ខេត្តឧត្តរមានជ័យ ៖ តាមរបាយការណ៍របស់លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កំរិតស្ថានភាពទឹកក្នុងអាងមួយចំនួននៅទូទាំងខេត្តឧត្តរមានជ័យ ដែលទឹកហក់ឡើងស្ទើរតែពេញគ្រប់បណ្តាផ្ទៃអាងស្តុងទឹកទាំងអស់ តែក៏មិនទាន់ឈានដល់កំរិតប្រកាសអាសន្ននោះឡើយ ឬុកើតមានផលប៉ះពាល់ធ្ងន់ធ្ងរនោះដែរ។ ដោយសារតែនៅទីតាំងអាងស្តុកទឹកទាំងនោះ មានទ្វារបង្ហូរទឹក និងទំបន់បង្ហៀរ ដែលមានលទ្ធភាពអាចរំដោះទឹកបានលឿន ទៅតាមស្តង់ដាបច្ចេកទេសគ្រប់គ្រងទឹក។
លោកបន្តទៀតថា ក្នុងកំរិតបរិមាណទឹកភ្លៀងដែលបានធ្លាក់កម្រិតពី៧៥មម ទៅ៨៥មម នាថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ នៅតំបន់ផ្ទៃទឹក ស្ថិតក្នុងស្ទឹងស្រែង ដែលមានព្រំប្រទល់ជាប់នឹងស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ផ្ទៃទឹកបានហក់ឡើងជាខ្លាំង ព្រោះតែអាងស្តុកទឹកស្ទឹងស្រែង ទទួលរងទឹកភ្លៀងដែលធ្លាក់មកពីផ្នែកខាងលើ នៃអាងស្តុកទឹកចំនួន ៥កន្លែង និងតំបន់ជួរភ្នំដងរែក ចាប់ពីភូមិសាស្ត្រព្រំប្រទល់ខេត្តព្រះវិហារ។ ដូច្នេះហើយ បានជាទឹកហូរទៅលើដងស្ទឹងស្រែង ហក់ឡើងជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន តែស្ថានភាពកម្ពស់ទឹកនេះ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននោះទេ ដោយសារសមត្ថភាពរំដោះទឹករបស់សំណង់បង្ហៀរ និងសំណង់ទ្វារទឹក ដែលបានរំដោះបានលឿន។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពកម្ពស់ទឹកនៅផ្ទៃអាងស្តុកទឹកមួយចំនួនបានហក់ឡើងជិតដល់កំរិតប្រកាសអាសន្នផងដែ ដូចជា ៖
១- អាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៦៥ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២,០០ម៉ែត្រ។
២- អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលមានកម្ពស់ទឹក ៣,៨៤ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន៣,៨០ម៉ែត្រ។
៣- អាងទឹកទមនប់ថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៤៩ម៉ែត្រ កម្ពស់ទឹកឲ្យមានកាប្រុងប្រយ័ត្ន ៣,៥០ម៉ែត្រ។
៤-អាងទឹកស្ទឹងស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ទឹកមានកម្ពស់ ៣៩,៨០ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្នមាន ៣៩,៩០ម៉ែត្រ។
៥- អាងទឹកស្ទឹងស្រែង១ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ទឹកមានកម្ពស់ ២៦,៥៥ម៉ែត្រ ចំណែកកម្ពស់ទឹកឲ្យមានការប្រុងប្រយ័ត្នមាន ២៧,០០ម៉ែត្រ៕
ចែករំលែកព័តមាននេះ