ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់​សញ្ជាតិ​ខ្មែរតែមួយ ក្នុងតំណែងដឹកនាំកំពូលៗ នឹងឆ្លងគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨តុលាស្អែកនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ តាម​គម្រោង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​មួយចំនួន នា​ព្រឹក​ថ្ងៃទី​៨…

ភ្នំពេញ​៖ តាម​គម្រោង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​មួយចំនួន នា​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២១​។ ក្នុងនោះ មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​។​

​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ឲ្យ​ប្រកាស​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព ដែល​ត្រូវបាន​កែសម្រួល ដូចខាងក្រោម​៖

១- សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​

២-​សេចក្តីព្រាងច្បាប់ ស្តីពី ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​។​

៣-​សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ ៣​ឆ្នាំ​រំកិល ២០២២-២០២៤​។​

៤- បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម ទៅលើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ ទាក់ទង​ទៅនឹង​ការ​កាត់សេចក្តី​នៅក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម ដែល​ប្រ​ព្រឹ​ត​ឡើង​នៅក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ស្តីពី ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា «​ដើម្បី​បង្ហាញ​នូវ​ការស្មោះត្រង់ ចំពោះ​ជាតិ និង​បញ្ចៀស​នូវ​ការជ្រៀតជ្រែក​ពី​បរទេស ថ្នាក់​ដឹកនាំ​ជាតិ ដែល​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រគល់​ការងារ​ជូន​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សិក្សា​រៀបចំ​ធ្វើ​សេចក្តីព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​សេចក្តីព្រាងច្បាប់​អង្គការ ដែល​ចេញពី​រាជរដ្ឋាភិបាល ឬ​ជា​សេចក្តីស្នើច្បាប់ ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​បើ​លេង​កុំ​ខឹង បើ​ខឹង កុំ​លេង ព្រោះ​ទ្វារ ត្រូវបាន​បិទ​ជា​រៀងរហូត​ហើយ សម្រាប់​ពួក​សញ្ជាតិ​ពីរ ដែល​ប៉ុនប៉ង​កាន់តំណែង​កំពូល​នេះ ពិសេស​តំណែង​នាយករដ្ឋមន្ត្រី ព្រោះថា​ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្តី ឬ​ច្បាប់​អង្គការ​ក្តី ត្រូវការ​សម្លេង ២ ភាគ ៣ ទើប​អាច​អនុម័ត​បាន​»​។

​ការរៀបចំ​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​ពី​តំណែង​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែមួយ ដូច្នេះ បានធ្វើ​ឡើង​ភ្លាមៗ ក្រោយពី​លោក សម រង្ស៊ី បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​មកពី​ស្រុក​បារាំង​ថា សម្តេច​តេ​ជោ ហ៊ុន សែន មាន​សញ្ជាតិ និង​មាន​លិខិតឆ្លងដែន ប្រទេស សាយ​ប្រ៊ី​ស ( Cyprus )​។ ជាការ​លើកឡើង ដែល​មិនមែនជា​ការពិត និង​ខុស​ទំនង បង្ក​ជា​ប្រតិកម្ម​ខ្លាំងក្លា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កម្ពុជា​។

​ក្រសួង​ស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធ រួមទាំង​អភិបាល​រាជធានី​ខេត្ត បានចេញ​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន ជា​បន្តបន្ទាប់​គាំទ្រ​នូវ​ការផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ធ្វើ​វិសោធនកម្ម កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​តំណែង​ដឹកនាំ​កំពូល​ទាំង ៤​ស្ថាប័ន​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ