ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើតេស្ត​រហ័ស​លើ​គ្រូ​បង្រៀង​១៥០០​នាក់ រក​ឃើញ​​​​ផ្ទុក​កូ​វី​ដ​​​ចំនួន​១៥៨​នាក់

2 ឆ្នាំ មុន
  • កំពង់ចាម

កំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដោយ​តម្រូវ​ឲ្យ

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដោយ​តម្រូវ​ឲ្យ​គ្រូបង្រៀន​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា រហូត​ដល់​ថ្នាក់​វិទ្យាល័យ ដែល​មាន​គ្រូ​សរុប​ចំនួន​១៥០០​នាក់ ក្នុង​នោះ​រួម​មាន​ទាំង​គ្រូ​ជាប់កិច្ចសន្យា​ផង​ដែរ តាម​រយៈ​ការ​ធ្វើតេស្ត​ដោយ​ឧបករណ៍ rapit test ជា​លទ្ធផល គឺ​រក​ឃើញ​មាន​គ្រូ​ចំនួន ១៥៨​នាក់​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​ក៏​ត្រូវ​បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ​។

លោក អូត ឈាង​លី អភិបាលស្រុក​ជើងព្រៃ បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១​ថា ចំពោះ​គ្រូបង្រៀន​នៅ​ក្នុងស្រុក​ជើងព្រៃ​ទាំងមូល ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា រហូត​ដល់​វិទ្យាល័យ ដែល​មាន​គ្រូបង្រៀន​សរុប​ចំនួន​៧៧៦​នាក់ ។ ហើយដោយ​យោង​តាម​ការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​ជា​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត គ្រូ​ទាំងអស់ ត្រូវ​បាន​ចាប់ផ្ដើម​ធ្វើតេស្ត នៅ​ថ្ងៃ​ទី​៩ ខែតុលា ក្នុង​ជំហាន​ដំបូង ក៏​ស្រាប់តែ​រក​ឃើញ​ចំនួន​១៨​នាក់​ដែល​សុទ្ធសឹងតែ​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​កម្រិត​ស្រាល​។ ជាមួយ​គ្នា​នោះ ដោយ​មានការ​ឯកភាព​ពី​គណៈកម្មការ​ចម្រុះ​គ្រូ​ទាំង​១៨​នាក់ ក៏​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​។

អភិបាលស្រុក​ជើងព្រៃ ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈ​ការ​ធ្វើតេស្ត​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ជំងឺ​កូ​វី​ដ​ឆ្លង​ពី​គ្រូ​ទៅ​សិស្ស ចំណែក​សិស្ស​វិញ​ដែល​បាន​ចាក់​វ៉ាក់សាំង​ក៏​ត្រូវ​ពាក់​ប័ណ្ណ​នោះ​មក​រៀន​ឲ្យ​បាន​ទៀងទាត់​ហើយ​បើ​សិស្ស​ណា​ម្នាក់​មិន​បាន​ចាក់​វ៉ាក់សាំង គឺ​មិន​អនុ​ញ្ញាត​ឲ្យ​ចូល​រៀន​នោះ​ទេ​។ ចំពោះ​គ្រូ​វិញ ដែល​នៅ​សល់​នឹង​ធ្វើតេស្ត​បន្ត​ទៀត ដើម្បី​រក​ជំងឺ​កូ​វី​ដ​ធ្វើ​យ៉ាងណា បង្ការ​ការពារ​កុំ​ឲ្យ​ជំងឺ​នេះ ឆ្លង​ចូល​ក្នុង​សហគមន៍​។

ចំណែក​លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​វិញ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ខេត្តកំពង់ចាម ទាំង​មូល​គ្រូ​ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ រហូត​ដល់​កម្រិត​វិទ្យាល័យ​សរុប​មាន​ចំនួន​១៥០០​នាក់ បូក​រួម​ទាំង​គ្រូ​ជាប់កិច្ចសន្យា​ផង​ដែរ​។ ដោយ​ផ្អែក​តាម​ការ​ធ្វើតេស្ត​ដោយ​ឧបករណ៍​រហ័ស​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១ ក្នុង​នោះ​បាន​រក​ឃើញ​គ្រូ​ផ្ទុក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១៥៨​នាក់ ហើយ​ចំពោះ​មុខ​វិជ្ជា​ដែល​គ្រូ​មាន​ជំងឺ​ត្រូវ​ផ្អាក​រៀន​មុខ​វិជ្ជា​នោះ ដោយឡែក​មុខ​វិជ្ជា​ផ្សេង​ទៀត គឺ​រៀន​ធម្មតា​។​ហើយ​ពេល​ណា​ដែល​គ្រូ​ព្យាបាល​ជំងឺ​ជា​សះស្បើយ​នឹង​ចូល​មក​បង្រៀន​វិញ​។ ចំពោះ​លទ្ធផល​ធ្វើតេស្ត​នឹង​ដឹង​យ៉ាង​យូរ​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១០ ខែតុលា​នេះ​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ជំងឺ​កូ​វី​ដ បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្នុង​ខេត្តកំពង់ចាម គឺ​រក​ឃើញ​នៅ​លើ​នាវា​ទេសចរណ៍​ដឹក​ចម្រុះ​ជាតិ​សាសន៍ ដែល​បាន​មក​ចូល​ចត​នៅ​ច្រាំង​ទន្លេមេគង្គ ជិត​ក្រោម​ស្ពាន​គី​ហ្សុ​ណា​។ ជាមួយ​នោះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត រួម​នឹង​ស្ថាប័ន​ជំនាញ​សុខាភិបាល​បាន​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ធ្វើ​យ៉ាងណា​ត្រូវ​ចេះ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​។

លុះ​មក​ដល់​ពេល​នេះ ថ្នាក់ដឹកនាំ​ខេត្ត​នៅ​តែ​បន្ត​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​ទីប្រជុំជន​តាំងពី​ក្រុង​កំពង់​ចាម រហូត​ដល់​តំបន់​ជនបទ សម្រាប់​ទីតាំង​ព្យាបាល​កូ​វី​ដ​កម្រិត​ស្រាល​ត្រូវ​បាន​លើក​ទៅ​ដាក់​នៅ​ឃ្លាំង​ទៀត​តិច​កម្ម​ចំនួន​៣​អគារ ស្ថិត​ក្នុងស្រុក​កំពង់សៀម ដែល​រហូត​មក​ដល់​ពេល​នេះ ក្រុម​ជាង​ជួសជុល​ជិត​រួចរាល់​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ