ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ម្នាក់ៗ​ ដឹងលឺ​រួចហើយ​ថា បើ​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ អាច​បែកក្បាល​។ រីឯ​មិន​ពាក់​ម៉ាស អាច​ប្រឈម​នឹង​ឆ្លង​កូ​វីដ​។ នៅពេលនេះ ប៉ូលិស​ចរាចរណ៍…

ភ្នំពេញ​៖ ម្នាក់ៗ​ ដឹងលឺ​រួចហើយ​ថា បើ​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ អាច​បែកក្បាល​។ រីឯ​មិន​ពាក់​ម៉ាស អាច​ប្រឈម​នឹង​ឆ្លង​កូ​វីដ​។ នៅពេលនេះ ប៉ូលិស​ចរាចរណ៍ ក៏បន្ត​​​ចាប់​​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព និង​មិន​ពាក់​ម៉ាស​។ វិធានការ​​​នេះ ដើម្បី​តែ​សុខ​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​​តែ​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ មន្ត្រីនគរបាល​ចរាច​រណ៍ ក្រុង​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ បានដាក់​កម្លាំង ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​ចាប់​ឃាត់ និង​ផាកពិន័យ​លើ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ព្រមទាំង​ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ​។ ក្នុងនោះ ប៉ូលិស​ ក៏បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​គ្រប់គ្នា ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច ដើម្បី​កុំ​ឲ្យ​ឆ្លង​កូ​វីដ​។ 

​ក្នុង​ប្រតិបត្តិការ​នៅ​ទីប្រជុំជន ក្នុង​ក្រុង​ប៉ោយប៉ែត រយៈពេល​តែ​ជាង ១​ម៉ោង មាន​ម៉ូតូ​ប្រមាណ​ជិត ៣០​គ្រឿង ដែល​អ្នកបើកបរ មិន​គោរព​ច្បាប់ ដោយ​មិន​ពាក់មួក​សុវត្ថិភាព ​​មិនមាន​កញ្ចក់​មើល​ក្រោយ​ រួមទាំង​មិន​ពាក់ម៉ាស។ ប៉ូលិស បាន​ណែនាំ និង​អប់រំ ​ព្រមទាំង​ផាកពិន័យ​​តាមច្បាប់​។

អ្នក​ធ្វើ​ដំណើរ​តាមផ្លូវ​ទាំងអស់ ពិសេស​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​ថ្មើរជើង ក៏​ត្រូវ​​ពាក់​ម៉ាស់​អោយបាន​គ្រប់គ្នា និង​រក្សា​គម្លាត ដើម្បី​ចូលរួម​ទប់ស្កាត់​កូ​វីដ​​​១​៩ ដែល​​បាន និង​កំពុង​ឆ្លង​រីក​រាលដាល ក្នុង​សហគមន៍​។ ដូច្នេះ​​ម្នាក់ៗ ត្រូវអនុវត្ត​អោយបាន​នូវ​វិធាន ៣​ការពារ និង​៣​កុំ ទាំងអស់គ្នា​។​

​តាមច្បាប់​ចរាចរណ៍ អ្នក​ធ្វើ​ដំណើរ​​តាម​​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព ត្រូវ​ផាកពិន័យ ម្នាក់ ៦​ម៉ឺន​រៀល​។ ម៉ូតូ ដែល​មិនមាន​កញ្ចក់​មើល​ក្រោយ ក៏ត្រូវ​ផាកពិន័យ ៦​ម៉ឺន​រៀល​ដែរ​។ ដោយឡែក អ្នក​មិន​ពាក់​ម៉ាស ក៏ត្រូវ​ផ្តន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល​។ ការផាកពិន័យ​អ្នក​មិន​ពាក់​ម៉ាស​នេះ ត្រូវបាន​កំណត់ នៅក្នុង​អនុក្រឹត្យ ស្តីពី វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ចេញ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ត្រង់​មាត្រា​១៩​។

​ប៉ូលិស​ស្ទាក់​ឃាត់​អ្នក​មិន​ពាក់មួក​សុវត្ថិភាព និង​ធ្វើដំណើរ​តាម​ម៉ូតូ ដែល​មិនមាន​កញ្ចក់​មើល​ក្រោយ ក៏​ដើម្បី​សុខ​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។ ចូរ​កុំភ្លេចថា នៅកម្ពុជាយើង គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​រៀងរាល់ថ្ងៃ ហើយ​ជា​មធ្យម បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ និង​របួស​ជាង ១០​នាក់ ក្នុង ១​ថ្ងៃៗ នៅ​ទូទាំងប្រទេស​។ ភាគច្រើន គ្រោះថ្នាក់​ចរាចរណ៍ កើត​ឡើងលើ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ហើយ​បើ​មិន​ពាក់មួក​សុវត្ថិភាព ពេលធ្វើ​ដំណើរ​តាម​ម៉ូតូ នៅពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ នឹង​អាច​ប៉ះពាល់ រហូតដល់បែក​​ក្បាលថែមទៀត​​។​

​ដោយ​​ឡែក​ វិធាន​​ការ​​​ពាក់​​​ម៉ាស ក៏​ជា​កាតព្វកិច្ច ដែល​រាជរដ្ឋាភិបាល តម្រូវ​ឲ្យ​គ្រប់គ្នា នៅទូទាំងប្រទេស​ ដែល​ធ្វើដំណើរ​តាមផ្លូវ និង​នៅ​ទីកន្លែង​​ជួបជុំ កន្លែងធ្វើការ​នានា ត្រូវតែ​ពាក់​ម៉ាស​។ ពាក់​​ម៉ាស ដើម្បី​ការពារ​ កុំ​​ឲ្យ​ឆ្លង​កូ​វីដ បូករួម​ទាំង​វិធានការ​ចាំបាច់​មួយចំនួន​ទៀត ដូចជា រក្សា​គម្លាត​សុវត្ថិភាព និង​លាងដៃ​ញឹកញាប់​នឹង​សាប៊ូ ឬ​អាល់កុល ជាដើម​។​

​សរុបមក ដើម្បី​សុខ​សុវត្ថិភាព​យើងទាំងអស់គ្នា គឺ​ម្នាក់ៗ ត្រូវតែ​ពាក់មួក​សុវត្ថិភាព នៅពេល​ធ្វើដំណើរ​តាម​ម៉ូតូ ទោះ​ជិត​​ផ្ទះ នៅ​​ផ្លូវ​​ក្នុងភូមិ​​។ ម្យ៉ាង​​កុំ​​ឲ្យ​​ប៉ូលិស ផាក​អស់​លុយ​ដល់​ទៅ ៦​ម៉ឺន​រៀល ដោយសារតែ​មិន​ពាក់មួក​សុវត្ថិភាព។ ​​ទុក ៦​ម៉ឺន​រៀល​នោះ ទិញ​មួកសុវត្ថិភាព គឺអាច​ពាក់ប្រើ​បាន​​រាប់​​ឆ្នាំ​។ ម៉ូតូ និង​ឡាន រួមទាំង​យានយន្ត ដែល​ធ្វើ​ចរាចរណ៍ ក៏ត្រូវ​តែមាន​លក្ខណៈ​គ្រប់គ្រាន់ តាមច្បាប់​តម្រូវ ដូចជា កញ្ចក់​មើល​ក្រោយ ភ្លើង​បំភ្លឺ ហើយ​អ្នកបើកបរ និង​អ្នករួមដំណើរ ក៏ត្រូវ​ចូលរួម​គោរព​ច្បាប់ ទើប​ពេល​គ្រោះថ្នាក់ មិន​ធ្ងន់ធ្ងរ រហូតដល់បែកក្បាល​​ស្លាប់​​។​ ម្យ៉ាង​​​ក៏​​កុំ​​ឲ្យ​​ខាត​​ពេល ដោយសារតែ​មិនមាន​មួកសុវត្ថិភាព ពេល​ធ្វើ​​ដំណើរ​​តាម​​ម៉ូតូ ឬ​​មិន​​ពា​ក់​ខ្សែក្រ​វ៉ាត់​​សុវត្ថិភាព ពេល​ជិះឡាន ដែល​ត្រូវ​ប៉ូលិស​ស្ទាក់​ឃាត់​តាម​ផ្លូវ​។​

​ដោយឡែក នៅក្នុង​កាលៈទេសៈ​ពេលនេះ គឺ​​ម្នាក់​ៗ ចេញ​ក្រៅ​ផ្ទះ ដាច់ខាត ត្រូវតែ​ពាក់​ម៉ាស​។ ម៉ាស​អាច​ការពារ​ កុំ​ឲ្យ​យើង​ឆ្លង​រោគ ពិសេស​កូ​វីដ​ដ៏​កាច​សាហាវ​។ ចូរ​កុំភ្លេចថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅ​ទូទាំងប្រទេស​កម្ពុជា​យើង កូ​វីដ​ឆ្លង ១​ថ្ងៃៗ ជាង ៨០០​នាក់ ហើយមានអ្នក​​ស្លាប់​​ជាង ២០​នាក់ រៀងរាល់ថ្ងៃ​។ ក្នុងនោះ មេរោគ​កូ​វីដ ប្រភេទ​បំប្លែង​ថ្មី ដែល​តា ក៏​កំពុង​ឆ្លង​រាលដាល​នៅ​ទូទាំងប្រទេស​ផងដែរ​។

​បើ​យើង​ប្រហែស ដោយ​ធ្វើដំណើរ​តាមផ្លូវ មិន​ពាក់​ម៉ាស គឺ​ប្រឈម​នឹង​ឆ្លង​ជំងឺ​កូ​វីដ ហើយ​បើ​ត្រូវ​ប៉ូលិស​ផាក​ទៀត​នោះ គឺ​២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល ដែលជា​ចំនួន​លុយដ៏ច្រើន​​។ តែបើ​ទិញ​ម៉ាស សព្វថ្ងៃ ១​ប្រអប់ ដែលមាន ៥០​ម៉ាស ត្រឹមតែ ៥០០០​រៀល ទៅ ៦០០០​រៀល​ប៉ុណ្ណោះ​។ ក្រៅពី​ម៉ាស យើង​ម្នាក់ៗ ត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង ៣កុំ ពិសេស​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ពី​ម្នាក់ ទៅ​ម្នាក់ ១​ម៉ែត្រ​កន្លះ លាងដៃ​ញឹក​ញាប់ ហើយ​មាន​អាល់កុល​តាម​ខ្លួន និង​កុំ​ទាន់​ជួបជុំ ទោះជា​សាច់​ញា​ត្តិ​បងប្អូន​កូនក្មួយ ឬ​ឪពុកម្តាយ ដែល​នៅផ្ទះ​ផ្សេងគ្នា​ក៏ដោយ​៕​