចំនួន៤៧៧នាក់ ដែលបានប្រើអួនបណ្តែតទឹកនៅក្នុងតំបន់ការពារក្នុងរដូវបិនេសាទផងដែរ ។
លោកបន្តទៀតថា អ្នកនេសាទចំនួន២២៦នាក់ គឺតម្រូវឱ្យធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការនេសាទបន្តទៀត ក្នុងរដូវបិទនេសាទឆ្នាំក្រោយ ។ ចំណែកឈ្មួញ៣២នាក់ ក៏ត្រូវបានឱ្យធ្វើកិច្ចសន្យាឱ្យឈប់ទិញត្រី ដែលចាប់បានដោយខុសច្បាប់នេះដែរ។ ក្នុងនោះអាជ្ញាធរ ក៏បានបញ្ជូនសំណុំរឿងចំនួន៥ករណី ទៅតុលាការ ពាក់ព័ន្ធបទល្មើសនេសាទដោយខុសច្បាប់ផងដែរ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងរូបនេះក៏បានបញ្ជាក់ថា ក្នុងកំឡុងនៃការបិទនេសាទរយៈពេល៤ខែ មន្ត្រីជំនាញបានសហការជាមួយសហគមន៍ពាក់ព័ន្ធ ចុះល្បាតជាង១០០កន្លែងនឹង រឹបអូសស្បៃអួននេសាទក្នុងតំបន់ហាមឃាត់ដោយខុសច្បាប់ប្រវែង៤.២១០ម៉ែត្រ និងអប់រំ អ្នកនេសាទជាង១.០០០ នាក់។
សូមបញ្ជាក់ថា នៅរដូវនេសាទបានបើកអោយនេសាទទូលំទូលាយ គឺចាប់ពីថ្ងៃទី១តុលាតទៅ ហើយរដ្ឋបាលជលផលខេត្ត ក៍បានក្រើនរំលឹកដល់ប្រជានេសាទទាំងអស់ ឱ្យបន្តការពារប្រភេទត្រីសំខាន់ៗ និងប្រភេទត្រីមេពូជ ដោយគោរពច្បាប់ស្តីពីច្បាប់ជលផលនិងការនេសាទក្នុងតំបន់ការពារ តំបន់ហាមឃាត់ ឬការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់ប្រភេទត្រីដោយកម្រនិងជិតផុតពូជ ៕
ចែករំលែកព័តមាននេះ