ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់ចោទ ជាឃាតក មិនសុខចិត្ត ប្តឹងសារទុក្ខ តុលាការកំពូលប្រកាសសាលដីកាថ្ងៃទី៥តុលា ក្នុងសំណុំរឿងប្ដី សម្លា.ប់ប្រពន្ធ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សំណុំរឿង​ឃាតកម្ម ក្នុង​គ្រួសារ​ខ្មែរឥស្លាម ដែល​ប្ដី​បាន​ចាក់​សម្លាប់​ប្រពន្ធ ចោល​កូនតូចៗ ២​នាក់ ត្រូវបាន​តុលាការ​កំពូល​បើកសវនាកា​រ​កាត់ទោស តាម​បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ បន្ទាប់ពី​តុលាការ ជាន់​ទាប…

រាជធានី​ភ្នំពេញ​៖ សំណុំរឿង​ឃាតកម្ម ក្នុង​គ្រួសារ​ខ្មែរឥស្លាម ដែល​ប្ដី​បាន​ចាក់​សម្លាប់​ប្រពន្ធ ចោល​កូនតូចៗ ២​នាក់ ត្រូវបាន​តុលាការ​កំពូល​បើកសវនាកា​រ​កាត់ទោស តាម​បណ្ដឹង​សារទុក្ខ​របស់​ជនជាប់ចោទ បន្ទាប់ពី​តុលាការ ជាន់​ទាប ផ្ដន្ទាទោស​ដាក់គុក​អស់​មួយជីវិត​ហើយ​នោះ​។​

 តុលាការ​កំពូល បាន​បើកសវនាការ​លើ​បណ្តឹង​សារទុក្ខ​មួយ​នេះ នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ ដែលមាន​ជនជាប់ចោទ​ឈ្មោះ បេ វ៉ាន់​សាក់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មាន​ទីលំនៅ​មុនពេល​ចាប់ខ្លួន ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល ជនជាប់ចោទ​បាន​សារភាព​ទទួលស្គាល់​កំហុស​ថា ពិតជា​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ប្រាកដ​មែន ដោយសារ​ភ្លើង​ប្រច័ណ្ឌ ប៉ុន្តែ​ស្នើសុំ​ឲ្យ​តុលាការ​កំពូល ជួយ​បន្ធូរ​បន្ថយទោស​ខ្លះ ដើម្បី​កសាង​ខ្លួន រស់នៅ​ក្រៅ​ឃុំ រកស៊ី​ចិញ្ចឹម​កូន​តូ ច​២ នាក់​វិញ​។

​សវនាការ​បាន​សាកសួរ​ដេញដោល​ជា​សាធារណៈ និង​បានបញ្ចប់ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ទើប​ប្រធាន​ក្រុមប្រឹក្សាតុលាការ​កំពូល បានកំណត់​យក​ថ្ងៃ​៥ ខែតុលា ឆ្នាំ​២០២១ ប្រកាស​សាលដីកា​សម្រេច​លើ​សេចក្ដី​។

​សូម​រម្លឹកថា សំណុំរឿង​ឃាតកម្ម​នេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាលពី​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ សម្រេច​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ ដាក់ពន្ធនាគារ​មួយជីវិត ក្រោម​ការចោទប្រកាន់​ពីបទ​.​ឃាត កម្ម គិតទុក​ជាមុន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​ជនដៃដល់​សង​សំណង​រដ្ឋប្បវេណី ចំនួន ៥០ លាន​រៀល​ផងដែរ​។

​សាលក្រម​របស់​តុលាការ​ថ្នាក់ក្រោម​នោះ ត្រូវ​ជនជាប់ចោទ​កើតទុក្ខ​មិន​សុខចិត្ត បាន​ប្ដឹង​ឧទ្ធរណ៍ ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍ សម្រេច​រក្សាទុក​សាលក្រម​របស់​សាលាដំបូង ជា​បានការ​ដដែល ទើប​ជនជាប់ចោទ បាន​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពួ​ល​ទៀត​នោះ​។

​សូម​រម្លឹក​ទៀតថា កាលពី​វេលា​ម៉ោង ១២ និង ៣០ នាទី​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦ មាន​អំពើហិង្សា គួរ​ឲ្យ​រន្ធត់​មួយ ដោយ​ស្ត្រី​រងគ្រោះ ជា​ខ្មែរឥស្លាម​ម្នាក់ ត្រូវបាន​ជនសង្ស័យ​ជា​ប្ដី ចាក់​សម្លាប់ ចំនួន ១៨​កាំបិត ស្ថិតនៅ​ផ្ទះជួល គ្មាន​លេខ តាមផ្លូវ​ទន្លេសាប ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​អំពើហិង្សា​នោះ បាន​ក្លាយជា​ឃាតកម្ម ដោយ​ប្តី ចាក់​សម្លាប់​ប្រពន្ធ​ជាច្រើន​កាំបិត រហូតដល់​ស្លាប់ ក្នុង​ថ្លុកឈាម​។  នេះ​បើតាម​សម្តី​កូនប្រុស​ជនរងគ្រោះ ឈ្មោះ សេត រ៉ូ​ហ៊ា​ត អាយុ ៨​ឆ្នាំ​។ កូន ឲ្យ​ដឹងថា មុនពេល​កើតហេតុ វេលា​ម៉ោង​ប្រមាណ ៨​យប់ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦ ខ្លួន​បាន​ចូលដេក​ក្នុងផ្ទះ​ជាមួយ​ម្តាយ និង​ប្អូនស្រី ចំណែក​ប៉ា ទៅ​ដេក​យាម​គោ នៅ​ក្រោល​មាត់ទន្លេ​។ ពេលដេក​លក់ មិនដឹង​ម៉ោង​ប៉ុន្មាន ស្រាប់តែ​ឮសូរ​សំឡេង​ម្តាយ​ស្រែក​ជួយ​ផងៗ ខ្លួន​ក៏​ភ្ញាក់ពីដេក​ឃើញ​ប៉ា​កំពុងតែ​យក​កាំបិត ចាក់​លើ​ម្តាយ​ជាច្រើន​កាំបិត ពេលនោះ ម្តាយ​ក៏​រត់​ចេញទៅ​ក្រៅ ហើយក៏​ដេក​ដួល​លើដី​ខាងមុខផ្ទះ​។ ឈាម​ហូរ​ជាច្រើន​។ ចំណែក​ប៉ា ក៏​រត់​ចេញទៅ​បាត់​។

​ក្រោយ​ហេតុការណ៍​នោះ កើតឡើង ទើប​សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន ចុះទៅ​ដល់ និង​បានធ្វើ​កំណត់ហេតុ​ជុំវិញ​អំពើហិង្សា​នោះ ដោយ​បញ្ជាក់ថា គឺជា​ករណី​ឃាតកម្ម ដែលមាន​ជនរងគ្រោះ ឈ្មោះ ថា ទូ​លាស់ ម៉ៃ​យ៉ាន ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មុខរបរ​លក់ដូរ មានកូន ២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ដោយមាន​ស្លាកស្នាម​កាប់​ចាក់​លើ​ក្បាល និង​ដងខ្លួន ចំនួន ១៨ កាំបិត ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​បន្ទាប់មក សមត្ថកិច្ច បានកំណត់​មុខសញ្ញា និង​ឈានទៅដល់​ការឃាត់ខ្លួន​ជនដៃដល់ ដែលជា​ឃាតក គឺ​ប្តី​ចាក់​សម្លាប់​ប្រពន្ធ ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​។

​ក្រុមអ្នកច្បាប់ យល់ឃើញថា ករណី​អំពើហិង្សា ក្លាយជា​ឃាតកម្ម​មួយ​នេះ ទំនងជា​តុលាការ​កំពូល មិនអាច​បន្ធូ​បន្ថយទោស ដល់​ការស្នើសុំ​របស់​ជនជាប់ចោទ​នោះបានទេ ព្រោះ​ការសម្លាប់​ជនរងគ្រោះ ជា​អំពើ​ឃោរឃៅ​បំផុត​៕ ឃឹម ប៊ុន​ណាក់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ