ខេត្តប៉ៃលិន ៖ កាលពីប៉ុន្មានថ្ងៃមុន អាជីវករលក់ដូរក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ប្រមាណ៥៧នាក់ ត្រូវបានខាងរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីនៃមន្ទីរសុខាភិបាលធ្វើតេស្តរហ័សរកឃើញមានផ្ទុកវីរុសកូវីដ១៩ លុះរហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ដើម្បីឱ្យដឹងច្បាស់ប្រាកដថែមទៀតខាងរដ្ឋបាលខេត្តក៏បានយកសំណាកពីអាជីវករទាំងនេះម្តងទៀត ដើម្បីផ្ញើទៅពិនិត្យកំហាកម៉ាស៊ីនធំនៅក្រសួង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយពេលធ្វើតេស្តរហ័សទៅលើអាជីវករផ្សារសាមគ្គី ហៅប៉ាហ៊ីផ្នែកខាងលើ ដែលរដ្ឋបាលខេត្តអនុញ្ញាតឱ្យពួកគាត់បើកតូបលក់ដូរឡើងវិញ ក្រោយពេលបិទទ្វារអស់រយ:ពេលជាង១ខែ ស្រាប់តែរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ រហូតដល់ជិត៦០នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល ខណ:អាជីវករលក់ដូរក្នុងផ្សារដដែលផ្នែកខាងក្រោម មិនទាន់អនុញ្ញាតឱ្យលក់ដូរនៅឡើយ ដោយនាំគ្នាតវ៉ា ដើម្បីបានលក់ដូរឡើងវិញដូចគ្នា ។
តែក្រោយពេលរកឃើញមានអ្នកផ្ទុកមេរោគច្រើនបែបនេះក៏ផ្អាកការលក់ដូរបន្តទៀត ខណ:អាជីវករផ្សារផ្នែកខាងលើក៏ត្រូវបិទតូបអ្នកដែលមានវិជ្ជមាន និងអ្នកជាប់ពាក់ព័ន្ធ ដើម្បីកុំឱ្យឆ្លងរាលដាលជំងឺកូវីដ១៩បន្តទៀត ។
ចំណែកមន្ត្រីសាលាក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ អ្នកដែលផ្ទុកវីរ៉ុសកូវីដ១៩ ទាំងអស់ខាងលើ កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន ដោយគ្រូពេទ្យផ្តល់ថ្នាំលេបជាប្រចាំ ។ ចំណែកអ្នកពាក់ព័ន្ធក៏ត្រូវធ្វើតេស្តរកមេរោគនេះដែរ ព្រមទាំងធ្វើចត្តាឡីស័ករយ:ពេល១៥ថ្ងៃផងដែរ ។
មន្ត្រីសាលាក្រុងប៉ៃលិន បានបញ្ជាក់ថា ក្រោយពីព្យាបាលជាសះស្បើយអាចនឹងឱ្យចូលលក់ដូរធម្មតា តែត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែល ព្រមទាំង រក្សាគម្លាតបុគ្គលផងដែរ ៕
ចែករំលែកព័តមាននេះ