ខេត្តមណ្ឌលគិរី ៖ សត្វដំរីចិញ្ចឹមដែលបម្រើដល់វិស័យទេសចរណ៍ និងការប្រកបរបររបស់ជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរីកំពុងតែប្រឈមនឹងការផុតពូជដោយសារតែជំនឿយ៉ាងតឹងរ៉ឹងរបស់ជនជាតិដើមព្នង ។ ជនជាតិដើមព្នងមួយចំនួននៅក្នុងភូមិពូលូង កាលពីពេល ថ្មីៗកន្លងមកឲ្យដឹងថា វប្បធម៌របស់ជនជាតិព្នងទាក់ទិនទៅនឹងសត្វដំរីនោះ គឺមិនឱ្យដំរីមានកូនដោយមិនទាន់រៀបការទេ ហើយការរៀបការនោះអាចធ្វើពិធីធំជាងពិធីរៀបការរបស់មនុស្សទៅទៀត ។
ប្រសិនបើចង់ឲ្យដំរីមានកូន លុះត្រាតែបានរៀបចំពិធីសែនព្រេនឲ្យវា ក៏ដូចជារៀបចំពិធីជប់លៀងដ៏ធំមួយនៅក្នុងភូមិស្រុក ទើបអាចឱ្យវាមានកូនបាន ព្រោះមានជំនឿថា បើដំរីណាមួយដោយញីឈ្មោល ដោយចៃដន្យ ឬប្រការណាមួយ មិនបានរៀបចំពិធីការឲ្យវានោះនឹងមានគ្រោះអាក្រក់ចង្រៃដល់អ្នកស្រុកភូមិមិនខាន ។
ពិធីរៀបការ ឬសែនជូនសត្វដំរី តម្រូវឲ្យកាប់គោ ក្របី ជ្រូក មាន់ ទា រាប់រយក្បាល រួមមានទាំងស្រាពាងជាច្រើនទៀតផង ដើម្បីទទួលភ្ញៀវ ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលដំរីកំពុងស្ថិតក្នុងដំណាក់កាលពពោះ គឺពួកគេមិនអាចយកដំរីនោះទៅប្រើប្រាស់សម្របសម្រួលជីវភាពគ្រួសារបានទេ ។ រយៈពេលនៃការពពោះរបស់សត្វដំរី គឺដល់ទៅជាងពីរឆ្នាំឯណោះ ។
ចំណែកអ្នកដែលមានដំរីឈ្មោល ប្រសិនបើមានការធ្វេសប្រហែសធ្វើឲ្យដំរីរបស់ខ្លួនទៅពាក់ដំរីញីរបស់គេនោះនឹងត្រូវម្ចាស់ដំរីញីលក់ (តម្រូវឲ្យរៀបចំពិធីការឲ្យដំរីនោះ) ប្រសិនបើអ្នកនោះមិនព្រមធ្វើតាមប្រពៃណីទេនោះ អ្នកស្រុកប្រាកដជាដេញម្ចាស់ដំរីនោះចេញពីស្រុកភូមិជាក់ជាមិនខាន ។
សព្វថ្ងៃនេះដំរីទាំងអស់ក្នុងខេត្តមណ្ឌលគិរីត្រូវគេចិញ្ចឹមដើម្បីប្រើការដឹកជញ្ជូនកសិផលពីក្នុងព្រៃ មួយចំនួនទៀតគេយកដាក់ឲ្យអ្នកទេសចរមើលកម្សាន្តយកប្រាក់កម្រៃដើម្បីដោះស្រាយជីវភាព ។
ភ្នាក់ងារមគ្គុទេ្ទសទេសចរណ៍បានប្រាប់អ្នកយកព័ត៌មានថា ពួកគាត់កំពុងតែព្យាយាមបញ្ចុះបញ្ចូលដល់ជនជាតិព្នងដែលមានដំរីឲ្យបន្តពូជដល់វា ព្រមទាំងកំពុងស្វែងរកជំនួយដើម្បីធ្វើពិធីផងដែរ ។ ប្រសិនបើនៅតែដូច្នេះនឹងត្រូវបាត់បង់កម្មវិធីមើលដំរី ដែលជាផ្នែកមួយទាក់ទាញអ្នកទេសចរអន្តរជាតិ ឲ្យចង់ទៅកម្សាន្តក្នុងខេត្តមណ្ឌលគិរី ដោយសារតែដំរីស្រុកត្រូវផុតពូជ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តលោកងិន សុវិមាន ថ្លែងថា «ជារៀងរាល់ថ្ងៃមានអ្នកទេសចរអន្តរជាតិជាច្រើនក្រុមធ្វើដំណើរមកខេត្តមណ្ឌលគិរី ក្នុងគោលបំណងចម្បង ដើម្បីទស្សនាសត្វដំរី និងជីវភាពរស់នៅរបស់ជនជាតិភាគតិចព្នង ។ ពួកគេចូលចិត្តផ្តល់ចំណី និងមុជទឹកជាមួយដំរី ឯអ្នកខ្លះចូលចិត្តធ្វើដំណើរចូលក្នុងព្រៃជ្រៅ និងស្នាក់នៅជាមួយបងប្អូនជនជាតិដើមភាគតិច ។ ស្ទើរ៩០%ទៅ៩៥%ហើយសុទ្ធតែជនបរទេសជួលដំរីជិះ មិនសូវមានជនជាតិខ្មែរទេ» ។
ដំរីទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី មានចំនួនជិត២០ក្បាល ក្នុងនោះដំរី៥ក្បាលនៅភូមិពូលូង ចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីទីរួមខេត្ត និងនៅភូមិពូតាំង ចម្ងាយប្រហែល៥គីឡូម៉ែត្រពីទីរួមខេត្ត មានដំរី១២ក្បាល ។ ដំរីទាំងនោះជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ។ ចំណែកតម្លៃក្នុងការជួលជិះមួយថ្ងៃសម្រាប់អ្នកទេសចរបរទេសចាប់ពី១៤០.០០០រៀលឡើងទៅ និងចំពោះជនជាតិខ្មែរចាប់ពីតម្លៃ៦០.០០០រៀលឡើងទៅ ៕
ចែករំលែកព័តមាននេះ