ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤នាក់​បងប្អូនព្រួត​វា.យអ្នកជិត​ខាង​ម្នាក់ របួសធ្ងន់​​ចុងក្រោយ​សងត្រឹម​២​លាន​រៀល​បញ្ចប់រឿង

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ បុរស​ជនជាតិ​វៀតណាម​ចំនួន​3​នាក់​ ក្នុង​ចំណោម​បក្ខពួក៤នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​

​ខេត្ត​ព្រៃវែង ៖ បុរស​ជនជាតិ​វៀតណាម​ចំនួន​3​នាក់​ ក្នុង​ចំណោម​បក្ខពួក៤នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាពព្រួត​គ្នា​វា.យ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ទៀត​ បណ្តាល​​ឱ្យ​​រង​របួសធ្ងន់​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង8និង30​នាទី​យប់​ថ្ងៃ​ទី​2 តុលា ​ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ថា​ន់​ ភេទប្រុស អាយុប្រមាណ​ជាង50ឆ្នាំ​ ចំណែកឯ​ក្រុម​ជន​ដៃដល់​មាន​គ្នា​ចំនួន4នាក់ និង​មិន​ត្រូវ​បាន​គេ​ប្រាប់​ពី​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា ជន​រង​គ្រោះ​និង​ជន​បង្ក​គឺជា​អ្នក​ជិតខាង​ផ្ទះ​ជាប់​គ្នា ហើយ​សុទ្ធតែ​ជា​ជនជាតិ​វៀតណាម​ដូច​គ្នា​។

​តាម​ប្រភពពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ជន​បង្ក​​ទាំង​៤​នាក់​បងប្អូន​​ខាងលើ​ កំពុង​ផឹកស៊ី​នៅ​ក្រោមផ្ទះ​របស់​គេ ចំណែក​​គាត់​​នៅ​ក្នុងផ្ទះ​ម្នាក់ឯង លុះ​មួយសន្ទុះ​ក្រោយមក​ ពេល​ផឹក​ស្រវឹង​ជោកជាំ ក្រុម​ជន​បង្ក​ឃើញ​ខ្លួន​ចេញ​មក​បោះ​សំអាត​មុខ​ផ្ទះ ក៏​ចាប់ផ្ដើម​ជេរ​បញ្ចោរ​ឌឺដង​ពាក្យ​សំដី ហើយ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​នោះ បាន​បោះ​សំដី​ថា មិនបាច់​ជេរ​វា​ទេ ទៅ​វ៉ៃ​តែ​ម្ដង​ទៅ ។ ​ឮ​បែប​នោះ​ ​គាត់​​ក៏​តបសម្តី​វិញ​ថា ខ្លាំង​ម្ល៉េះ ហ្អែ​ង​ហ៊ាន​អត់? ។ គ្រាន់តែ​គាត់​តប​ប៉ុណ្ណឹង ​ស្រាប់តែ​​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​បងប្អូន បាន​ទាញ​ព្រនុង ស្ទុះ​ចូល​មក​វា.យ​សំពង​រូបគេ​ដល់​ក្នុងផ្ទះ​តែ​ម្ដង បណ្តាល​ឱ្យ​រូប​គាត់​រងរបួស​បែកក្បាល​ឈា.ម​ហូរ​ពេញ​ផ្ទះ និង​សន្លប់​ស្ដូកស្ដឹង លុះ​ពេល​ដឹងខ្លួន​វិញ គឺ​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង ឯ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់​ទៅ​ហើយ ទើប​​គាត់​ទាញ​ទូរ​ស័ព្ទ​ខ​ល​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ក្របៅ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន3​នាក់ នាំ​យក​ទៅ​ឃុំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ហើយ​ព្រឹក​ឡើង​ក៏​បន្ត​ចាប់ខ្លួន​បាន​ម្នាក់​ទៀត ប៉ុន្តែ​ក្រោយ​ពី​មាន​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​ពាម​ជរ ចុះ​ទៅ​ដល់ ធ្វើការ​សម្របសម្រួល​ចុះឡើង​ ជនសង្ស័យ​ទាំង​4​នាក់ ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​គ្រាន់តែ​បង់ប្រាក់2លាន​រៀល​មក​ឱ្យ​ជន​រង​គ្រោះ​ ហើយ​ប្រាក់​ទាំងនោះ​ជន​រង​គ្រោះ​មិន​បាន​យក​នោះ​ទេ ដោយ​បាន​វេរ​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ទាំងអស់​។

ជុំវិញ​រឿងរ៉ាវ​នៃ​ការ​សម្របសម្រួល​បញ្ចប់រឿង​បទល្មើស​ព្រហ្មទណ្ឌ​មួយ​នេះ លោក ទេព ផល្លា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ក្របៅ បាន​បញ្ជាក់​ថា​ លោក​មិន​បានដឹង​រឿង​អ្វី​ទេ លោក​មាន​តួនាទី​គ្រាន់តែ​ចាប់​ជនសង្ស័យ​ប៉ុណ្ណោះ​ បន្ទាប់​មក​ការងារ​បំពេញ​នីតិវិធី គឺ​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក ជា​អ្នក​ចុះ​មក​ធ្វើ​ទាំងអស់ ហើយ​បើ​ចង់​ដឹង​រឿង​ច្បាស់ សូម​សួរ​ទៅ​ខាង​អធិការ​ស្រុក​វិញ​ទើប​ដឹង​។

ដោយឡែក​លោក ជា ហេង អធិការ​នគរបាល​ស្រុក​ពាម​ជរ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៤ ​តុលា​នេះ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​ខ​ល​ចូល​ហើយ​គ្មាន​អ្នក​ទទួល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ