ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រុងប្រយ័ត្ន! ទឹកស្ទឹង​ព្រែក​ត្នោត​កំពុង​ហក់​ឡើង​​ខ្លាំង​៤​ថ្ងៃ​មក​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​រយៈពេល​៤​ថ្ងៃ​មកនេះ​ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង​យ៉ាង​គំហុក​ និង​

​រាជធានី​ភ្នំពេញ​ ៖ ​រយៈពេល​៤​ថ្ងៃ​កន្លង​មកនេះ​ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង​យ៉ាង​គំហុក​ និង​បណ្ដាល​ឲ្យ​ហូរ​ចូល​លិច​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួម​ទាំង​ផ្ទះ​មួយ​ចំនួន​ទៀត ដែល​ស្ថិត​នៅ​នៅ​កៀក​ជាប់​និង​មាត់​ស្ទឹង​នេះ​ផង​ដែរ​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់មាត់​ស្ទឹង​ព្រែក​ត្នោត​នេះ​បាន​និយាយ​ថា នៅ​ក្នុង​រដូវវស្សា​ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ខែតុលា គឺ​ទឹកស្ទឹង​ព្រែក​ត្នោត​តែងតែ​ជន់​ឡើង​យ៉ាង​ទៀងទាត់​ពុំដែល​ខកខាន​មួយ​ឆ្នាំ​ណា​ឡើយ ។ ​ដោយ​គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ​ខ្លះ​បើ​មាន​ភ្លៀង​ធ្លាក់​នៅ​ឯ​ក្នុង​ខេត្តកំពង់ស្ពឺ​ខ្លាំង ទឹកស្ទឹង​ក៏​ជន់​ឡើង​ខ្លាំង​រហូត​ក្លាយជា​ទឹកជំនន់ ជន់​ហូរ​ផ្ដាច់​ទំនប់​ផ្ដាច់​ផ្លូវ​បណ្ដាល​លិចលង់​តំបន់​នានា​មិន​ខាន ប៉ុន្តែ​បើ​ពុំ​សូវ​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ​គឺ​មិន​អី​ឡើយ​នៅ​ក្នុង​ស្ទឹង​ប៉ុណ្ណោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ជាក់ស្ដែង​ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ​ជាដើម ដោយសារ​តែ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​មាន​ភ្លៀង​ធ្លាក់​ច្រើន​រាល់ថ្ងៃ​បាន​ធ្វើ​ឲ្យ​ទឹកស្ទឹង​ជន់​ខ្លាំង​រហូត​ហូរ​បុក​ដាច់​ទំនប់​សណ្ដរ​ស្ទឹង​ ​បណ្ដាល​ឲ្យ​លិចលង់​លំនៅ​ដ្ឋា​ន​រាប់​ពាន់​ខ្នង រួម​ជាមួយ​ផ្លូវ​លេខ​២១៧​ហៅ​ផ្លូវ​ចំការ​ដូង​ចាប់ពី​ស្ពាន​ព្រែក​ជ្រៃ​រហូត​ដល់​រង្វង់​មូល​ដីក្រហម ។ ​ក្រៅពី​នេះ​លិច​ផ្លូវ​បេតុង ផ្លូវលំ​ច្រើន​ខ្សែ ព្រមទាំង​រោងចក្រ​កាត់ដេរ ស្រែ​ស្រូវ និង​ដំណាំ​ផ្សេង​ជា​ច្រើន​ហិច​តា នៅ​ក្នុង​សង្កាត់​ស្ទើរតែ​ទាំងអស់​របស់​ខណ្ឌដង្កោ ជា​ពិសេស​នៅ​សង្កាត់​ស្ពានថ្ម​ដែល​មានការ​លិចលង់​ខ្លាំង​ជាងគេ​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​វិញ​ ទឹកស្ទឹង​ព្រែក​ត្នោត​ក៏​កំពុង​តែ​ជន់​ឡើង​យ៉ាង​គំហុក​រយៈពេល​៤​ថ្ងៃ​មក​ហើយ ដោយ​បរិមាណ​ទឹក​ពេញ​ប្រៀប​ស្ទឹង​តែ​ម្ដង ​។ ​មិនតែប៉ុណ្ណោះ​បាន​ហៀរ​និង​ហូរ​ចូល​ទៅ​ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ​ខណ្ឌដង្កោ បណ្ដាល​ឲ្យ​លិច​ផ្លូវ​បេតុង​និង​ផ្ទះ​ដែល​មាន​សណ្ឋាន​ដី​ទាប​ៗ​ថែម​ទៀត​ផង ។ ​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ព្រួយបារម្ភ​សុវត្ថិភាព របស់​ពួក​គាត់ ហើយ​ប្រសិនបើ​ទឹកស្ទឹង​នៅ​តែ​បន្ត​កើនឡើង​មិន​ឈប់​នោះ​ការ​លិចលង់​ភូមិ​ទាំងមូល​និង​តំបន់​មួយ​ចំនួន​ទៀត​គឺ​ចៀស​មិន​ផុត​ឡើយ ​។ ​ចំណែកឯ​ផ្ទះ​ដែល​ស្ថិត​នៅ​ជាប់​ផ្ទាល់​និង​មាត់​ស្ទឹង​វិញ​ទោះជា​ទឹកតូច​ឬ​ធំ​គឺ​តែងតែ​លិចលង់​មុនគេ​រហូត ដែល​នេះ​គឺជា​ទម្លាប់​ទៅ​ហើយ វា​លែង​តែ​ទីតាំង​ផ្ទះ​ដែល​ចាក់​ដី​ខ្ពស់​ទើប​អត់​លិច​។

ដោយឡែក​ប្រភព​មួយទៀត​បាន​និយាយថា​ រយៈពេល​ពេល​៤​ថ្ងៃនេះ​ទឹកស្ទឹង​ពិតជា​កើនឡើង​ច្រើន​ជា​លំដាប់​មែន រីឯ​ការ​ជន់​លិច​ផ្លូវ​និង​ផ្ទះ​មួយ​ចំនួន​នៅ​ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ​នោះ​។​គឺ​ដោយសារ​តែ​ទឹក​ហូរ​ពីលើ​មក​ខ្លាំង ហើយ​មក​ដល់​ត្រឹម​ស្ពាន​វត្ត​សាក់​សំពៅ​ចាស់ មាន​កំប្លោក​ងា.ប់​ និង​រស់​យ៉ាង​ក្រាស់​រមូរ​ផ្ដុំ​ជាប់​គ្នា​ដូច​គេ​គ្រីប​យ៉ាង​ណែន ​។ ​មិនតែប៉ុណ្ណោះ​កំប្លោក​នេះ​មាន​ទំហំ​រាប់​សិប​ម៉ែត្រការ៉េ បិទ​ជិត​មុខទឹក​ក្រោម​ស្ពាន​នោះ​តែ​ម្ដង ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ពុំ​អាច​ហូរ​រួច​ឡើយ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ទឹក​១​កំណាត់​ស្ទឹង​ប៉ែក​ខាងលិច​ចាល់​ទើប​ហូរ​ចូល​ភូមិ​វាល​ថ្លាន់​នេះ​។

តាម​ប្រភព​មួយ​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បន្ទា​ប់​មក​ព្រះសង្ឃ​គង់នៅ​វត្ត​សាក់​សំពៅ​ រួម​ជាមួយ​អ្នក​ភូមិ​នៅ​តំបន់​នោះ​បាន​នាំ​គ្នា​យក​ចបកាប់ ចបជីក ប៉ែល និង​កាំបិត​ទៅ​កាត់​កំប្លោក​ជា​ដុំ​ៗ​និង​ប្រើ​ខ្សែ​ចង​រួច​យក​រថយន្ត​បែន​ដឹក​ដី​កង់​៦​ទៅ​អូស​ចេញ​ម្ដង​១​ដុំ​ៗ​ដើម្បី​បើកមុខ​ទឹក​ឲ្យ​ហូរ​លឿន​ ។ ​សកម្មភាព​អូស​កំប្លោក​ចេញ​នេះ​មាន​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ​និង បាន​បើកមុខ​ទឹកបាន​ធំ​ជាង​មុន តែ​នៅ​ពុំ​ទាន់​យក​កំប្លោក​ចេញ​អស់​នៅឡើយ​ទេ​ គឺ​នៅ​សល់​ច្រើន​ម៉ែត្រការ៉េ​ទៀត ។​ ដោយ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ប្រើ​រយៈពេល​១​ថ្ងៃ​ឬ​២​ថ្ងៃ​ទៀត ​ទើប​យក​កំប្លោក​ទាំងនោះ​ចេញ​អស់ពី​ក្រោម​ស្ពាន​ចាស់​នេះ ។​ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ ក្រោយ​យក​កំប្លោក​ចេញ​បាន​ខ្លះ​បាន​ធ្វើ​ឲ្យ​ទឹក​ដែល​ហូរ​ចូល​ភូមិ​វាល​ថ្លាន់​ស្រក​បន្តិច​វិញ​ហើយ និង​អាច​ស្រក​ទៅ​វិញ​ទាំង​ស្រុង ​ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត​ទេ​នោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ