ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករផ្ទុះការតវ៉ា ក្រោយអាជ្ញាធរបិទផ្សារជិត ២ខែហើយ នៅមិនទាន់បើកឱ្យលក់ដូរឡើងវិញ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​​៖ ក្រោយពីរដ្ឋបាលខេត្តប៉ៃលិន បានចុះពិនិត្យមើលកន្លែងបរិវេណផ្សារសាមគ្គី ហៅ ផ្សារប៉ាហ៊ី ផ្នែកខាងក្រោម ដែលអាជីវករលក់ដូរ បន្លែ ត្រី សាច់…

ខេត្តប៉ៃលិន​​៖ ក្រោយពីរដ្ឋបាលខេត្តប៉ៃលិន បានចុះពិនិត្យមើលកន្លែងបរិវេណផ្សារសាមគ្គី ហៅ ផ្សារប៉ាហ៊ី ផ្នែកខាងក្រោម ដែលអាជីវករលក់ដូរ បន្លែ ត្រី សាច់ និងគ្រឿងទេសផ្សេងៗ។ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរ សន្យាថា នឹងបើកឱ្យលក់ដូរឡើងវិញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ខណ:បិទផ្សារនេះ អស់រយ:ពេលជិត ២ខែមកហើយ។

លុះអាជីវករចាំបាត់ៗ តាំងពីព្រឹក រហូតដល់ពេលល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ មិនឃើញបើកផ្សារ ឱ្យលក់ដូរដូចធម្មតាឡើងវិញ ក៏ផ្ទុះការតវ៉ា បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង​។

ក្រោយការតវ៉ានៅផ្សារ អាជីវករជិត ១០០នាក់ នាំគ្នាបន្តទៅតវ៉ាដល់មុខផ្ទះលោកអភិបាលរងខេត្ត ចេង ញ៉ាន់ ដើម្បីសុំឱ្យបើក​តូប​ ក្នុងផ្សារឡើងវិញ​។ ហេតុការណ៍អាជីវករតវ៉ាឱ្យអាជ្ញាធរខេត្ត បើកផ្សារឱ្យលក់ដូរឡើងវិញនេះ បានកើតឡើងកាលពី​វេលាម៉ោង ៥ និង៣០នាទីល្ងាច រហូតដល់ម៉ោង ៦ និង ៣០នាទី​ ព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិត​នៅក្នុងបរិវេណ​ផ្សារសាមគ្គី ហៅ ប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពី​អាជីវករលក់ដូរបន្លែ ត្រី សាច់ នៅផ្សារសាមគ្គី ផ្នែកខាងក្រោម បានឱ្យដឹងថា ​ដោយសារតែបញ្ហាឆ្លងជំងឺ​កូវីដ១៩ ទើបរដ្ឋបាលខេត្តប៉ៃលិន បានធ្វើការបិទផ្សារសាមគ្គីហៅប៉ាហ៊ីទាំងមូល លុះក្រោយពីបិទអស់រយ:ពេលជិត ១ខែ ក៏បើកផ្សារនេះ តែផ្នែកខាងលើ ឱ្យអាជីវករលក់ដូរ សម្លៀកបំពាក់ គ្រឿងក្រអូប និងលក់មាស ប្តូរប្រាក់ ជាដើម ឱ្យដំណើរការ​ឡើងវិញ ទុកតែផ្នែកខាងក្រោម ប៉ុណ្ណោះ ដោយឱ្យអាជីវករ ដែលលក់ដូរបន្លែ ត្រី សាច់ ទៅលក់ដូរនៅកន្លែងផ្សេង លុះភ្លៀង​រាល់ថ្ងៃ នាំ​ឱ្យមានការលំបាកក្នុងលក់ដូរយ៉ាងខ្លាំង​។

ប្រភពបន្តទៀតថា ក្រោយមកគេឃើញខាងរដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យផ្សារសាមគ្គីផ្នែកខាងក្រោម ដែលមិនទាន់អនុញ្ញាតឱ្យអាជីវករ លក់ដូរ ហើយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត ក៏បានសន្យាថា នឹងបើកឱ្យ​អាជីវករ​លក់ដូរនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ​។ តែដោយសារចាំបាត់ៗ តាំងពីព្រឹក រហូតមកដល់ល្ងាច មិនឃើញអា​ជ្ញាធរ​ណាម្នាក់ ចុះទៅបើកតូបឱ្យពួកគាត់លក់ដូរ ក៏ផ្ទុះការតវ៉ាតែម្តង​។

អាជីវករបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃស្អែក បើសិនជាអាជ្ញាធរខេត្ត មិនព្រមធ្វើការដោះស្រាយ ឱ្យពួកគាត់ចូលលក់ដូរ​នៅតាមតូប ដែលបានរៀបចំបោសសម្អាតរួចរាល់ទេ នឹងនាំគ្នាទៅតវ៉ាដល់មុខ​សាលាខេត្ត ដើម្បីសុំឱ្យរដ្ឋបាលខេត្ត បើកតូបជូនពួកគាត់លក់ដូរឡើងវិញ ព្រោះបិទទ្វារអស់រយ:ពេលជិត ២ខែមកហើយ​។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកអភិបាលរងខេត្ត ចេង ញ៉ាន់ បានប្រាប់ឱ្យអាជីវករ ឲ្យ​វិលត្រឡប់​ទៅផ្ទះវិញសិន ខណ:រដ្ឋបាល​ខេត្តប៉ៃលិន កំពុងតែរៀបចំពិនិត្យមើលផ្សារ ឱ្យបានល្អិតល្អន់ មុននឹងបើកឱ្យលក់ដូរសាជាថ្មី ព្រោះមានករណីអាជីវករ កំពុងបន្តឆ្លងជំងឺកូវីដ១៩។

លោកអភិបាលរងខេត្ត បន្តទៀតថា រដ្ឋបាលខេត្ត នឹងរកដំណោះស្រាយ ជូនអាជីវករ ឱ្យបានលក់ដូរគ្រប់ៗគ្នា៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ