ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ រក​ដី​សង់ផ្ទះ​មិន​បាន សុំ​ដី​សាលាឃុំ​ធ្វើ​ផ្ទះ​

2 ឆ្នាំ មុន
  • កំពត

ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ឯម កែម អាយុ​៦៧​ឆាំ្ន ដែល​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន​៤​នាក់ បច្ចុប្បន្ន​រស់នៅ​លើ​ដី​សាលាឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ដោយសារ​តែ​គាត់​គ្មាន​ដី​ដើម្បី​សង់ផ្ទះ​ស្នាក់​នៅ

ខេត្តកំពត ៖ ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ ឯម កែម អាយុ​៦៧​ឆាំ្ន ដែល​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន​៤​នាក់ បច្ចុប្បន្ន​រស់នៅ​លើ​ដី​សាលាឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ដោយសារ​តែ​គាត់​គ្មាន​ដី​ដើម្បី​សង់ផ្ទះ​ស្នាក់​នៅ ។

ស្ត្រី​ចំណាស់​រូប​នេះ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆាំ្ន​២០២១ នេះ ថា គ្រួសារ​គាត់​ពិតជា​អភ័ព្វ​ណាស់ តាំងពី​គាត់​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​មក ហើយ​ថែម​ទាំង​ទទួល​រ៉ាប់រង​ចិញ្ចឹម​ចៅ​កំព្រា​ចំនួន​៤​នាក់​ទៀត ។ ពី​មុន ក៏​គាត់​មាន​ប្ដី​ដូច​គេឯង​ដែរ និង​មានស្រុក​កំណើត​នៅ​ភូមិ​សង្កែ​ដួច ឃុំ​ស្ដេច​គង់​ខាងត្បូង តែ​ក្រោយមក​គាត់​បាន​ទៅ​នៅ​ឯ​ខេត្តបាត់ដំបង​វិញ​។ នៅ​ក្នុង​ឆាំ្ន​២០១៥ ប្ដី​គាត់​ក៏​លួច​មាន​ប្រពន្ធចុង ហើយ​វាយ​ធ្វើបាប​គាត់​គ្មាន​ត្រា​ប្រណី រហូត​ដល់​លែងលះ​ចែកផ្លូវ​គ្នា គាត់​ក៏​ត្រឡប់​មក​ស្រុក​កំណើត​វិញ គឺ​នៅ​ភូមិ​សង្កែ​ដួច ឃុំ​ស្ដេច​គង់​ខាងត្បូង ។

ស្ត្រី​មេម៉ាយ​រូប​នេះ​រៀបរាប់​ទៀត​ថា ពេល​គាត់​មក​ដល់​ស្រុក​កំណើត​វិញ គាត់​បាន​ដើរ​សុំ​ដី​បងប្អូន​អ្នកស្រុក​ស្នាក់​នៅ​បណ្ដោះអាសន្ន ប៉ុន្តែ​អ្នកស្រុក អ្នក​ភូមិ​មិន​ឱ្យ​ស្នាក់​នៅទេ គេ​ខ្លាច​នៅ​លែង​ចេញ ។ ដោយសារ​តែ​បញ្ហា​បែប​នេះ​ហើយ ទើប​គាត់​ងាក​មក​សុំ​ដី​អាជ្ញា ធរ​ឃុំ​ស្ដេច​គង់​ខាងត្បូង ដើម្បី​សង់ផ្ទះ​ស្នាក់​នៅ លើ​ដី​ជាប់​សាលាឃុំ​តែ​ម្ដង ។ គាត់​ក៏​បាន​អរគុណ​អាជ្ញាធរ​ឃុំ ដែល​បានឱ្យ​គាត់​ស្នាក់​នៅ​លើ​ដី​សាលាឃុំ​រយៈពេល​ជិត​១០​ឆាំ្ន​មក​ហើយ ។

ស្ត្រី​ឈ្មោះ ឯម កែម និយាយ​ទៀត​ថា នៅ​ពេល​ថ្មី​ៗ​នេះ គាត់​បាន​សុំ​អាជ្ញាធរ​មូលដ្ឋាន​នូវ​ដី​ព្រៃ​កន្លែង​ណា​ដែល​ជា​ដី​រដ្ឋ សុំ​ធ្វើ​ជា​កម្មសិទ្ធិ​រស់នៅ​ដោយ​ស្របច្បាប់ ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​ដី​ឱ្យ​គាត់​នោះ​ទេ ។

ទាក់ទង​នឹង​ស្ត្រី​មេម៉ាយ​ចំណាស់ ឯម កែម ដែល​គ្មាន​ដី​សាងសង់​ផ្ទះ និង​ស្នាក់​នៅ​លើ​ដី​សាលាឃុំ​ខាងលើ​នេះ ត្រូវ​លោក អូក ផា​ន្នី មេឃុំ​ស្ដេច​គង់​ខាងត្បូង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ​ថា ស្ត្រី​ចំណាស់​ខាងលើ​ពិតជា​អត់​ដី​មែន ហើយ​គាត់​បាន​ទាក់ទង​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ដែរ ដើម្បី​សុំ​ដី​មួយ​កន្លែង​ឱ្យ​ស្ត្រី​រូប​នេះ​សង់ផ្ទះ​ស្នាក់​នៅ តែ​មន្ត្រី​រដ្ឋ បាល​ព្រៃឈើ​មិន​បាន​ឆ្លើយ​តប​ទេ ។ លោក​មេឃុំ​និយាយ​ថា មាន​តែ​ដី​រដ្ឋ​ទេ គឺ​មាន​ដី​នៅ​សេសសល់​ជា​ដី​សហគមន៍​ព្រៃឈើ ។

ជីវិត​ពលរដ្ឋ​ក្រីក្រ​១​គ្រួសារ​នេះ ដែល​មិន​មាន​ដីធ្លី​ធ្វើ​ផ្ទះ​ស្នាក់​នៅ ខណៈ​ដែល​ដី​រាប់​សិប​ហិ​កតា​ធ្លាក់​លើ​កណ្ដាប់ដៃ​អ្នកមាន​ទ្រព្យសម្បត្តិ ឬ​អ្នកមាន​អំណាច ពិតជា​អកុសល​ណាស់​សម្រាប់​ឈា​.​ម​ជ័រ​ជា​ខ្មែរ​១​គ្រួសារ​នេះ ។ រាជរដ្ឋាភិបាល តែង​បាន​អនុវត្ត​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ដល់​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដីធ្លី​ធ្វើ​ផ្ទះ​ស្នាក់​នៅ ។

កោះសន្តិភាព​សង្ឃឹមថា ព័ត៌មាន​មួយ​នេះ​នឹង​ក្លាយជា​ប្រធានបទ​មួយ ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ