ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ ចោទប្រកាន់លោក សម រង្ស៉ី លោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និងគូកន ពីបទ «រួមគំនិតក្បត់» និងបទ «ញុះញង់​បង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ នេះ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ករណី​ថ្មី​ទៀត លើ​លោក សម…

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ នេះ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ករណី​ថ្មី​ទៀត លើ​លោក សម រ​ង្ស៉ី លោកស្រី មូរ សុខ​ហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និង​គូកន ពីបទ «​រួមគំនិត​ក្បត់​» និង​បទ «​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​យប់​ថ្ងៃទី​៧ ខែតុលា​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សលា​ដំបូង​រាជធានី​ភ្នំពេញ លើកឡើងថា នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ នេះ អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​បុគ្គល​មួយក្រុម រួមមាន ឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខ​ហួរ ឈ្មោះ ហូរ វ៉ាន់ និង​គូកន ពីបទ «​រួមគំនិត​ក្បត់​» និង​បទ «​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា ៤៥៣ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាម​សេចក្តីប្រកាស ការចោទប្រកាន់​ខាងលើ​នេះ ពាក់ព័ន្ធ​នឹង​អង្គហេតុ​នៃ​សេចក្តីអំពាវនាវ​របស់​បុគ្គល សម រង្ស៊ី បាន​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ចុះ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១ ដែលមាន​ខ្លឹមសារ​បង្កប់​នូវ «​ការរៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​» ដោយ​ប្រើប្រាស់​ព័ត៌មាន​បំផ្លើស​ខុសពី​ការពិត ក្រោម​ឧបាយកល អំពាវនាវ ញុះញង់​កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ ឱ្យ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

 អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា «​ផែនការ​ទុច្ចរិត​ក្នុងការ​ញុះញង់​កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ឱ្យ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​រៀបចំឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន ឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខ​ហួរ ឈ្មោះ ហូរ វ៉ាន់ ព្រមទាំង​គូកន គឺជា​ឧក្រិដ្ឋកម្ម ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​»​។​

​សូម​រម្លឹកថា លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១ បាន​ផ្សព្វផ្សាយ​ថា សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​សញ្ជាតិ សាយ​ប្រ៊ី​ស (Cyprus) ដោយមាន​ទាំង​លិខិតឆ្លងដែន ប្រទេស​សាយ​ប្រ៊ី​ស​។ ការប្រកាស​ខុស​ការពិត​ដូច្នេះ នាំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ខឹងសម្បារ ហើយ​ច្រានចោល និង​រៀបចំ​កែ​រដ្ឋធម្មនុញ្ញ ដោយ​កំណត់​ឲ្យ​អ្នក​កាន់តំណែង​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​។ សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ នឹងត្រូវ​គណៈរដ្ឋមន្ត្រី ប្រជុំ​សម្រេច​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែតុលា​ស្អែក​នេះ​។​

​លោក សម រ​ង្ស៉ី ដែលមានសញ្ជាតិបារាំង រួមទាំង​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​ជាច្រើនរូប ដែល​កំពុង​រស់នៅ​ក្រៅប្រទេស រួមមាន លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខ​ហួរ និង​លោក ហូរ វ៉ាន់ ជាដើម ជាប់​សំណុំ​រឿងក្តី​ជាច្រើន នៅ​តុលាការ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ លោក សម រង្ស៊ី ក៏​ត្រូវបាន​តុលាការ សម្រេច​ផ្តន្ទាទោស​កំបាំងមុខ ដាក់ពន្ធនាគារ​ច្រើន​ឆ្នាំ ក្នុង​សំណុំរឿង​ច្រើន​ករណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ