ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​បារម្ភ​! លោក លី ប៊ុ​ន​យី​ម នៅ​តែ​ផ្ទះ​សោះ​ក៏​ឆ្លង​កូ​វី​ដ ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​នា​ពេល​នេះ ស្ថានភាព​របស់​លោក​ព្រឹទ្ធាចារ្យ លី ប៊ុ​ន​យី​ម នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កាលពី​ពេល​ថ្មី​ៗ​នេះ​។ ស្ថាន​ភាព​នៅ​តែ​ធ្ងន់ធ្ងរ ដោយសារ​

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នា​ពេល​នេះ ស្ថានភាព​របស់​លោក​ព្រឹទ្ធាចារ្យ លី ប៊ុ​ន​យី​ម នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កាលពី​ពេល​ថ្មី​ៗ​នេះ​។ ស្ថានភាព​នៅ​តែ​ធ្ងន់ធ្ងរ ដោយសារ​លោក​ព្រឹទ្ធាចារ្យ​ផ្នែក​សិល្បករ​រៀមច្បង ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ តាំងពី​សម័យ​ដើម​រូប​នេះ កាន់តែ​ចាស់ជរា បូក​រួម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​នោះ​។

កូនប្រុស​របស់​លោក គឺ​លោក លី រ​ដ្ឋា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន​លោក​មិន​ទាន់​ដឹង​ពី​ស្ថានភាព​វិវត្តន៍​ថ្មី​បន្ថែម​ទៀត​ពី​ឪពុក​របស់​លោក​ឡើយ ដោយសារ​លោក​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក​។

លោក​បញ្ជាក់​ថា នា​ពេល​នេះ លោក​គ្រាន់តែ​ដឹង​ថា ឪពុក​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​មួយ​កន្លែង​នា​ខេត្តកណ្តាល​។ លោក​បន្ថែម​ថា នៅ​ពេល​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​នោះ ក្រុម​គ្រួ​សារបាន​ប្រាប់​សាច់ញាតិ​អោយ​ត្រៀម​ចិត្ត ព្រោះ​ឪពុក​របស់​លោក​អាច​នៅ​បន្ត​ត្រឹម​មួ​យស​ប្តា​ហ៍ ឬ​លើ​ល​ពី​នេះ​តិចតួច​ប៉ុណ្ណោះ​។

លោក​ថា បច្ចុប្បន្ន​ឪពុក​របស់​លោក​មាន​វ័យ​៨៧​ឆ្នាំ​ហើយ ហើយ​សម្រាក​តែ​នៅ​លើ​គ្រែ​ដោយ​មាន​ជំងឺ​ប្រចាំ​កាយ ខណៈ​ពេល​ខ្លះ​ឪពុក​របស់​លោក​ក៏​មានការ​វង្វេងវង្វាន់​ផង​ដែរ​។ លោក​និយាយ​ថា គាត់​ចាស់ជរា មាន​ជំងឺ​ប្រចាំ​កាយ​ទៀត ដូចនេះ​នៅ​ពេល​មាន​ជំងឺ​កូ​វី​ដ​វាយលុក​ទៀត​នោះ វា​ជា​ការ​ពិបាក​ណាស់ បើ​សូ​ម្បី​ក្មេង​នៅ​ពិបាក ចុះ​ទម្រាំ​គាត់​ចាស់​។

យ៉ាងណា បើ​តាម​លោក លីរ​ដ្ឋា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​ដឹង​ទេ​ថា ឪពុក​របស់​លោក​បាន​ឆ្លង​ជំងឺ​នេះ​មកពីណា បើ​គាត់​នៅ​តែ​ផ្ទះ​។ លោក​បញ្ជាក់​ថា ឪពុក​លោក​សម្រាក​តែ​នៅផ្ទះ​ដោយ​មាន​អ្នក​មើលថែ​បញ្ចុក​បាយ រឿង​អ្វី​បាន​គាត់​ឆ្លង​ជំងឺ​នេះ​។ យ៉ាងណា​លោក​គិត​ថា ឪពុក​របស់​លោក​ទំនងជា​អាច​ឆ្លង​មក​ពី​សមាជិកគ្រួសារ​ដែល​មើលថែ​ឪពុក​របស់​លោក ព្រោះ​បច្ចុ​ប្បន្ន​លោក​កំពុង​ស្នាក់​នៅ​ជាមួយនឹង​នារី​ម្នាក់​ដែល​លោក​មិនដឹង​ច្បាស់​ថា គាត់​ជា​ភរិយា​ថ្មី​ឪពុក​លោក​ឬ​យ៉ាងណា?។

លោក​ថា នារី​ដែល​ស្នាក់​នៅ​ជាមួយ​ឪពុក​របស់​លោក​តែងតែ​នាំ​សមាជិក​ក្រុម​គ្រួសារ​ចេញចូល​ជា​ញឹកញាប់​នៅផ្ទះ​ឪពុក​របស់​លោក​។ កត្តា​នេះ​លោក​គិត​ថា ឪពុក​របស់​លោក​អាច​ឆ្លង​មក​ពី​ពួក​គេ ដោយសារ​ពួក​គេ​ដើរហើរ​ច្រើន ហើយ​ទំនង​មិន​បានការ​ពារ​ដោយ​ការ​ពាក់​ម៉ាស ទើប​បណ្តា​អោយ​ឆ្លង​បែប​នេះ​។ មួយទៀត​លោក​ក៏​ឆ្ងល់​ថា ហេតុ​អ្វី​នារី​ម្នាក់​នោះ​មិន​នាំ​ឪពុក​របស់​លោក​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ? ព្រោះថ្នាំ​នេះ គេ​ចាក់​មិន​គិតថ្លៃ​ផង​នោះ​។

ទោះជា​យ៉ាងណា រហូត​មក​ទល់​ពេល​នេះ លោក​ក៏​កំពុង​រង់ចាំ​ដំណឹង​បន្ថែម​ពី​ស្ថានភាព​ជំងឺ​ឪពុក​របស់​លោក ខណៈ​ពេល​សាច់ញាតិ​របស់​លោក​នៅ​ស្រុក​ខ្មែរ​កំពុង​ព្យាយាម ដើម្បី​បាន​ទៅ​ទិដ្ឋភាព​នៃ​ការ​សម្រាក​ព្យាបាល​ឪពុក​លោក​។

គួរ​បញ្ជាក់​ថា ព្រឹទ្ធាចារ្យ លី ប៊ុ​ន​យី​ម គឺជា​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​មួយ​រូប​នា​សម័យ​ដើម ដោយ​លោក​មាន​នាទី​ជា​អ្នកនិពន្ធ អ្នកដឹកនាំ​រឿង អ្នកបច្ចេកទេស និង​ផលិតករ ដែល​មាន​ស្នាដៃ​ល្អ​ចំណាន ហើយ​បាន​ទទួល​ការ​សរសើរ​ពី​មហាជន​គ្រប់​ស្រទាប់​ទាំង​ជាតិ និង​អន្តរជាតិ​។

កាលពីមុន​ឆ្នាំ​១៩៧៥ លោក លី ប៊ុ​ន​យី​ម បាន​កសាង​ស្នាដៃ​ភាពយន្ត​ជា​ច្រើន សម្រាប់​ផលិតកម្ម​រន្ទះ​ពេជ្រ​ភាពយន្ត​របស់​លោក មាន​ដូច​ជា​រឿង «​សព្វ​សិទ្ធិ​» រឿង «​ពុទ្ធិ​សែន​នាង​ក​ង្រី​» រឿង «​អន​អើយ​ស្រី​អន​» រឿង «​សេះ​សមុទ្រ​» រឿង «​ចំណងដៃ​ទឹកភ្នែក​» ដែល​សុទ្ធតែ​ជា​ភាពយន្ត ដែល​ល្បីល្បាញ​កំពូល​តែ​ម្តង​។

លោក​ព្រឹទ្ធាចារ្យ លី ប៊ុ​ន​យី​ម បាន​ត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ នៅ​ក្នុង​ទស​វត្ស​៩០ ក្រោយ​ពី​លោក និង​ក្រុម​គ្រួសារ បាន​ភៀសខ្លួន​រត់​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នៅ​ខែមិថុនា ឆ្នាំ​១៩៧៥ ជា​ជនភៀសខ្លួន នៅ​ប្រទេស​វៀតណាម ហើយ​បន្ត​ទៅ​រស់នៅ​ប្រទេស​បារាំង​។

លោក​ព្រឹទ្ធាចារ្យ លី ប៊ុ​ន​យី​ម សព្វថ្ងៃ បាន​រស់នៅ​ក្នុង​គេហដ្ឋាន​នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ លោក​មានកូន​ប្រុស​ចំនួន​៥​នាក់ ជាមួយនឹង​ភរិយា​របស់​លោក​ក៏​ជាតា​រារ​ភាពយន្ត​ល្បីឈ្មោះ​ម្នាក់ គឺ​លោកស្រី វីរ​: តារា​។ ក្នុង​ចំណោម​កូនប្រុស​ទាំង​ប្រាំ​​នោះ គឺ​លោក លី រ​ដ្ឋា ដែល​សព្វថ្ងៃ​មាន​អាយុ​៥៤​ឆ្នាំ រស់នៅ​រដ្ឋ​កាលី​ហ្វ​ញ៉េ សហរដ្ឋអាមេរិក ជា​អ្នក​កាត់ត​ភាពយន្ត​នៅ​ក្នុង​ក្រុមហ៊ុន​ភាពយន្ត​អន្តរជាតិ​មួយ ហើយ​លោក​ធ្លាប់​មក​រស់នៅ​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ឆ្នាំ មក​ជួយ​ការងារ​លោក លី ប៊ុ​ន​យី​ម ជា​ឪពុក ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​រឿង​តុលាការ​អ​ទិ​ទេព កាលពី​ប៉ុន្មាន​កន្លង​ទៅ​។ លោក លី រ​ដ្ឋា ក៏​បាន​ទទួល​សញ្ញាបត្រ​ផ្នែក​កាត់ត​ភាពយន្ត​នេះ​ពី​ក្រុមហ៊ុន ហូ​លី​វូ​ដ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ