ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​​យុវវ័យ​​ត្រូវ​តែ​រៀន​​២​មហា​វិទ្យាល័យ​ឬ​យ៉ាង​ណា ដើម្បី​​អនាគត​​ល្អ?

8 ឆ្នាំ មុន

វា​​នឹង​មិន​ចម្លែក​ទេ​​ដែល​ឮ​ថា ​មាន​យុវជន​ ឬ​យុវតី​ខ្លះ ​រៀន​ពីរ ​ឬ​បី​មហាវិទ្យាល័យ​ ។ ពួក​គេ​សម្រេចចិត្ត​បែប​នេះ ​ដោយសារ​តែ​បារម្ភ​ខ្លាច​ក្រែង​អត់​ការងារ​ធ្វើ បន្ទាប់​ពី​កា​រៀន​ចប់​​នៅ​ថ្នាក់​មហាវិទ្យាល័យ​ ។ ប៉ុន្តែ​តើ​កា​រៀនសូត្រ​ពីរ​ ឬ​បី​មហាវិទ្យាល័យ​ នៅ​ក្នុង​ពេល​តែ​មួយ​ គឺជា​ការ​វិនិយោគ​ពេលវេលា ​និង​ថវិកា​ដ៏​ត្រឹមត្រូវ​ដែរ​ឬទេ?

វា​​នឹង​មិន​ចម្លែក​ទេ​​ដែល​ឮ​ថា ​មាន​យុវជន​ ឬ​យុវតី​ខ្លះ ​រៀន​ពីរ ​ឬ​បី​មហាវិទ្យាល័យ​ ។ ពួក​គេ​សម្រេចចិត្ត​បែប​នេះ ​ដោយសារ​តែ​បារម្ភ​ខ្លាច​ក្រែង​អត់​ការងារ​ធ្វើ បន្ទាប់​ពី​កា​រៀន​ចប់​​នៅ​ថ្នាក់​មហាវិទ្យាល័យ​ ។ ប៉ុន្តែ​តើ​កា​រៀនសូត្រ​ពីរ​ ឬ​បី​មហាវិទ្យាល័យ​ នៅ​ក្នុង​ពេល​តែ​មួយ​ គឺជា​ការ​វិនិយោគ​ពេលវេលា ​និង​ថវិកា​ដ៏​ត្រឹមត្រូវ​ដែរ​ឬទេ?

វា​​ប្រាកដ​ណាស់​ដែល​ថា ​ទីផ្សារ​ការងារ​​មានការ​ប្រកួតប្រជែង​ខ្លាំង​ឡើង​ៗ​ ហើយ​​អ្នក​ខ្លាំង​​​នឹង​ងាយ​រក​បាន​ការងារ​​ធ្វើ​ ឬ​ក៏​អាច​ប្រក​ប​របរ​​ជោគជ័យ​ ។ ដូច្នេះ វា​ជា​ការ​ត្រឹមត្រូវ​មួយ​ ដែល​មានការ​ខិតខំ​ និង​ប្រឹងប្រែង ​ដើម្បី​អនាគត​ដ៏​ភ្លឺស្វាង​មួយ​ ។ ប៉ុន្តែ​ការ​ត្រៀម​សម្រាប់​​អនាគត​ គួរតែ​មាន​ភាព​ឆ្លាត​វ័យ​ជាង​នេះ​ ដើម្បី​សន្សំ​ទាំង​ធនធាន​ហិរញ្ញវត្ថុ ពេលវេលា និង​ខួរក្បាល ​។

បើសិនជា​ចង់បាន​ការងារ​ធ្វើ​ដ៏​ល្អ​មួយ ​ដែល​មាន​ប្រាក់ខែ​សមរម្យ​នោះ យុវជន​ និង​យុវតី​កម្ពុជា ​ត្រូវ​ជ្រើស​រើសមុខ​វិជ្ជា​​សិក្សា​​ដោយ​ផ្អែក​ទៅ​លើ​​តម្រូវការ​ទីផ្សារ​​ការងារ ​ជា​ជាង​ការ​ជ្រើសរើស​​តាម​គ្នា​ ឬ​ក៏​ជ្រើសរើស​តាម​ការ​ស្រមៃ​​ មិន​ប្រាកដនិយម​មួយ​ ដើម្បី​ធ្វើ​ជា​អ្នក​ធំ​​នៅ​ក្នុង​ម៉ាស៊ីនត្រជាក់​ ។ នៅ​ប្រទេស​កម្ពុជា យុវជន​និង​យុវតី​កម្ពុជា​ជា​ច្រើន ​បាន​សម្រេច​ជ្រើស​រើសមុខ​វិជ្ជា​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យា​ល័យ ​ដោយ​មិន​មានការ​តម្រង់ទិស​បាន​​ត្រឹមត្រូវ​ឡើយ​ ។

ការ​សម្រេចចិត្ត​របស់​ពួក​គេ ​អាច​ជា​ការ​សម្រេចចិត្ត​​តាម​ការ​ចង់បាន​​របស់​ឪពុក​ម្តាយ ​ដែល​ភាគច្រើន​ចង់ឱ្យ​​កូន​ក្លាយ​ជា​មន្ត្រី​​ធំ​នៅ​អនា​គត ឬ​ក៏​ជា​ការ​សម្រេច​ចិត្ត​តាម​​មិត្តភក្តិ ដូច​ជា​ការ​សម្រេចចិត្ត​ជ្រើសរើស​​ផ្នែក​គ្រប់គ្រង​ ឬ​ក៏​គណនី​ជាដើម​ ។ តាម​ពិត​ទៅ​មុខ​វិជ្ជា​​ទាំង​ពីរ​នេះ​ អាច​នឹង​មានការ​ពិបាក​នៅ​ក្នុង​​ការ​ស្វែងរក​ការងារ​ធ្វើ​ ។ ខណ​:​ដែល​អ្នក​​ទើប​បញ្ចប់​ការ​សិក្សា ​នឹង​មិន​អាច​ខ្លាច​ជា​អ្នកគ្រប់គ្រង​នោះ អ្នក​​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនី​ ក៏​ពិបាក​រក​ការងារ​ធ្វើ​ដែរ ​ដោយហេតុ​ថា ​ក្រុមហ៊ុន​នានា​ត្រូវការ​មនុស្ស​​ដែល​ពួក​គេ​ទុកចិត្ត​ហើយ​​ជា​ញឹកញាប់​ គេ​ជ្រើសរើស​មនុស្ស​ជា​សាច់ញាតិ​ ឬ​ក៏​អ្នក​ដែល​គេ​ស្គាល់​​ជិតស្និទ្ធិ​​ ។

ដូច្នេះ​ហើយ​ បានជា​មាន​យុវជន​ និង​យុវតី​មួយ​ចំនួន​​ នៅ​ពេល​បាន​បញ្ចប់​ការ​សិក្សា​ ហើយ​បាន​ទៅ​ធ្វើការ​នៅ​តាម​ហាង​កាហ្វេ​ ឬ​ភោជ​នីយដ្ឋាន​ជាដើម​ ដោយ​ខុស​ពី​អ្វី​ដែល​ពួក​គេ​​បាន​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ ។ តាម​ពិត​ទៅ​នោះ ការងារ​​រត់​តុ​​តាម​ហាង​កាហ្វេ​ មិន​ទាមទារ​​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ ដែល​ត្រូវការ​​​វិនិយោគ​ពេលវេលា​ និង​លុយកាក់​ច្រើន​​ឡើយ​ ។​ ម្យ៉ាងទៀត​ ចំណូល​ក៏​មាន​ត្រឹម​តែ​ជាង​១០០​ដុល្លារ​​ក្នុង​មួយ​ខែ ​ដែល​ទាប​ជាង​១៤០​ដុល្លារ ​ជា​ចំណូល​ប្រាក់ខែ​ ជា​មធ្យម​របស់​កម្មករ​កាត់ដេរ​​ផង ​។

ការ​សម្រេចចិត្ត​ជ្រើសរើស​​មហាវិទ្យាល័យ​ គួរតែ​ផ្អែក​លើ​គម្រោង​ផែនការ​​អនាគត ធនធាន​ដែល​មាន និង​ត​ម្រូ​វ​ការ​ទីផ្សារ​ការងារ ​។ ឧបមា​​ថា បើ​យុវជន​និង​យុវតី​ ចង់​ក្លាយ​ខ្លួន​ជា​អ្នកជំនួញ​ បើកហាង​លក់​កាហ្វេ​នោះ គេ​គួរតែ​សិក្សា​​ស្វែង​យល់​គ្រប់​ខ្សែ​​សង្វា​ក់​នៃ​ការ​ផលិត​​កា​​ហ្វេ និង​របៀប​​រកស៊ី​ក្នុង​មុខ​ជំនួញ​កា​​ហ្វេ​នេះ​ គួប​ផ្សំ​នឹង​របៀប​គ្រប់គ្រង និង​របៀប​រក​​ទីផ្សារ​ជាដើម​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​សិនជា​យុវជន​និង​យុវតី​ ចង់​មានការ​ងារ​ធ្វើ​នោះ គេ​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​ការ​សិក្សា​​ទៅ​លើ​ការងារ​ណា ​ដែល​មាន​តម្រូវការ​ច្រើន​ដូច​ជា​​ផ្នែក​ទំនាក់ទំនង ផ្នែក​បច្ចេកវិទ្យា​​ពណ៌​មាន​ ឬ​ក៏​ការងារ​​ជំនាញ​ផ្សេង​ៗ​​ទៀត​ ដូច​ជា​កាត់ដេរ​ និង​គ្រឿងយន្ត​ជាដើម​ ដែល​មិន​ត្រូវ​ការ​រយ​:​ពេល​​សិក្សា​វែង ​ឬ​ក៏​ធនធាន​ច្រើន​ជាដើម​ ។

ការ​​ជ្រើសរើស​ការ​រៀន​សូត្រ​ ​តម្រូវការ​តាម​ទីផ្សារ​នឹង​ជួយ​ឱ្យ​​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​​ទាំង​ពេលវេលា​ និង​លុយកាក់​ ។ យុវជន ​និង​យុវតី​អាច​​នឹង​បន្ត​អភិវឌ្ឍន៍​ខ្លួន​ថែម​ទៀត​ នៅ​ពេល​ដែល​ពួក​គេ ​មាន​ធនធាន​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន ដោយ​អាច​នឹង​បន្ត​រៀន​ថ្នាក់​​មហាវិទ្យាល័យ​ ឬ​ក៏​ថ្នាក់​គ្រប់គ្រង​បន្ត​ទៀត​​បាន ​។

ដូច្នេះ​ ជំនួស​ឱ្យ​​ការ​រៀន​ច្រើន​មហាវិទ្យាល័យ​ និង​ខុស​មុខ​វិជ្ជា​នោះ យុវជន​​ និង​យុវតី​ ត្រូវ​ធ្វើការ​សម្រេចចិត្ត​មួយ​បន្ត​ការ​រៀនសូត្រ​ថ្នាក់​មហា​វិទ្យាល័យ ​ដោយ​ផ្អែក​ទៅ​លើ​ធនធាន ​ដែល​មាន​និង​ផ្អែក​ទៅ​លើ​តម្រូវការ​ទីផ្សារ ​។ ប៉ុន្តែ​ពួក​គេ​ ត្រូវការ​តម្រង់​ទិស​ច្បាស់លាស់​។

រដ្ឋាភិបាល​​គួរ​មាន​វិធានការ​​ដ៏​មាន​ប្រ​សិ​ទ្ធ​​ភាព​មួយ ​ដើម្បី​ជួយ​តម្រង់​ទិស​យុវជន ​និង​យុវតី​ នៅ​ក្នុង​សិក្សា​ ដើម្បី​ផ្គត់​​​ផ្គង់​ទីផ្សារ​ការងារ​ ។​ ការ​តម្រង់ទិសនេះ​ មិន​ត្រឹមតែ​មាន​ប្រយោជន៍ ​សម្រាប់​យុវជន​ និង​យុវតី​ទេ វា​ថែម​ទាំង​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ និង​នយោបាយ​ផង​ដែរ ​ដល់​រដ្ឋាភិបាល ​។ ការ​ដែល​មាន​កម្លាំង​ការងារ​ប្រកប​ដោយ​ជំនាញ​​ នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​ មក​រកស៊ី​នៅ​កម្ពុជា ​ហើយ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ។ វា​ក៏​ជួយ​កាត់​បន្ថយ​អត្រា​ការងារ​ធ្វើ​ផង​ដែរ ​។

ពេលវេលា​បាន​មក​ដល់​ហើយ​ សម្រាប់​ផ្តល់​ការ​យកចិត្តទុកដាក់​កាន់តែ​ច្រើន​​ដល់​យុវជន ​និង​យុវតី ខណ​:​ដែល​ពួក​គេ​​តំណាង​ឱ្យ​​មនុស្ស​​ភាគច្រើន​ នៅ​ក្នុង​ប្រទេស ​ដែល​មាន​ប្រជាជន​ជាង​១៥​លាន​នាក់​ ៕