រាជធានីភ្នំពេញ ៖ តុលាការកំពូលកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសសាលដីកាសម្រេចតម្កល់ទោសជនជាប់ចោទឈ្មោះ គុប ផា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររកស៊ីលក់មាន់ និង ទា ស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ដាក់ពន្ធនាគារកំណត់១០ឆ្នាំ និងកែប្រែឲ្យសងសំណងរដ្ឋបវេណី ទៅដើមបណ្ដឹង ចាប់ពី៤០០លានរៀល ទៅ៨០០លានរៀលវិញ ។
សូមរម្លឹកថា ជនជាប់ចោទត្រូវបានតុលាការថ្នាក់ក្រោម និងថ្នាក់កណ្តាល កាត់ទោសដាក់ពន្ធនាគារកំណត់១៤ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណី «ប៉ុនប៉ងមនុស្សឃា.ត (កា.ប់ប្រហារដោយកាំបិតប៉័ងតោ) ទៅលើស្ត្រីម្នាក់ដែលជាគូស្នេហ៍ បណ្តាលជនរងគ្រោះដាច់.កដៃម្ខាង ក្រោយពីខឹងនាងដែលបានធាក់ចំពង.ស្វាសរបស់ខ្លួន ។ ជនរងគ្រោះមានឈ្មោះ សាន្ត ចិន្តា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ-ឃុំជាមួយគ្នានឹងជនជាប់ចោទ ។
សូមរម្លឹកទៀតថា ជនជាប់ចោទឈ្មោះ គុប ផា ត្រូវបានតុលាការសាលាដំបូងខេត្តតាកែវ បើកសវនាការកាលពីថ្ងៃ៥ ខែមេសា ឆ្នាំ២០២០កន្លងទៅ ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៤ឆ្នាំ និង បង្គាប់ឱ្យសងថ្លៃជំងឺចិត្តទៅជនរងគ្រោះលើទឹកប្រាក់ប្រមាណ៨០០លានរៀល ពីបទ «ប៉ុនប៉ងឃាត.កម្ម» ប្រព្រឹត្តនៅភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បទល្មើសតាមបញ្ញត្តិមាត្រា ២៧ និង១៩៩ នៃក្រមព្រហ្មទណ្ឌ ។
ក្រោយពីសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសរួច ជនជាប់ចោទកើតទុក្ខមិនសុខចិត្ត ក៏បានប្តឹងជំទាស់នឹងសេចក្តីសម្រេចនោះ ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។ បន្ទាប់មកសភាស៊ើបសួរសាលាឧទ្ធរណ៍ បានរក្សាទុកការចោទប្រកាន់នោះដដែល គ្រាន់តែបានបន្ធូរបន្ថយទោសពី១៤ឆ្នាំ មកនៅត្រឹម១០ឆ្នាំ និងបញ្ចុះថ្លៃជំងឺចិត្ត ពី៨០០លានរៀល មកនៅត្រឹម៤០០លានរៀលវិញ ។
តែយ៉ាងនេះក្តី ជនជាប់ចោទឈ្មោះ គុប ផា នៅតែមិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍ បានបន្តប្តឹងសារទុក្ខទៅតុលាការកំពូលបន្តថែមទៀត ។ ដូច្នោះហើយ ទើបតុលាការកំពូល បានលើកយកសំណុំរឿងនេះ មកបើកសវនាការជំនុំជម្រះក្តីឡើងវិញ តែទីបំផុតតុលាកាកំពូលនៅតែតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ។
សរុបមកវិញ អង្គហេតុដែលនាំឲ្យតុលាការកាត់ទោសដាក់ពន្ធនារគារទៅលើជនជាប់ចោទពី១៤ឆ្នាំ មកនៅត្រឹម១០ឆ្នាំនេះ គឺជនជាប់ចោទឈ្មោះ គុប ផា បានទទួលស្គាល់កំហុស និងសារភាពថា «ខ្លួនពិតជាបានកា.ប់ទៅលើជនរងគ្រោះពិតប្រាកដមែន» តែមិនមានបំណងសម្លា.ប់ស្ត្រីស្នេហ៍នោះទេ ដែលរឿងនេះបានផ្តើមចេញពីជម្លោះពាក្យសម្ដីនឹងគ្នាតិចតួច ដោយជនរងគ្រោះបានធាក់ចំពង.ស្វាស បណ្តាលឲ្យរូបគេខឹងរហូតទាញកាំបិតកា.ប់ដាច់ក.ដៃជនរងគ្រោះតែម្តង ៕
ចែករំលែកព័តមាននេះ