ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​រមណីយដ្ឋាននៅ​ខេត្ត​បាត់​ដំបង​​ទទួល​ភ្ញៀវ​ទេសចរ​ជិត​​០៤​ម៉ឺន​​​នាក់​​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «​កូ​វី​ដ១៩» ត្រូវ​បាន​គេ​ចង្អុលមុខ​ចំ​ៗ​ថា​ជាដើម​ចម​ដ៏​ធំ​បំផុត ដែល​នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិក្នុង​ឱ​កាស​បុណ្យ​ «​ភ្ជុំបិណ្ឌ​» ដែល​ជា​ពិធី​បុណ្យ​បែប​ប្រពៃណី​ដ៏​ធំ និង​តាម​ទំនៀម​ទម្លាប់​​របស់​ខ្មែរ​តាំងពី​ដូនតា​មក​ ។ ក្នុងឱ​កាស​បុណ្យ​«​ភ្ជុំបិណ្ឌ​»​សម្រាប់​ឆ្នាំ​២០២១…

ខេត្តបាត់ដំបង​៖ «​កូ​វី​ដ១៩» ត្រូវ​បាន​គេ​ចង្អុលមុខ​ចំ​ៗ​ថា​ជាដើម​ចម​ដ៏​ធំ​បំផុត ដែល​នាំ​ឲ្យ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិក្នុង​ឱ​កាស​បុណ្យ​ «​ភ្ជុំបិណ្ឌ​» ដែល​ជា​ពិធី​បុណ្យ​បែប​ប្រពៃណី​ដ៏​ធំ និង​តាម​ទំនៀម​ទម្លាប់​​របស់​ខ្មែរ​តាំងពី​ដូនតា​មក​ ។ ក្នុងឱ​កាស​បុណ្យ​«​ភ្ជុំបិណ្ឌ​»​សម្រាប់​ឆ្នាំ​២០២១ នេះ ស្ទើរ​គ្រប់​សកម្មភាព​នៃ​ការ​ធ្វើបុណ្យ​ទាន​របស់​ពលរដ្ឋ​ខ្មែរ ហាក់​មាន​ស្ថានភាព​ស្ងប់ស្ងាត់ មិន​ថា នៅ​ទី​វត្ត​អារាម មិន​ថា​ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ឬ ពិធី​ជួបជុំ​បងប្អូន​នៅ​តាម​លំនៅ​ឋាន​ឡើយ​។

សភាព​ស្ងប់ស្ងាត់​ទាំងនេះ គឺ​សុទ្ធតែ​បណ្ដាល​មក​ពី​ការ​ខ្លាចរអា​រការ​ឆ្លង​រាលដាល​នូវ​ជំងឺ​ចង្រៃ «​កូ​វី​ដ ១៩» ទាំងអស់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើបុណ្យ​ទាន​មិន​បាន​ពេញដៃ​ពេញ​ជើង​តាម​ទំនៀមទម្លាប់​របស់​ខ្លួន​។ ពាក់ព័ន្ធ​នឹង​ស្ថានភាព ក្នុង​ឱកាស​បុណ្យ​«​ភ្ជុំ បិណ្ឌ​» នា​ឆ្នាំ​នេះ បើ​យោង​តាម​របាយ​ការ​ណ៍មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង ស្ដី​ពី​ដំណើរការ​ទូទៅ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ របាយ​ការ​ណ៍​បាន​ផ្ដោត ជា​ពិសេស​ទៅ​លើ​ការ​ធ្វើ​ដំណើរ​កំសាន្ត​តាម​រមណីយដ្ឋាន​នានា នៅ​ក្នុង​ខេត្តបាត់ដំបង របស់​ភ្ញៀវ​ទេសចរ​​​ជាតិ និង​អន្តរជាតិ​។ របាយ​ការ​ណ៍​បាន​បញ្ជាក់​ថា សម្រាប់​រយៈពេល​០៣​ថ្ងៃ នៃ​ពិធីបុណ្យ​ប្រពៃណី​ដ៏​ធំ​របស់​ខ្មែរ​មួយ​នេះ ភ្ញៀវ​ទេសចរ​​បាន​ថយ​ចុះ​ជាង​៧១% ឯណោះ បើ​ធៀប​នឹង​ឆ្នាំទៅ​មិ​ញ (២០២០) សម្រាប់​រយៈពេល​០៣​ថ្ងៃ​ដូច​គ្នា​។

មន្ទីរ​ទេសចរ​ណ៍​ខេត្ត​បាន​រាយ​ការ​ណ៍​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ រមណីយដ្ឋាន​ដ៏​ពេញ​និយម​ចំនួន​១៣​កន្លែង នៅ​ក្នុង​ខេត្តបាត់ដំបង បាន​បើកទ្វារ​ចំហរ​ស្វា​គម​ន៍​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​។ ប៉ុន្តែ​សម្រាប់​រយៈពេល​០៣​ថ្ងៃ នៃ​ពិធីបុណ្យ​នេះ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី ០៥ ដល់ទី ០៧ តុលា ២០២១ រមណីយដ្ឋាន​ទាំង​១៣​កន្លែង​នេះ ទ​ទូល​ស្វា​គម​ន៍​ភ្ញៀវ​ទេសចរ​​ជាតិ បាន​ត្រឹម​តែ​៣៧,៧២៤​នាក់​ប៉ុណ្ណោះ រីឯ​ភ្ញៀវ​អន្តរជាតិ​វិញ សូ​ម្បី​តែ​ម្នាក់​ក៏​គ្មាន​ដែរ ហើយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២០​កន្លង​ទៅ គឺ​ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​ថយ​ចុះ​ចំនួន ៧១,៩៤% ។

ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា បាន​បង្ហាញ​របាយ​ការ​ណ៍​ប្រៀបធៀប​យ៉ាង​ខ្លី​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពី​ឆ្នាំ​២០២០ ខេត្តបាត់ដំបង​ទ​ទូល​បាន​ភ្ញៀវ​ទេសចរ​​សរុប​១៣៤,៤៤០​នាក់ ក្នុង​នោះ​ មាន​ភ្ញៀវ​បរទេស​ចំនួន​១៦០​នាក់​ផង​ដែរ​។ ប៉ុន្តែ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​ឆ្នាំ​២០២១ នេះ ខេត្តបាត់ដំបង​ទ​ទូល​ភ្ញៀវ​ទេសចរ​ណ៍​ត្រឹម​តែ​ច​នួន​៣៧,៧២៤​នាក់​តែ​ប៉ុណ្ណោះ រីឯ​ភ្ញៀវ​បរទេស​ស្មើនឹង​សូន្យ ​។ លោក​បាន​បញ្ជាក់​ថា ក្នុង​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្តបាត់ដំបង រយៈពេល​០៣​ថ្ងៃ​ដូច​គ្នា គឺ​ឆ្នាំ​នេះ​ភ្ញៀវ​បាន​ថយ​ចុះ ៧១,៩៤% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន (២០២០,២០២១)​។

លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា បាន​លើក​ហេតុផល​ខ្លះ​ៗ ដែល​នាំ​ឲ្យ​មានការ​ថយ​ចុះ​នូវ​ភ្ញៀវ​ទេសចរ​​នេះ​ដូច្នេះ​ថា « តំបន់​ទេសចរ​ណ៍នៅ​ក្នុង​ខេត្តបាត់ដំបង​មាន​សរុប​ជិត​៥០​គោលដៅ តែ​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ យើង​អនុញ្ញាតឲ្យ​បើក​ទ​ទូល​ភ្ញៀវ​តែ​ចំនួន​១៣​គោលដៅ​ប៉ុណ្ណោះ​ ។ ហើយ​គោលដៅ​នីមួយ​ៗ​ដែល​បើក​នេះ ត្រូវ​ពិនិត្យ​លើ​ស្ថានភាព​ទីតាំង តូច ឬ ធំ ដែល​អាច​រក្សា​សុវត្ថិភាព​គ្រប់​បែប​យ៉ាង ពាក់ព័ន្ធ​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត និង សុខាភិបាល ស្ដី​ពី​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩»​។ លោក​ប្រធាន​មន្ទីរ​រូប​នេះ បាន​បន្ថែម​ថា រមណីយដ្ឋាន ត្រូវ​បាន​កាត់​បន្ថយ​ឲ្យ​បើក​ទ​ទូល​ភ្ញៀវ ភ្លៀង​បាន​ធ្លាក់​ជោក​ជាំ​នៅ​ពេល​តាម​រមណីយដ្ឋាន​នានា និង​ការ​ខ្លាចរអារការ​ឆ្លង​កូ​វី​ដ​១៩ នៅ​តាម​ទីប្រជុំជន ដែល​ពលរដ្ឋ​ទូទៅ​ចាំបាច់​ត្រូវ​តែ​គៅ​រ​ព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង សុខា​ភិបាល​។

ទាំងនេះ​ គឺជា​មូលហេតុ​ដ៏​ធំ​បំផុត ដែល​នាំ​ភ្ញៀវ​ទេសចរ​មានការ​ថយ​ចុះ​យ៉ាង​គំ​ហុ​ក​ក្នុងឆ្នាំនេះ​។ ពាក់ព័ន្ធ​នឹង​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​​ជាមួយនឹង​អារ​ម្ម​ណ៍​មិន​ស្ងប់ ដោយសារ​តែ​«​កូ​វី​ដ ១៩» នេះ បើ​តាម​កោះសន្តិភាព ដែល​បាន​ធ្វើការ​ស្រង់​មតិ​ពី​ភ្ញៀវ​ទេសចរ​​មួយ​ចំនួន​នៅ​តាម​បណ្ដា​តំបន់​រមណីយដ្ឋាន​នានា នៅ​ក្នុង​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី ០៧ តុលា គឺ​មាន​ភ្ញៀវ​ប្រមាណ​៨០% បាន​អះអាង​ប្រហាក់ប្រហែល​គ្នា​ថា « បើ​តាម​ខ្ញុំ​ពិនិត្យ​មើល​តាម​រមណីយដ្ឋាន​នានា ដែល​ខ្ញុំ បាន​ទៅ​ដល់​នា​ប៉ុន្មាន​ថ្ងៃនេះ គឺ តាម​រមណីយដ្ឋាន​ខ្លះ មាន​ភ្ញៀវ​ច្រើន​គួ​រសម តែ​កន្លែង​ខ្លះ​ទៀត​ ស្ងាត់ឈឹង​តែ​ម្ដង​»​។ តើ​មូលហេតុ​អ្វី បានជា​ឆ្នាំ​នេះ​មិនសូវ​មាន​ភ្ញៀវ​ដើរ​លេង​ច្រើន​ដូច​ឆ្នាំ​មុន​ៗ ?

សំណួរ​នេះ ត្រូវ​បាន​សួរ​ទៅ​កាន់​ភ្ញៀវ​ជា​ច្រើន ហើយ​ចម្លើយ​របស់​ពួក​គេ​បាន​ចោទប្រកាន់ និង​ចង្អុល​ចំ​ៗ​សំដៅ​ទៅ​លើ មេរោគ​ចង្រៃ «​កូ​រ៉ូ​ណា​» ដោយ​អ្នក​ដើរ​កំសាន្ត​ខ្លះ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ទាំង​គេ​ទាំង​ខ្ញុំ មិន​ចង់​ដើរ​ទេ ព្រោះ​ខ្លាច​ឆ្លង​កូ​វី​ដ​១៩​។ កន្លែង​ខ្លះ​ឃើញ​មនុស្ស​ច្រើន​កកកុញ ខ្ញុំ​មិន​ហ៊ាន​ចុះ​ពី​រថយន្ត​ផង តែបើ​ចុះ​ដើរ​ក៏​មិន​ហ៊ាន​ទៅ​កន្លែង​ប្រមូល​ម្ដុំ​គ្នា​ច្រើន​ដែរ​។ ពេល​ខ្លួន​មិន​ទាំង​ហ៊ាន​ចុះ​ពី​រថយន្ត​ផង គ្រាន់តែ​ជិះ​អើត​មើល​គេ​តិច​តួច បែប​គំរប់​កិច្ច​ប៉ុណ្ណោះ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​»​។

បើ​យោង​លើ​មតិ​មហាជន ដែល​កោះសន្តិភាព បាន​ធ្វើការ​សួរនាំ គឺ វត្តមាន «​កូ​វី​ដ​១៩» ជា​មូលហេតុ​ដ៏​ចម្បង​បំផុត ដែល​បានគំរាម​កំហែង​ប្រជាពលរដ្ឋ​ខ្មែរ ស្ទើរ​ទូ​ទាំង​ប្រទេស ឲ្យ​រូ​ញ​ខ្លួន​សម្ងំ​នៅ​តែ​ក្នុងផ្ទះ សូ​ម្បី​តែ​មួយ​ឆ្នាំ​ជួបជុំ​បងប្អូន ធ្វើបុណ្យ​ទាន​ជូន​ដូនតា​នៅ​តាម​វត្តវ៉ា​ម្ដង ក៏​ធ្វើ​មិន​បាន​ពេញដៃ ពេញ​ជើង​ដែរ គឺ​ធ្វើ​ទាំង​អារ​ម្ម​ណ៍ភ័យ​ខ្លាច ដោយសារ​តែ​មេរោគ​«​កូ​វី​ដ​១៩» ដ៏​កាច​សាហាវ​នៅ​រាយ​ពាយ​ស្ទើរ​គ្រប់​ទិស​ទី​៕ ​

អត្ថបទសរសេរ ដោយ