ខេត្តត្បូងឃ្មុំ ៖ ពិតជាមិនគួរឲ្យជឿសោះ ដោយប្អូនប្រុសបានលើកកាំបិតផ្គាក់កា.ប់ប្រហារលើបងប្រុសរបស់ខ្លួនបង្កើត នៅរោងចាំចំការកៅស៊ូមួយកន្លែង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី៨ តុលា ២០២១ ។
ករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់) បណ្តាលឲ្យមនុស្សរបួសធ្ងន់១នាក់ នៅចំណុចរោងចំការខាងលិចភូមិជីពាំង ស្ថិតនៅភូមិជីពាំង ឃុំ ក្រែក ស្រុក ពញាក្រែក ។ ក្រោយពីមានហេតុការណ៍អំពើហិង្សានេះកើតឡើង កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ព្រមទាំងចាប់បានជនបង្កជាប្អូនរបស់អ្នករងគ្រោះផងដែរ ។
លោកវរសេនីយ៍ទោថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ត្រីម៉ុន មាគ៌ា ស្នងការនគរបាលខេត្តក៏ដូចជា ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងសមត្ថកិច្ចជាច្រើននាក់បានចុះដល់កន្លែងកើតហេតុ ព្រមទាំងបានសួរនាំសាក្សី បុរសវ័យចំណាស់ម្នាក់ ។
ករណីនេះ ក្រោយកើតហេតុ កងកម្លាំងជំនាញនៃអធិការដ្ឋានស្រុក បានសហការជាមួយកម្លាំងប្រជាការពារបង្ក្រាបតាមនិតិវិធី និងឃាត់ខ្លួនជនសង្ស័យជាអ្នកបង្ករបាន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសួរនាំ ។
អធិការនគរបាលស្រុកពញាក្រែកប្រាប់បន្តថា ដំបូងនៅរោងស៊ីឈ្នួលចាំចម្ការកៅស៊ូឲ្យគេ គឺមានផឹកស្រាតែពីរនាក់ គឺជនដៃដល់ជាប្អូន និងបុរសចំណាស់ម្នាក់ ។ ស្របពេលដែលកំពុងតែផឹកនោះជនរងគ្រោះបានមកដល់ ព្រមទាំងអង្គុយផឹកនៅក្នុងរោងជាមួយគ្នាដោយសុរាជ្រាបចូលខ្លួនស្រវឹងព្រមទាំងបានបង្កពាក្យសំដីឈ្លោះទាស់ទែងគ្នា ដោយបុរសជាបងបានវាយលើប្អូនប្រុសមុន ។
ក្នុងពេលនោះប្អូនខឹងពេកក៏ទោះទៅទាញកាំបិតផ្គាក់មកកាប់ប្រហារលើបងប្រុសបង្កើត ចំនួនពីរកាំបិតបណ្តាលឲ្យរងរបួសជាទម្ងន់និងបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។
យោងតាមការស្រាវជ្រាវបឋមជនសង្ស័យមានឈ្មោះ ស្រេន ឡូត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទួលអង្ក្រង ឃុំ ក្រែក ស្រុកពញាក្រែក បានយកកាំបិតកាប់ទៅលើ ឈ្មោះ កេប គង់ ភេទ ប្រុស អាយុ៥០ឆ្នាំ ត្រូវជាបងបង្កើត រស់នៅភូមិឃុំជាមួយគ្នា ។ ដោយសាមានបញ្ហាទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី នៅក្នុងរោងចាំចម្ការនោះ ។
អធិការនគរបាលស្រុកពញាក្រែកបញ្ជាក់ថា នាពេលកន្លងទៅបងប្អូនប្រុសបង្កើតពីរនាក់នេះធ្លាប់មានទំនាស់ជាមួយគ្នាម្ដងរួចមកហើយ ។ ស្របពេលមកដល់ថ្ងៃកើតហេតុ បុរសជាប្អូនខឹងបងវាយលើខ្លួនទ្រាំមិនបានក៏ទាញកាំបិតកាប់ប្រហារលើបងប្រុសបង្កើតសំណាងមិនស្លា.ប់ដោយគ្រាន់តែរបួសធ្ងន់ធ្ងរ ។
តាមដំណឹងរហូតមកដល់ថ្ងៃទី៩ តុលា ឆ្នាំ២០២១ អ្នករងគ្រោះត្រូវបានសាច់ញាតិបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ ចំណែកឯបុរសជាប្អូនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅឲ្យតំណាងអយ្យការចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ