ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្ដសៀមរាប ផ្អាកហាងលក់​អាហារមួយកន្លែង នៅក្នុងក្រុងសៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​វិធាន​សុ​វត្ថិភាព​ទេសចរណ៍​ខេត្ត​សៀម ដឹកនាំ​ដោយ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ បាន​ចុះ​បិទ​អាហារ​ដ្ឋា​ន​មួយកន្លែង បន្ទាប់ពី​រកឃើញ ថា…

ខេត្តសៀមរាប​៖ ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​វិធាន​សុ​វត្ថិភាព​ទេសចរណ៍​ខេត្ត​សៀម ដឹកនាំ​ដោយ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ បាន​ចុះ​បិទ​អាហារ​ដ្ឋា​ន​មួយកន្លែង បន្ទាប់ពី​រកឃើញ ថា បើកហាង​លក់ដូរ​អាហារ មិន​អនុវត្ដ​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​។​

​វិធាន​ការចុះ​បិទ​ហាង​អាហារ​ដ្ឋា​ន​នេះ ធ្វើឡើង នា​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១ ក្រោយ​ពេលដែល​អាជ្ញាធរ ខេត្ដ​សៀមរាប បានសម្រេច​បើក​ការចេញចូល​ក្នុង​ក្រុង​សៀមរាប និង​បិទ​បញ្ចប់​ការកំណត់​តំបន់​ក្រហម និង​តំបន់​លឿងទុំ នៅក្នុង​ក្រុង​ទេសចរណ៍​នេះ កាលពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ បាន​មានប្រសាសន៍ថា កន្លែង​លក់​អាហា​រដ្ឋា​ន​នោះ មានឈ្មោះ «​ចែ ប៉ូរ​» ស្ថិតនៅ​ភូមិ​វត្ដ​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ត្រូវបាន​ម្ចាស់​ហាង​លក់​អាហារ​ឱ្យ​ភ្ញៀវ ចូល​អង្គុយ​ហូប​អាហារ ដោយ​មិន​អនុវត្ដ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ខេត្ត ដូចជា ដាក់​តុ​អង្គុយ​ហូប គ្មាន​រក្សា​គម្លាត​សុវត្ថិភាព អង្គុយ​ក្នុង​បន្ទប់​បិទ​ជិត ហើយ​មាន​ដាក់​តុ ដោយមាន​មនុស្ស អង្គុយ​ច្រើន​នាក់​។ ពោលគឺ​ការលក់​អាហារ​ដល់​ភ្ញៀវ​របស់គាត់ ខុសពី​ការណែនាំ​របស់​អាជ្ញាធរ ជាពិសេស​មិន​អនុវត្ដ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល បើទោះបី​ក្រុមការងារ បាន​ណែនាំ​រួចហើយ​ក្ដី​។​

​លោក​បាន​បន្ដថា អាជ្ញាធរខេត្ត មិនបាន​ហាមឃាត់​ការលក់ដូរ ឬ​ការធ្វើ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្ដែ​មុន​បើក​លក់ដូរ​ឡើងវិញ ត្រូវមាន​ការអនុញ្ញាត​ពី​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ខេត្តសៀមរាប ដើម្បី​ចូល​រូ​ម​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ធ្ងន់ធ្ងរ​បន្ថែមទៀត នៅក្នុង​សហគមន៍​។ នេះ​ការពង្រឹង​ការអនុវត្ត​វិធានការ​នានា និង​ការធានា​ប្រក្រតីភាព ក្នុងការ​រស់នៅ តាមបែប​គន្លង​ថ្មី នៃ​បរិបទ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​។

​ប៉ុន្ដែ​យ៉ាងនេះ​ក្ដី អាជ្ញាធរខេត្ត បានអនុញ្ញាត​ឱ្យ​ម្ចាស់​ហាង​អាហា​រដ្ឋា​ន​យីហោ ចែ ប៉ូរ លក់​វេច​ខ្ចប់​ឱ្យ​ភ្ញៀវ​ជាធម្មតា ក្រោយពេល​ម្ចាស់​ហាង​នោះ បានធ្វើ​កិច្ចសន្យា និង​បង់ប្រាក់​ពិន័យ​រួចមក​។

​សេចក្ដីណែនាំ​របស់​រដ្ឋ​បាល​ខេត្តសៀមរាប បាន​បង្ហាញថា ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ អាច​អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​របស់ខ្លួន បាន​ត្រឹម​ជា​លក្ខណៈ​វេច​ខ្ចប់​តែប៉ុណ្ណោះ ដោយ​មិនត្រូវ​អនុញ្ញាតឱ្យ​អតិថិជន ចូលមក​ទទួលទាន នៅក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន​ឡើយ​។ កន្លែង​អាជីវកម្ម​ទាំងនោះ ត្រូវ​ធានា​ឱ្យបាន​នូវ​ការអនុវត្ត​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល ពាក់​ម៉ាស រក្សា​ឱ្យបាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម ព្រមទាំង​ប្រកាន់​ភ្ជាប់​នូវ​ការធ្វើ​អនាម័យ ការសម្លាប់​ម​រោគ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code “​ទប់ស្កាត់​កូ​វីដ​” (Stop Covid) និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល អនុវត្ត​វិធានការ “​ពា​ការពារ និង ៣​កុំ​” របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សេចក្ដីជូនដំណឹង​បាន​បន្ថែមថា ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ អាច​អនុញ្ញាតឱ្យ​ភ្ញៀវ​ចូល​ទទួលទាន ក្នុង​បរិវេណ​អាជីវកម្ម​របស់ខ្លួន​បាន លុះត្រាតែ​បាន​បំពេញ​លក្ខខណ្ឌ​វាយតម្លៃ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួន ស្របតាម​វិធានការ​សុខាភិបាល និង​ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញាធរខេត្ត​មាន​សមត្ថកិច្ច បន្ទាប់ពី​ក្រុមការងារ ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ និង​សម្រេច​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ