ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​កង់​បី​ធ្វើ​សកម្មភាព​តាម​ផ្ទះ ចុង​ក្រោយ​ចប់​ត្រឹម​មុខ​ខ្លោងទ្វារវត្ត​ពោធិ៍​ញាណ

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ខណៈ​ពេល​ដែល​ជនសង្ស័យ​ទាំងនោះ​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ចេញ​ដើរ​ធ្វើ​សកម្មភាព​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ខណៈ​ពេល​ដែល​ជនសង្ស័យ​ទាំងនោះ​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង​ចេញ​ដើរ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​តាម​ផ្ទះ​។ ហើយ​ការ​ចាប់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ខាង​មុខ​ខ្លោងទ្វារវត្ត​ពោធិ៍​ញាណ តាម​ផ្លូវ​៣៧១ ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ រួម​មាន ១- ឈ្មោះ យ៉ា​ត ភា​រ៉ា អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​លើក​អីវ៉ាន់​នៅ​ផ្សារ​ដើម​គរ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ២- ឈ្មោះ ផា​ន ផា​រី អាយុ​២៨​ឆ្នាំ ៣- ឈ្មោះ សុខ ចាន់​ឌី អាយុ​៤១​ឆ្នាំ មុខរបរ​ទិញ​អេ​ត​ចាយ ៤- ឈ្មោះ អ៊ុំ ម៉ា​ប់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ទាំង​៣​នាក់​នេះ មាន​ទីលំនៅ​ភូមិ​កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ និង​៥- ឈ្មោះ អូន ម៉ា​លី​ន អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​បឹ​ក​កេងកង រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​បន្ត​ថា កម្លាំង​បាន​ឆែកឆេរ​រក​ឃើញ និង​ដកហូត​បាន​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​១​ដើម​, កន្ត្រៃ​កាត់​ក្រណាត់​១, សោ​ខ្សៀ​លេខ​៨ ចំនួន​០២, សោរ​ខ្ស​លេខ​១០ ចំនួន​០១, ដង្កាប់​ចំនួន​០២, ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង និង​ម៉ូតូ​កង់​បី​ពណ៌​ក្រហម​ខ្មៅ គ្មាន​ផ្លា​ក​លេខ​០១​គ្រឿង ។

នគរបាល​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខាងលើ បាន​ចេញ​ល្បាត​រួម​គ្នា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​ខ្លោងទ្វារវត្ត​ពោធិ៍​ញាណ ក៏​បាន​ប្រទះ​ឃើញ​ជន​១​ក្រុម​នេះ​គួរ​ឲ្យ​សង្ស័យ ក៏​ហៅ​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​រក​ឃើញ​សម្ភារៈ​ខាងលើ​តែ​ម្តង​។

បន្ទាប់​មក​ធ្វើការ​សួរនាំ ទើប​ដឹង​ថា ជន​ទាំងនេះ​កំពុង​ចេញ​ដើរ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​តាម​ផ្ទះ ហើយ​ក៏​ត្រូវ​កម្លាំង​ចម្រុះ​ឃើញ​ក៏​បាន​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ