ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភ្លាមៗក្រោយពីសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ត្រូវបានរដ្ឋសភាអាមេរិកអនុម័តនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មខ្លាំងថា សេចក្តីស្នើច្បាប់នេះ…

រាជធានីភ្នំពេញ ៖ ភ្លាមៗក្រោយពីសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ត្រូវបានរដ្ឋសភាអាមេរិកអនុម័តនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មខ្លាំងថា សេចក្តីស្នើច្បាប់នេះ គឺមានលក្ខណៈរើសអើង គ្មានភាពយុត្តិធម៌សម្រាប់កម្ពុជានោះទេ ។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពនារសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ នេះថា «សេចក្តីស្នើច្បាប់នេះ ជាច្បាប់មួយ មានភាពរើសអើង មិនយុត្តិធម៌ ហើយមិនតំណាងការពិត អ្វីដែលកើតមាននៅក្នុងកម្ពុជានោះទេ ។ កម្ពុជា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងថែរក្សា សុវត្ថិភាព ស្ថេរភាព ដើម្បីពង្រឹងនីតិរដ្ឋតាមរបបលទ្ធិប្រជាធិបតេ្យ ។ ហើយច្បាប់នោះ ខ្ញុំមើលឃើញថា មិនត្រឹមតែមានភាពរើសអើង និងអយុត្តិធម៌សម្រាប់ (កម្ពុជា) នោះទេ តែសេចក្តីស្នើច្បាប់នេះ ជាឧបសគ្គមួយនៃការខិតខំប្រឹងប្រែងនៃរដ្ឋាភិបាលទាំងពីរ គឺរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលភ្នំពេញ និងរដ្ឋាភិបាលវ៉ាស៊ីនតោន ។

សេចក្តីស្នើ​ច្បាប់ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០២១​ ឬហៅថា Cambodia Democracy Act of 2021 ​ត្រូវបាន​រដ្ឋសភា​អាមេរិក​អនុម័ត នៅថ្ងៃទី​២៩ ខែកញ្ញា ​ឆ្នាំ២០២១ ដែល សេចក្តីស្នើច្បាប់នេះ មានគោលបំណងដាក់ទណ្ឌកម្មដូចជា បង្កក់ទ្រព្យសម្បត្តិ ក៏ដូចជាបដិសេធទិដ្ឋាកាចូលទឹកដីអាមេរិកលើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល មន្រ្តីយោធា និងមន្រ្តីសន្តិសុខជាតិកម្ពុជាដែលរកឃើញថាបានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក Alan Lowenthal ​អ្នកតំណាងរាស្ត្រ​​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំនៅរដ្ឋ California ដែលគេបានស្គាល់ថាមានភាពស្និទស្នាលនឹងអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះសារបញ្ជាក់ថា លោក មានសេចក្តីសោមនស្សរីករាយចំពោះការអនុម័តច្បាប់ទ្វេភាគីនៅថ្ងៃនេះ ដែលនឹងដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលកម្ពុជាដែលទទួលខុសត្រូវចំពោះការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

លោក Alan Lowenthal បានសរសរបន្តថា «ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០២១ នេះនឹងបង្កកទ្រព្យសម្បត្តិទាំងអស់នៅអាមេរិក រឹតត្បិតរាល់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយអាមេរិក និងបដិសេធ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលយោធានិងមន្រ្តីកងកម្លាំងសន្តិសុខ ដែលប្រធានាធិបតីអាមេរិកកំណត់ បានធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់និងដោយផ្ទាល់នៅកម្ពុជា ចូលទឹកដីអាមេរិកឡើយ» ។


យ៉ាងណាមិញ ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា លោកជឿជាក់ថា ប្រធានាធិបតិអាមេរិក លោក ចូ បៃឌិន នឹងមិនអនុវត្តច្បាប់នេះឡើយ បើសិនជាសេចក្តីស្នើច្បាប់នេះក្លាយជាច្បាប់នៅថ្ងៃណាមួយនាពេលខាងមុខក៏ដោយ ។ ឯកឧត្តមបានបន្តថា កាលពីពេលថ្មីៗនេះ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman  បានដឹកនាំគណៈ​ប្រតិភូ​មួយ​ក្រុម​មក​​កាន់​រាជធានីភ្នំពេញកាលពីខែ មិថុនា ដែលមកក្នុងនាមជា អ្នកតំណាង លោកប្រធានាធិបតី ចូ បៃឌិន ។ ហើយលោកស្រី អនុរដ្ឋមន្ត្រីការបរទេស អញ្ជើញមក ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការស្វែងរក ការពង្រឹងនូវការគោរពគ្នាទៅវិញទៅមក ពង្រឹងនូវផលប្រយោជន៍ទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman ពេលជួបប្រជុំជាមួយសម្តេចតេជោ កាលពីខែមិថុនា

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបន្តថា «ដូច្នេះច្បាប់ហ្នឹង គឺគ្រាន់តែជាសេចក្តីស្នើច្បាប់ ដែលវាជាឧបសគ្គសម្រាប់ការប្រឹងប្រែងរបស់រដ្ឋាភិបាលទាំង ២។ អាស្រ័យហេតុដូច្នេះហើយ ខ្ញុំមិនជឿ ថា លោកប្រធានាធិបតិ ចូ ប៉ៃឌិន នឹងអនុវត្តនូវច្បាប់នោះទេ បើសិនជាសេចក្តីស្នើច្បាប់ក្លាយទៅជាច្បាប់ ខាងនីតិប្រតិបត្តិ លោក ចូ ប៉ៃឌិន នឹងមិនអនុវត្តនោះទេ ។ ពីព្រោះរដ្ឋាភិបាលទាំងពីរ កំពុងតែប្រឹងប្រែង ណាស់ អ្វីដែលជាអាទិភាព គឺពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ តាមខ្ញុំមើល។ ហើយច្បាប់នេះជាឧបស័គ្គ មិនមែនតែត្រឹមទ្វេភាគីរវាង សហរដ្ឋអាមេរិក ជាមួយនឹងកម្ពុជានោះទេ តែក៏ប៉ះពាល់ដល់ពហុភាគីនៅក្នុងតំបន់ផងដែរ »។ ឯកឧត្តម ផៃ ស៊ីផាន បន្ថែមថា «ពីព្រោះនៅក្នុងតំបន់អាស៊ានយើង យើងនិយាយអំពីកុងសង់ស៊ីស  បើរឿងណាមួយដែលកម្ពុជា យល់ឃើញថាវាគ្មានតម្លៃក្នុងការគាំទ្រទេ កម្ពុជានឹងមិនគាំទ្រ ។ បានសេចក្តីថា គ្មានការសម្រេចណាដើម្បីចេញ ព្រោះជាលក្ខណៈ កុងសង់ស៊ីស ។ ដូច្នេះហើយបានចង់និយាយថា ច្បាប់នេះគឺជាឧបសគ្គ នៃទំនាក់ទំនងទ្វេភាគី និងពហុភាគី » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ