ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនាបុរស​កូរ៉េ​២​នាក់ ក្រោយ​នាំ​លុយ​ជាង​២​លាន​ដុល្លារ​ចូល​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​ទោស​លើ​ជនជាប់ចោទ​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង​ចំនួន​២​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​២​ឆ្នាំ ពាក់ព័ន្ធ​ករណី​

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​ទោស​លើ​ជនជាប់ចោទ​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង​ចំនួន​២​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​២​ឆ្នាំ ពាក់ព័ន្ធ​ករណី​ដឹក​ជញ្ជូន និង​នាំ​ចូល​ប្រាក់​ដុល្លារ​ប្រមាណ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក ពី​បរទេស ដោយ​មិន​មាន​ឯកសារ ឬ​ប្រភព​ព័ត៌មាន​ច្បាស់លាស់ ដែល​ប្រព្រឹត្ត​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​កាលពី​អំឡុង​ឆ្នាំ​២០១៩ ។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ Song Hyunhoo ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ម្នាក់​ឈ្មោះ Yoon Wongi ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ពួក​គាត់​ជា​ជនជាតិ​កូរ៉េ​ខាងត្បូង ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២០ សាលាដំបូង​ថ្នាក់​ក្រោម បាន​កាត់ទោស​លើ​ជនជាប់ចោទ​ទាំង​២​នាក់ ដាក់​ពន្ធនា​គារ​ម្នាក់​កំណត់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ក្នុង​ម្នាក់​ចំនួន​៦០ លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​សំអាត​ប្រាក់​» ។ សាលក្រម​ក៏​បាន​សម្រេច​រឹបអូស​ទឹកប្រាក់​ចំនួន ២,២០០,០០០ (២, ២​លាន​) ដុល្លារ​អា​មេ​រិ​ក ដែល​ដកហូត​ពី​ជនជាប់ចោទ​ក្នុង​ថ្ងៃ​ចាប់ខ្លួន ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ​ផង​ដែរ ។

សូម​រម្លឹក​ទៀត​ថា ជនជាប់ចោទ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ពី​ក្រុង​ហុងកុង​មក​កាន់​ប្រទេស​កម្ពុជា ។ ពេល​នោះ​សមត្ថកិច្ច​នគរបាល​ជំនាញ​ប្រចាំ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប បាន​រឹបអូស​បាន​ប្រាក់​ចំនួន ២,២០០,០០០ ដុល្លារ​អា​មេ​រិ​ក និង​លុយ​បរទេស​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មិន​មាន​ឯកសារ​បញ្ជាក់ និង​ប្រភព​ព័ត៌មាន​នៃ​ការ​នាំ​ចូល​ប្រាក់​ទាំង​អស់នោះ​ឲ្យ​បាន​ច្បាស់លាស់ ទើប​ជន​ជាប់​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ចាប់ពី​ពេល​នោះ​មក ដើម្បី​បើក​ការ​ស៊ើបអង្កេត រហូត​ដល់​តុលាការ​ថ្នាក់​ក្រោម និង​ថ្នាក់​កណ្តាល បាន​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ដែល​តុលាការ​ទាំង​២​ថ្នាក់​សម្រេច​ដូច​គ្នា កំណត់​ឲ្យ​ជនជាប់ចោទ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​២​ឆ្នាំ ។

ប៉ុន្តែ​ជនជាប់ចោទ​មិន​សុខចិត្ត ក៏​បាន​ប្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូល ដែល​ជា​តុលាការ​ចុង​ក្រោយបង្អស់ ទីបំផុត​តុលាការ​កំពូល​នៅ​តែ​សម្រេច​តម្កល់​ទោស​តាម​សាលក្រម និង​សាលដីកា​របស់​តុលា ការ​ថ្នាក់​ក្រោម និង​ថ្នាក់​កណ្តាល​ទុកជា​បានការ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ