ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដំណើរការនៅចុងឆ្នាំនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមិទ្ធផលថ្មីកាន់តែសំខាន់លើកកម្ពស់វិស័យទេសចរណ៍ខេត្តកំពត គឺកំពង់ផែទេសចរណ៍អន្តរជាតិនោះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ដើម្បីបម្រើវិស័យទេសចរណ៍ខេត្តជាប់សមុទ្រមួយនេះ ។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៨ ខែសីហា…

រាជធានីភ្នំពេញ ៖ សមិទ្ធផលថ្មីកាន់តែសំខាន់លើកកម្ពស់វិស័យទេសចរណ៍ខេត្តកំពត គឺកំពង់ផែទេសចរណ៍អន្តរជាតិនោះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ដើម្បីបម្រើវិស័យទេសចរណ៍ខេត្តជាប់សមុទ្រមួយនេះ ។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេចបានប្រមាណ ៨៤% និងការងារអគារអ្នកដំណើរសម្រេចបានប្រមាណ ៧៣% ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២១ ខាងមុខនេះ ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) ការសាងសង់កំពង់ ផែនេះស្ថិតក្រោមការគ្រប់គ្រង ដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន ។

កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ ១ លាននាក់ ។ កំពង់ផែនេះមានរចនាសម្ពន្ធតាមស្តង់ដាអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ) ។

កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក ។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ ។

លោករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលោក ព្រមទាំងលោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំក្រុមការងារ និងមន្ត្រីរាជការចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ