ប្រទេសចិន ៖ អ្នកទទួលខុសត្រូវមូលដ្ឋានចិនម្នាក់អះអាងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះថា មនុស្សយ៉ាងតិច១៥នាក់ បានបាត់បង់ជីវិត ដោយសារទឹកជំនន់ដ៏អាក្រក់ នៅភាគខាងជើងចិន តែអណ្ដូងរ៉ែធ្យូងថ្មភាគច្រើននៅទីនោះដែលមុននេះត្រូវបិទ បានបើកវិញហើយ។
ខេត្តសាន់ស៊ី ជាខេត្តមួយតាមធម្មតាជួបប្រទះនឹងភាពរាំងស្ងួតនោះ កាលពីសប្ដាហ៍មុនក្នុងអំឡុងពេលត្រឹម៥ថ្ងៃ កម្រិតទឹកភ្លៀងមានដល់៣ដងខ្ពស់ជាងកម្រិតទឹកភ្លៀង តាមលក្ខណៈធម្មតា សម្រាប់ខែតុលាទាំងមូល។ នៅមុខសារព័ត៌មានលោក WANG QIRUI អ្នកទទួលខុសត្រូវម្នាក់ នៃផ្នែកសង្គ្រោះខេត្តសាន់ស៊ី បញ្ជាក់ថា មនុស្ស១៥នាក់បានស្លា.ប់ក្រោយគ្រោះមហន្តរាយ ហើយមនុស្ស៣នាក់ទៀតនៅតែបាត់ខ្លួន។ អគារ ឬផ្ទះមិនតិចជាង១៩.០០០ខ្នងទេរងការបំផ្លាញ និង១៨.០០០ខ្នងទៀតរងការខូតខាតធ្ងន់ធ្ងរ។ ប្រជាជនយ៉ាងតិច១២០.០០០នាក់ត្រូវបានជម្លៀសចេញ។
ខាងផ្នែកសេដ្ឋកិច្ចវិញក្នុងចំណោមអណ្ដូងរ៉ែធ្យូងថ្ម ប្រមាណជា៦០កន្លែងរបស់ខេត្តនេះ ដែលត្រូវផ្អាកសកម្មភាពឥឡូវនៅសល់តែ៤កន្លែងទៀតទេដែលនៅបិទ។ ការផ្អាកផលិតកម្មនៅអណ្ដូងរ៉ែធ្យូងថ្មទាំងនេះ នាំឲ្យមានភាពកាន់តែអាក្រក់ថែមទៀត ក្នុងពេលដែលផលិតកម្មអគ្គិសនីចិន ជួបការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ស្រាប់ដោយសារ សេចក្ដីត្រួវការអគ្គិសនីខ្លាំងសម្រាប់ឧស្សាហកម្ម ក្នុងដំណាក់កាលងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ធ្យូងថ្មតាមធម្មតាធានាដល់៦០%នៃផលិតកម្មអគ្គិសនីរបស់ចិន។ ការផ្ដាច់ភ្លើងកើតមានរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅ ក្នុងតំបន់ជាច្រើន ដែលបណ្ដាលឲ្យស្ទះដល់សកម្មភាពឧស្សាហកម្ម។
ប្រឈមមុខនឹងកង្វះខាតអគ្គិសនី អាជ្ញាធរចិន ផាត់ចោលមួយឡែកសិនមហិច្ឆតារបស់ខ្លួន ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ