ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តវ៉ាចង់បើកផ្សារឡើងវិញ! ដល់ពេលធ្វើតេស្ត អាជីវករផ្សារសាមគ្គី ហៅ ផ្សារប៉ាហ៊ី ១៥០នាក់ រកឃើញវិជ្ជមានកូវីដ ៣៥នាក់

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ គិត​ត្រឹម​វេលា​ម៉ោង ១២ និង ១៥​នាទី ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន  បានធ្វើ​តេស្ត…

ខេត្ត​ប៉ៃលិន​៖ គិត​ត្រឹម​វេលា​ម៉ោង ១២ និង ១៥​នាទី ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន  បានធ្វើ​តេស្ត លើ​អាជីវករ ចំនួន ១៥០​នាក់ ក្នុងចំណោម ២៩៦​នាក់ ស្រាប់តែ​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ រហូតដល់ ៣៥​នាក់​។ ចំណែក​អ្នកពាក់ព័ន្ធ​ជាមួយនឹង​អាជីវករ មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ នឹងធ្វើ​តេស្ត នៅពេល​ក្រោយ​ទៀត​។

​ហេតុការណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ នៅលើ​អាជីវករ​នេះ បានធ្វើ​ឡើង ចាប់តាំងពី​ម៉ោង ៩​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ នៅក្នុង​ផ្សារ​សាមគ្គី ហៅ ផ្សារ​ប៉ា​ហ៊ី ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​លោក​អភិបាលរង ខេត្ត​ប៉ៃលិន ចេង ញ៉ា​ន់ បានបញ្ជាក់​ឱ្យដឹង នៅ​កន្លែង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ នៅ​ផ្សារ​ប៉ា​ហ៊ី​ថា  ដោយសារ​តែ​​អាជីវករ​ទាំងអស់ ចង់ឱ្យ​ខាង​រដ្ឋបាលខេត្ត បើក​ផ្សារ​ជូន​ពួកគាត់ ចូល​លក់​ឡើងវិញ ក្រោយពី​បិទទ្វារ​អស់​រយ​:​ពេល​ជិត ២​ខែ ទើប​រដ្ឋបាលខេត្ត សម្រេចចិត្ត​ហៅ​អាជីវករ​ទាំងអស់ មក​ធ្វើតេស្ត​ជាមុនសិន ដើម្បី​រក​មេរោគ​កូ​វីដ ១៩​។ លុះ​ក្រោយពី​មន្ត្រី​សុខាភិបាល ចាប់ផ្តើម​ពិនិត្យ តាំងពីព្រឹក រហូតមកដល់​ថ្ងៃត្រង់   ខណ​:​មិនទាន់​ធ្វើតេស្ត​អាជីវករ​អស់​នៅឡើយ ស្រាប់តែ​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ រហូតដល់​ទៅ ៣៥​នាក់​។

​ប្រភព​បន្តទៀតថា រដ្ឋបាលខេត្ត ត្រូវធ្វើ​តេស្ត​អាជីវករ និង​អ្នក​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​អាជីវករ នៅ​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ដែល​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។

​លោក​អភិបាលរង​ខេត្ត​បន្ថែមទៀតថា ពេល​មន្ត្រី​សុខាភិបាល​ខេត្ត​ប៉ៃលិន ធ្វើតេស្ត​អ្នកភូមិ ដែលមាន​បញ្ហា​ក្នុង​ខ្លួន ស្រាប់តែ​រកឃើញ​មេរោគ​កូ​វីដ​១៩ លុះ​សួរនាំ​គេ​ប្រាប់ថា ធ្លាប់​ចូលទៅក្នុង​ផ្សារ​សាមគ្គី ហៅ ប៉ា​ហ៊ី​។ ដូច្នេះ ដោយ​សង្កេតឃើញ មានការ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ច្រើន​ករណីបែបនេះ រដ្ឋបាលខេត្ត នឹង​បន្ត​ធ្វើតេស្ត​អាជីវករ ដោយ​យកចិត្តទុកដាក់​បំផុត ហើយ​យក​អ្នក​កើត​ជំងឺ​ទាំងនោះ ទៅ​ព្យាបាល​នៅ​មណ្ឌល​សាលា​ក្រៅ​។ តែបើ​អ្នកជំងឺ​កូ​វីដ​១៩ នោះ មានផ្ទះ​នៅ​ដាច់ដោយឡែក​ពី​អ្នកដទៃ អាចឱ្យ​ស្នាក់នៅ​ព្យាបាល​ក្នុងផ្ទះ​របស់ខ្លួន ដោយមាន​ការតាមដាន​ពី​ក្រុមគ្រូពេទ្យ ហើយ​តូប​ដែល​ម្ចាស់ កើត​ជំងឺ​កូ​វីដ​១៩ នឹងត្រូវ​បិទទ្វារ​បន្តទៀត មិន​អនុញ្ញាតឱ្យ​លក់ដូរ​នោះឡើយ រហូតដល់​ព្យាបាល​ជាសះស្បើយ ទើប​អាច​លក់ដូរ​ឡើងវិញ​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ