២ថ្ងៃ កើតមានអំពើលួចប្លន់ ៣ករណីនៅខេត្តព្រៃវែង ចាប់បានជនសង្ស័យ ៣នាក់
ខេត្តព្រៃវែង ៖ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១០-១១ តុលា នៅខេត្តព្រៃវែង កើតមានអំពើចោរលួច ចោរប្លន់ដល់ទៅ ០៣ករណី ដែលក្នុងនោះ…
ខេត្តព្រៃវែង ៖ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១០-១១ តុលា នៅខេត្តព្រៃវែង កើតមានអំពើចោរលួច ចោរប្លន់ដល់ទៅ ០៣ករណី ដែលក្នុងនោះ…
ខេត្តព្រៃវែង ៖ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១០-១១ តុលា នៅខេត្តព្រៃវែង កើតមានអំពើចោរលួច ចោរប្លន់ដល់ទៅ ០៣ករណី ដែលក្នុងនោះ នៅស្រុកពារាំង ចំនួន ០២ករណី និងនៅស្រុកពាមរក៌ ចំនួន ០១ករណី ប៉ុន្តែក្នុងនោះ សមត្ថកិច្ច ក៏ធ្វើការស្ទាក់ចាប់ក្រុមជនសង្ស័យ បានចំនួន ៣នាក់ផងដែរ ។
យោងតាមរបាយការណ៌របស់សមត្ថកិច្ច បានអោយដឹងថា កាលពីថ្ងៃទី១០ តុលា បានកើតមានអំពើប្លន់ បានសម្រេចចំនួន ០២ករណី ដែលករណីទី១ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច នៅចំណុចខាងលិច ការ៉ាស់សាំងច្រមុះជ្រូក ផ្សារកំពង់ពពិល ចម្ងាយ ៥០ម៉ែត្រ ជនសង្ស័យមានគ្នាជាច្រើននាក់ ក្នុងនោះមានស្រីម្នាក់ បានជិះម៉ូតូ៤គ្រឿង បានជិះមកស្ទាក់ម៉ូតូជនរងគ្រោះឈ្មោះ ប៊ុង ប៊ុនថេង ភេទប្រុស អាយុ២៧ឆ្នាំ រួចវាយជនរងគ្រោះដណ្តើមយកម៉ូតូ បានសម្រេច រួចជិះរត់គេចខ្លួនទៅទិសខាងលិចបាត់អស់ទៅ ។
ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៣យប់ ឈានចូលព្រឹកថ្ងៃទី១១តុលា នៅលើកំណាត់ផ្លូវជាតិលេខ១១ ត្រង់ចំណុចភូមិ និងឃុំព្រៃកណ្តៀង ស្រុកពាមរក៌ ដោយជនសង្ស័យមានគ្នាចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះឈ្មោះ ទឹម ទន ភេទប្រុស អាយុ៤៤ឆ្នាំ ដែលកំពុងជិះម្នាក់ឯងដើរដាក់លបអន្ទង់ បណ្តាលអោយដួលម៉ូតូ រួចដណ្តើមយកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនបានសម្រេច ។
របាយការណ៌របស់សមត្ថកិច្ច បានអោយដឹងបន្តថា នៅថ្ងៃទី១១ តុលា ក៏បានកើតមានករណីចោរកម្ម ២លើកទៀត នៅស្រុកពារាំង តែជនសង្ស័យ ស្ថិតក្នុងក្រុមតែ១ ដោយនៅវេលាម៉ោង៩ព្រឹក ក្រុមជនសង្ស័យ មានគ្នា៥នាក់ បានជិះម៉ូតូកង់បីឥណ្ឌា ១គ្រឿងពណ៌ស ចូលទៅធ្វើសកម្មភាព លួចយកម៉ូតូ១គ្រឿង បានសម្រេច ពីចំណុចភូមិសន្លុង ឃុំរកា ស្រុកពារាំង ហើយក្រុមជនសង្ស័យ ២នាក់ បានជិះម៉ូតូ ដែលលួចបាន រត់គេចខ្លួនបាត់ទៅ ។
ដោយឡែក នៅសល់៣នាក់ទៀត ពួកគេបានបន្តជិះម៉ូតូកង់បីឥណ្ឌា ធ្វើដំណើរមកដល់ឃុំមេសរប្រចាន់ ស្រុកពារាំង នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ពួកគេក៏បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងទៀត ដែលម្ចាស់ឈ្មោះ មឿន សុខឃឿន ភេទប្រុស អាយុ៤០ឆ្នាំ បានទុកចោលនៅលើភ្លឺស្រែ ហើយចុះដើរមើលទឹកក្នុងស្រែ ប៉ុន្តែពេលដែលជិះចេញមក ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ ហើយស្រែកឆោឡោឡើង និងបានទូរសព្ទប្តឹងប៉ូលីសប៉ូស្តិ៍រដ្ឋបាល សហការជាមួយប្រជាការពារ និងកម្លាំងប្រជាពលរដ្ឋ ចេញស្ទាក់ចាប់បានក្រុមជនសង្ស័យទាំង៣នាក់ភ្លាមៗ រួមជាមួយវត្ថុតាង ជាម៉ូតូរបស់ជនរងគ្រោះ ។
ក្រោយត្រូវចាប់ឃាត់ខ្លួនបាន ក្រុមជនសង្ស័យ បានឆ្លើងសារភាពថា ពួកគេមានគ្នាចំនួន៥នាក់ ប៉ុន្តែ២នាក់ទៀត បានជិះម៉ូតូ ដែលលួចបានពីឃុំរកា យកទៅបាត់ហើយ ដែលក្នុងនោះម្នាក់ឈ្មោះ ចិត្ត ភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេង ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង២ មានទីលំនៅក្នុងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី ហើយសមត្ថកិច្ចក៏កំពុងតាមស្វែងរកចាប់ខ្លួនបក្សពួកដែលកំពុងរត់គេចខ្លួន ២នាក់ទៀត ផងដែរ ៕
ចែករំលែកព័តមាននេះ