ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​បារម្ភ​! តារា​កំប្លែង​ជើង​ចាស់​លោកតា ហ្វុ​យ ហ្ស៊ូ កំពុង​​ព្យាបាល​នៅ​បន្ទប់ ICU

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​កំប្លែង​ជើង​ចាស់​តាំងពី​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ លោក ស៊ូ សា​វាង ហៅ​លោកតា ហ្វុ​យ ហ្ស៊ូ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​ធ្

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​កំប្លែង​ជើង​ចាស់​តាំងពី​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ លោក ស៊ូ សា​វាង ហៅ​លោកតា ហ្វុ​យ ហ្ស៊ូ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​ធ្វើការ​ព្យាបាល​ជំងឺ​ចាស់​របស់​លោក​ដែល​បាន​រើ​ឡើង​។ បច្ចុប្បន្ន​លោក​កំពុង​សំរាក​នៅ​ក្នុង ICU មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ដោយ​មាន​ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ និង​មានទឹក​ដក់​ក្នុង​សួត ហើយនឹង​រលាក​តំរង់​នោម​ផង​ដែរ​។

លោក ឡុ​ង វណ្ណៈ ដែល​កូនប្រុស​របស់​លោក​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​កាលពី​ម្សិលមិញ​ថា ឪពុក​របស់​លោក (​លោកតា ហ្វុ​យ ហ្ស៊ូ​) បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​៩​ថ្ងៃ​មក​ហើយ ហើយ​បាន​ចូល​មក​សំរាក​ព្យាបាល​នៅ​បន្ទប់ ICU នេះ បាន​៤​យប់​៥​ថ្ងៃ​ហើយ​ដែរ​។

លោក​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ អាកា​រៈ​របស់​ឪពុក​លោក​នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ ដោយសារ​ជំងឺ​គាត់​អាច​ប្រែប្រួល​គ្រប់ពេលវេលា និង​ត្រូវ​សំរាក​ពេទ្យ​យូរថ្ងៃ ពោល​គឺ​ប្រមាណ​១៤​ថ្ងៃ​ឡើង​។

លោក​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ គាត់​ធ្វើទុក្ខ​ខ្លាំង តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គាត់​អត់​ធ្វើទុក្ខ​ទេ ដោយសារ​ពេទ្យ​ទើប​ប្តូរ​ថ្នាំ​ថ្មី​អោយ​។ លោក​បន្ថែម​ថា រាល់ដង គឺ​គាត់​ធ្វើទុក្ខ​ពេល​ព្រលប់ និង​ពេល​ព្រលឹម ហើយ​ពេល​ធ្វើទុក្ខ គឺ​ក្តៅខ្លួន ក្អក ហត់ និង​បេះដូង​ដើរ​ញាប់។

លោក​បញ្ជាក់​ថា ឪពុក​របស់​លោក​ហូប​អ្វី​មិនសូវ​បាន​ឡើយ ខណៈ​ដៃជើង​ហើម ដោយសារ​ប្រើ​សារ៉ូ​ម​ច្រើន​លើស​ជាតិ​ទឹក​ក្នុង​ខ្លួន​។ យ៉ាង​ណា បើ​តាម​លោក ឡុ​ង វណ្ណៈ បន្ត​ថា ជំងឺ​របស់​ឪពុក​លោក​នា​ពេល​នេះ គឺ​មាន​យូរហើយ ហើយ​ក៏​ធ្លាប់​ព្យាបាល​ជា​រួច​ហើយ​ដែរ គឺ​ជំងឺរបេង​កាលពី​ជិត​២០​ឆ្នាំ​មុន​។

ឈ្មោះ ស៊ូ សា​វ៉ាង ហៅ​លោកតា ហ្វុ​យ ហ្ស៊ូ បច្ចុប្បន្ន​មាន​វ័យ​៧៩​ឆ្នាំ និង​មានកូន​៨​នាក់ (​ប្រុស​៧ ស្រី​១) ក្នុង​នោះ​មានគ្រួសារ​៧​នាក់ នៅ​តែ​កូន​ទី​៨ គឺ​លោក ឡុ​ង វណ្ណៈ នេះ មិន​ទាន់​មានគ្រួសារ ហើយ​ក៏​ជា​អ្នក​ស្នង​ដឹកនាំ​ក្រុម​សម្តែង​សិល្បៈ​របាំ​ជំនួស​ឪពុក​របស់​លោក​ផង​ដែរ​។ ក្រៅពី​ការងារ​សិល្បៈ​លោកតា ហ្វុ​យ ហ្ស៊ូ ក៏​ជា​អតីតមន្ត្រី​រាជការ​នៅ​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ តែ​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ហើយ​។

ក្នុង​នាម​ក្រុម​គ្រួសារ​ម្នាក់​របស់​លោកតា ហ្វុ​យ ហ្ស៊ូ លោក ឡុ​ង វណ្ណៈ សុំ​ការ​សណ្តោស​ប្រពៃ​ពី​ថ្នាក់ដឹកនាំ និង​សប្បុរសជន​នានា មេត្តា​ជួយ​ឧបត្ថម្ភ​សម្រាប់​ការ​ព្យាបាល​ឪពុក​របស់​លោក​នា​ដង្ហើម​ចុង​ក្រោយ​នេះ​ផង​។ លោក​បញ្ជាក់​ថា ការ​សម្រាក​ព្យាបាល​ក្នុង​បន្ទប់ ICU នៃ​មន្ទីរពេទ្យ​នេះ គឺ​មាន​តម្លៃ​ថ្លៃ​លើស​ពី​សមត្ថភាព​គ្រួសារ​របស់​លោក ខណៈ​ពេល​ការ​សម្រាក​ព្យាបាល​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុម​គ្រួសារ​លោក​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​១​ម៉ឺន​៥​ពាន់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ