- ភ្នំពេញ
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យដោះលែងយានយន្ត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន…
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យដោះលែងយានយន្ត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន…
ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យដោះលែងយានយន្ត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់។ ការសម្រេចដោះលែងរថយន្តដឹកជញ្ជូនលើសទម្ងន់ នៅមុនកាលកំណត់នេះ មិនមែនជាការលើកទឹកចិត្ត ឬអនុញ្ញាតឲ្យរថយន្តដឹកជញ្ជូនទាំងនោះ បង្កបទល្មើសដឹកជញ្ជូនលើសទម្ងន់សាជាថ្មីឡើយ។
នៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល បានផ្សាយថា សម្តេច បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តារាជធានី-ខេត្តមួយចំនួន។
សំណេរដដែល លើកឡើងថា ពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាល បានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មី នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្ត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានផាកពិន័យ និងការឃាត់ទុកយានយន្ត ក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណា ដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យ តាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការដោះលែង។
ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយ ចូលរួមគោរព និងអនុវត្តតាមច្បាប់ ស្តីពី ផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង ស្តីពី ការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួង ត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀត អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏សូមកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយឈរលើបទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោះលែងយានយន្តទាំង ២២៩គ្រឿង ជូនទៅម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ក៏នាំឲ្យមានការលើកឡើងថា ដូចលើកទឹកចិត្ត ឲ្យឈ្មួញទុច្ចរិត បន្តដឹកជញ្ជូនទំនិញលើសទម្ងន់តទៅទៀត។
ដូច្នេះដើម្បីកុំឲ្យដូចពាក្យគេលើកឡើងខាងលើ មន្ត្រីជំនាញ មុនប្រគល់យានយន្តទាំងនោះ ឲ្យថៅកែដឹកជញ្ជូន ឬម្ចាស់យានយន្តវិញ ត្រូវតែធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ហើយថ្ងៃក្រោយ បើចាប់បានរថយន្តល្មើសនោះ ឬក៏របស់ឈ្មួញទុច្ចរិតទាំងនោះ ដឹកទំនិញលើសទម្ងន់ទៀត មិនត្រូវលើកលែងឡើយ។ ផាកពិន័យ តាមច្បាប់ ហើយឃាត់ទុក ១ឆ្នាំ និងអាចឈានទៅបិទក្រុមហ៊ុនដឹកជញ្ជូននោះចោលតែម្តង។
ចូរកុំភ្លេចថា រៀងរាល់ខែ ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្នែកជញ្ជីងថ្លឹងរថយន្ត បានបន្តចាប់ឃាត់រថយន្តផ្ទុកលើសទម្ងន់ ពិសេសរថយន្តដឹកទំនិញធុនធ្ងន់ធំៗ ប្រភេទកុងតឺន័រជាច្រើនគ្រឿង ហើយបើតាមរបាយការណ៍ គឺរថយន្តល្មើសទាំងនោះ បានផ្ទុកលើសទម្ងន់ ចាប់ពី ៥តោន រហូតដល់ ៣២តោន ក្នុង ១គ្រឿងៗ។
ការផ្ទុកទំនិញលើសទម្ងន់នេះ បានបង្កមហន្តរាយធ្ងន់ធ្ងរច្រើនយ៉ាង។ ទី១-រថយន្តផ្ទុកទំនិញលើសទម្ងន់ បង្កមហន្តរាយខ្លាំងជាងគេ គឺធ្វើឲ្យខូចផ្លូវ បាក់ស្ពាន ដែលយើងបានឃើញការចុះផ្សាយតាមសារព័ត៌មាន និងបង្ហោះតាមហ្វេសប៊ុកជាញឹកញាប់រួចមកហើយ និងទី២-រថយន្តដឹកទំនិញលើសទម្ងន់កំណត់នេះ ក៏ពេលខ្លះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដូចជា ករណីនៅលើស្ពានអ្នកលឿង កាលពីប៉ុន្មានឆ្នាំមុន ហើយថ្មីៗនេះ គឺករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំណត់ផ្លូវជាតិលេខ៤ បណ្តាលឲ្យខូចខាតស្ពាន បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ ដោយសារតែរថយន្តដឹកលើសទម្ងន់ទាំងនេះ។
ចុងក្រោយនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអាណត្តិរបស់លោក ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី បានចាត់វិធានការម៉ឺងម៉ាត់ ចាប់ផាកពិន័យ ហើយបើរថយន្តណា ដឹកទំនិញលើសទម្ងន់កំណត់ ចាប់ពី ២០%ឡើងទៅ ត្រូវពិន័យជាប្រាក់ តាមច្បាប់កំណត់រួចហើយ និងត្រូវចាប់ឃាត់ទុក រយៈពេល ១ឆ្នាំ។ វប្បធម៌អន្តរាគមន៍ ក៏ត្រូវបញ្ចប់។ រីឯមន្ត្រីនៅជញ្ជីងថ្លឹងទម្ងន់ណា ឃុបឃិតនឹងឈ្មួញទុច្ចរិត ដែលរកស៊ីដឹកជញ្ជូនលើសទម្ងន់នេះ ក៏ត្រូវដកហូតតំណែង និងចាប់បញ្ជូនទៅផ្តន្ទាទោស នៅតុលាការ ជាហូរហែ។
យ៉ាងណាក៏ដោយ ករណីនេះ បើសិនជាមន្ត្រីជញ្ជីងថ្លឹងរថយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តច្បាប់ត្រឹមត្រូវ និងតឹងរឹង គឺនឹងមិនមានរថយន្តដឹកលើសទម្ងន់ទេ។ នោះគឺរថយន្តដឹកជញ្ជូនទាំងអស់ នៅពេលផ្ទុកទំនិញ និងមុនចេញដំណើរពីក្រុមហ៊ុន គឺមន្ត្រីជំនាញ ត្រូវថ្លឹងម្តង នៅដើមទី ហើយនៅតាមផ្លូវជាតិធំៗ គឺត្រូវចាប់រថយន្តដឹកទំនិញទាំងអស់ ថ្លឹងម្តងទៀត និងនៅពេលចូលដល់កន្លែងទម្លាក់ទំនិញ ក៏ត្រូវថ្លឹងម្តងទៀត ដើម្បីផ្ទៀងផ្ទាត់។
ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវកាច់ថ្មុងក្រុមនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ និងឈ្មួញដ៏មានឥទ្ធិពល ដែលតែងតែការពារ និងកាងពីក្រោយរថយន្តដឹកទំនិញ មិនចូលជញ្ជីងថ្លឹង។ ធ្វើដូច្នេះ ដើម្បីឲ្យស្មើភាព និងឲ្យប្រាកដថា រថយន្តដឹកទំនិញទាំងអស់ មិនផ្ទុកលើសទម្ងន់កំណត់ ដែលបង្កបញ្ហាមុនគេ និងគ្រោះថ្នាក់ជាងគេ គឺខូចផ្លូវ និងស្ពាន ដែលមួយៗឆ្នាំ រាជរដ្ឋាភិបាល បានចំណាយលុយជួសជុល និងសាងសង់រាប់រយពាន់លានដុល្លារ។
ម្យ៉ាងទៀត នៅពេលនេះ សម្តេចតេជោ បានបញ្ជាឲ្យដោះលែងរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុក ១ឆ្នាំ តាមគោលការណ៍របស់រដ្ឋមន្ត្រី។ ដូច្នេះក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តដឹកជញ្ជូន ដែលជាឈ្មួញរកស៊ីខាងដឹកជញ្ជូនទាំងនោះ ក៏ត្រូវតែផ្តល់នូវទំនុកចិត្តជូនសម្តេចតេជោ ហ៊ុន សែន វិញ តាមរយៈការគោរពច្បាប់ ហើយរកស៊ីដឹកជញ្ជូនត្រឹមត្រូវ ផ្ទុកតាមទម្ងន់កំណត់ ដើម្បីកុំឲ្យគេយកបញ្ហានេះ រិះគន់លើថ្នាក់ដឹកនាំប្រទេស។
ដឹកជញ្ជូនតាមតែច្បាប់កំណត់ ក៏អាចធ្វើមានបាន និងចំណេញដែរ។ រីឯមន្ត្រីជំនាញខាងត្រួតពិនិត្យរថយន្តដឹកជញ្ជូន និងខាងថ្លឹងរថយន្តដឹកជញ្ជូន ក៏ត្រូវតែគោរពតាមភារកិច្ចការងារ និងក្រមសីលធម៌ ដោយមិនត្រូវធ្មេចភ្នែក ត្រូវរ៉ូវនឹងឈ្មួញទុច្ចរិត បណ្តោយឲ្យរថយន្តដឹកជញ្ជូន ដាក់លើសទម្ងន់ បើកបរបំផ្លាញផ្លូវ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដូចអ្វីដែលធ្លាប់កើតឡើង កន្លងមកនោះទេ។ សូមគោរពតួនាទីភារកិច្ចរបស់ខ្លួន និងធ្វើការងារ ដោយសតិសម្បជញ្ញៈ មានការទទួលខុសត្រូវខ្ពស់ ចំពោះជាតិមាតុភូមិ ហើយគោរពតួនាទី និងជាពិសេស «មិនត្រូវយល់ញាតិ ឃ្លាតច្បាប់ឡើយ»៕
ចែករំលែកព័តមាននេះ