ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួចម៉ូតូពលរដ្ឋ ពីផ្សារព្រំ ខេត្តប៉ៃលិន ទៅជាប់អន្ទាក់សមត្ថកិច្ចស្រុកកំរៀង ខេត្តបាត់ដំបង

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា នៅវេលា​ម៉ោង ៩ និង ២០​នាទី​ព្រឹក ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១…

ខេត្ត​ប៉ៃលិន​៖ មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យដឹងថា នៅវេលា​ម៉ោង ៩ និង ២០​នាទី​ព្រឹក ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ បានទទួល​ពាក្យបណ្តឹង​ករណី​បាត់​ម៉ូតូ ចំនួន ១​គ្រឿង នៅ​ចំណុច​បន្ទប់​ជួល ក្រោយ​សាលា​ឯកជន​មួយ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន ពី​យុវជន​ម្នាក់ ឈ្មោះ ឡេង សុភា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយបាន​បាត់​ម៉ូតូ​មួយគ្រឿង ម៉ាក Honda Zoomer-X ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1P-7488​។​

​ប្រភព​បន្តទៀតថា នៅវេលា​ម៉ោង ១ និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១ គាត់​បាន​ជិះ​ម៉ូតូ​ចេញទៅ​ទិញ​មី​កំប៉ុង​ហូប ហើយក៏​ជិះ​មកវិញ ដោយ​ចាក់​សោក​ម៉ូតូ ទុក​ក្រោម​ជណ្ដើរ​ផ្ទះ រួច​ក៏​ឡើងទៅ​លើផ្ទះ​ចូល​គេង​នៅ​ខាងក្នុង​បន្ទប់ លុះ​ព្រឹក​ឡើង ស្រាប់តែ​បាត់​ម៉ូតូ រក​មិនឃើញ ទើប​ដឹងថា មាន​ចោរ​ចូល​លួច​។ 

​ប្រភព​បញ្ជាក់ថា ក្រោយ​ទ​ទួ​ក​ពាក្យបណ្ដឹង​ពី​ម្ចាស់​ម៉ូតូ​ខាងលើ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​សាលា​ក្រៅ បាន​សុំ​ការសហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង ដើម្បី​ជួយ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ លុះ​មកដល់​វេលា​ម៉ោង ១១ និង ៣០​នាទី ថ្ងៃទី​១១ ខែតុលា​នេះ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ០២​នាក់ និង​ម៉ូ​តួ​ចំនួន ០១​គ្រឿង នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​លោក​អធិការ​ស្រុក​សាលា​ក្រៅ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង ២​នាក់ គឺ​ទី​១-​ឈ្មោះ វិ​មុត សិរី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កូន​ខ្លុង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។ ទី​២-​ឈ្មោះ ម៉េង គឹម​ឡុង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន​។​

​ក្រោយ​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​ជំនាញ​អធិការ​ស្រុក​សាលា​ក្រៅ បាន​យក​ជនសង្ស័យ​ទាំង ២​នាក់ និង​វត្ថុតាង​ខាងលើ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ