ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ច្រាំង​​​ទន្លេមេគង្គស្ទើរ​ដល់​លំនៅ​ដ្ឋា​ន​ពល​រដ្ឋ អភិ​បាលខេត្ត​ចុះ​អន្តរាគមន៍​ជា​បន្ទាន់

2 ឆ្នាំ មុន
  • កំពង់ចាម

ច្រាំង​ទន្លេមេគង្គ បាន​បាក់​ស្រុត​ស្ទើរតែ​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ស្រុក​កង​មាស គួរ​ឲ្យ​ព្រួយបារម្ភ​។ ដោយ​មើលឃើញ​ពី​ការ​លំបាក​នេះ

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេមេគង្គ បាន​បាក់​ស្រុត​ស្ទើរតែ​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ស្រុក​កង​មាស គួរ​ឲ្យ​ព្រួយបារម្ភ​។ ដោយ​មើលឃើញ​ពី​ការ​លំបាក​នេះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត រួម​នឹង​សហការី​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ព្រមទាំង​រក​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​ធ្វើ​យ៉ាងណា​ការពារ​កុំ​ឲ្យ​ច្រាំង​បាក់​ដល់​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​។

លោក​ភោគ សា​វុ​ធ អភិបាលស្រុក​កងមាស បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​ជា​បន្តបន្ទាប់​មក​លើ​ភូមិ​ល្វា​លើ ដែល​នៅ​ជាប់​នឹង​ច្រាំង​ទន្លេ ព្រមទាំង​មានទឹក​ដក់​ជា​ច្រើន​ទៀត​ផង ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ជ្រាប​ចូល​ទៅ​ក្រោម​ដី និង​ហូរ​ចេញ​មក​តាម​ច្រាំង​ទន្លេ បណ្ដាល​ឱ្យ​បាក់​ច្រាំង​បន្តិច​ម្ដង​ៗ ព្រោះតែ​គ្មាន​ប្រព័ន្ធ​លូ​សម្រាប់​បង្ហូរទឹក​ចេញ​ទៅ​កន្លែង​ណាមួយ​នោះ​ទេ​។

អភិបាលស្រុក​កងមាស ប្រាប់​បន្ត​ថា ក្រោយ​ពី​ទទួល​ដំណឹង​នៅ​ឃុំ​ស្ដៅ មានការ​បាក់​ច្រាំង​ទន្លេ​បណ្ដោយ​ប្រព័ន្ធ​តាម​ចរន្តទឹក​ហូរ​ប្រវែង​ប្រមាណ​ជិត​២០០​ម៉ែត្រ​នោះ ត្រូវ​បាន​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់ ។ ជាមួយ​នោះ ក៏​បាន​ណែនាំ​ឲ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​សហការ​ជាមួយ​សាធារណការ​ខេត្ត រៀបចំ​ដាក់​ប្រព័ន្ធ​លូ ដើម្បី​បង្ហូរ​ទឹកភ្លៀង​ឱ្យ​ចាក​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​។

អភិបាលស្រុក​កងមាស បាន​ប្រាប់​បន្ត​ថា នៅ​ក្នុង​ជំហាន​ដំបូង អាជ្ញាធរ​ខេត្ត​បាន​ជួយ​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត​ចំនួន​១០​កាន​ស្មើនឹង​៣០០​លី​ត្រ ដើម្បី​បូមទឹក​ភ្លៀង​ដែល​ដក់​នៅ​តាម​រណ្ដៅ​ដី​ក្នុងភូមិ​ល្វា​លើ ចេញ​ឲ្យ​អស់​។ ជាមួយ​នោះ ក៏​នឹង​ត្រៀម​ធ្វើ​ប្រព័ន្ធ​លូ​សម្រាប់​បង្ហូរទឹក​ផង​ដែរ​។

អភិបាលស្រុក​កងមាស ប្រាប់​បន្ត​ទៀត​ថា សមិទ្ធផល​ទាំងនេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នាំ​គ្នា​អបអរសាទរ​នឹង​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត​។​ហើយ​ចំពោះ​លំនៅ​ដ្ឋា​ន​ដែល​ប្រឈម​នឹង​ការ​រុះរើ​ចំនួន​៥​ខ្នង ក្នុង​នោះ​មាន​មួយ​ខ្នង​មិន​មាន​ដី​សម្រាប់​សាងសង់​លំនៅ​ដ្ឋា​ន ហើយ​ត្រូវ​បាន​ឯកឧត្តម​អភិបាលខេត្ត ចាត់​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះ​ជួយ​ធ្វើការ​សម្របសម្រួល ដើម្បី​រក​ដី​នៅ​ទីតាំង​ណាមួយ​ឲ្យ​ពលរដ្ឋ​បាន​សាងសង់​ផ្ទះ​នៅ​ជា​បណ្ដោះអាសន្ន​សិន​។ ហើយ​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ ច្រាំង​ទន្លេ​ត្រង់​ចំណុច​ភូមិ​ល្វា​លើ ក៏​បាន​បាក់​នៅ​ផ្នែក​ខាង​មុខ ក្នុង​គ្រានោះ​មាន​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ចំនួន​៦​ខ្នង ក៏​ត្រូវ​បាន​រុះរើ​ទាំងស្រុង ហើយ​មក​ដល់​ពេល​នេះ​ច្រាំង​បាក់​នៅ​ផ្នែក​ខាងក្រោយ​ម្ដង​។

អភិបាលស្រុក​កងមាស​រម្លឹក​ថា នា​ពេល​កន្លង​ទៅ នៅ​ព្រែក​អន្លង់​គគីរ​ត្រើយម្ខាង ក្នុង​ឃុំ​ព្រែក​កុយ និង​ត្រើយម្ខាង​ទៀត​នៅ​ឃុំ​ស្ដៅ ស្រុក​កងមាស ក្នុង​រដូវ​ទឹកទន្លេ​បាន​ស្រក​ទៅ​វិញ ធ្វើ​ឲ្យ​ច្រាំង​បាន​បាក់​ដោយ​មាន​ទាំង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ តែ​មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ​។ ហើយ​ទីតាំង​ច្រាំង​បាក់​ទាំង​សង្ខាង​នេះ ក៏​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត បាន​ធ្វើការ​ជួសជុល​រួចរាល់​ហើយ មិន​មាន​បាក់​បន្ត​ទៀត​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ