ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់អន្តរជាតិឱ្យមកទស្សនា ពីព្រោះកម្ពុជាមាន «សុវត្ថិភាព កូវីដ ១៩»

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោមការជឿជាក់លើការចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេសយ៉ាងឆាប់រហ័សនោះ នាពេលនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងអំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយទៅកាន់ទីផ្សារពិភពលោកយ៉ាងទូលាយហើយ ដោយផ្តោតលើខ្លឹមសារ «សុវត្ថិភាព» ស្របពេលដែលកម្ពុជាក៏ត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខផងដែរ…

រាជធានីភ្នំពេញ ៖ ក្រោមការជឿជាក់លើការចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេសយ៉ាងឆាប់រហ័សនោះ នាពេលនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងអំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយទៅកាន់ទីផ្សារពិភពលោកយ៉ាងទូលាយហើយ ដោយផ្តោតលើខ្លឹមសារ «សុវត្ថិភាព» ស្របពេលដែលកម្ពុជាក៏ត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខផងដែរ ។

ការប្រកាសយ៉ាងដូច្នេះបានធ្វើឡើងនៅ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២១» ដែលធ្វើឡើងនាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ តាមប្រព័ន្ធអន ឡាញ ដែលក្រសួងទេសចរណ៍ជាម្ចាស់ផ្ទះ ។ ក្រសួងទេសចរណ៍បានអះអាងថា «បច្ចុប្បន្ន កម្ពុជាត្រូវបានទទួលស្គាល់ថា មានភាពជឿនលឿនលើការចាក់វ៉ាក់សាំង ដែលពិភពលោកចាត់ទុកថា ជាយុទ្ធសាស្ត្រគន្លឹះនៃការបើកទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិពេញលេញឡើងវិញ ។ ក្នុងបរិការនេះ ក្រសួងទេសចរណ៍នឹងផ្ដោតលើសុវត្ថិភាពជាសារគន្លឹះនៃការផ្សព្វផ្សាយទាក់ទាញទេសចរជាតិ និងអន្តរជាតិ» ។

កម្ពុជាបានស្នើឱ្យភាគីពាក់ព័ន្ធ ជាពិសេសផ្នែកឯកជនត្រូវចូលរួមរៀបចំការផ្សព្វ ផ្សាយរបស់ខ្លួន ដោយផ្តោតសំខាន់លើខ្លឹមសារ «កម្ពុជាសុវត្ថិភាព -Cambodia Safe» ហើយបានអំពាវនាវឱ្យប្រតិបត្តិករពាក់ព័ន្ធចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទទួលបាន «ឡាបែលវិធានសុវត្ថិភាពទេសចរណ៍» ដែលក្រសួងទេសចរណ៍បានដាក់ចុះរួចហើយនោះ ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានស្នើឱ្យការីទេសចរណ៍ក្នុងស្រុកបង្កើនបន្ថែមទៀតនូវកញ្ចប់ទេសចរណ៍ប្លែកៗ តាមប្រធានបទផ្សេងៗ (Thematic Tour Package) ដូចជាដំណើរទស្សនកិច្ចម្ហូបអាហារ ផ្លែឈើ កសិកម្ម ព្រឹត្តិការណ៍ជាក់លាក់មួយចំនួនតាមតំបន់ដែលមានការអនុញ្ញាតជាដើម ។ ទន្ទឹមនឹងនេះ ដើម្បីផ្តល់ព័ត៌មានជាក់លាក់ និងទាន់ពេលវេលាអំពីសុវត្ថិភាពគោលដៅទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទេសចរអន្តរជាតិ នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យ និងព័ត៌មានស្តីពីការចាក់វ៉ាក់សាំង ការឆ្លង ការអនុវត្តស្តង់ដាប្រតិបត្តិ (SOP) ព្រមទាំងការអនុវត្តវិធានសុខាភិបាល និងរដ្ឋបាលតាមតំបន់គោលដៅទេសចរណ៍ ដោយបង្កើតឱ្យមានថ្នាលតាមដានគោលដៅទេសចរណ៍កម្ពុជា (Cambodia Destination Tracker) ដែលអាចភ្ជាប់ទៅនឹងគេហទំព័រផ្លូវការណាមួយ ។

«ប្រសិនបើថ្ងៃអនាគត មិនទាន់មានវ៉ាក់សាំងកូវីដ-១៩ ចាក់ពីកំណើត នោះវិស័យទេសចរណ៍ត្រូវត្រៀមខ្លួនបង្កើតថ្មី រាប់ចាប់ពីការផលិតយន្តហោះ រហូតដល់ឧបករណ៍ចម្រោះខ្យល់ក្នុងទីតាំងអាជីវកម្មទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លង ។ យ៉ាងណាមិញ ក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នជាតិ-អន្តរជាតិដទៃទៀតបានបង្ហាញក្ដីសង្ឃឹមថា «មនុស្សតែងរកឃើញដំណោះស្រាយ, វិបត្តិតែងមានទីបញ្ចប់» នេះជាការគូសបញ្ជាក់របស់ក្រសួងទេសចរណ៍ ។ របាយការណ៍ក្រសួងការពារជាតិ ដែលចេញផ្សាយនាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ លើកទី ១ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ២,៧៥៦,៨៤៤ នាក់ ខណៈចាក់លើកទី ២ បានចំនួន ២,៧២១,៦០៤ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ