ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះទៅសហការជាមួយនគរបាលខេត្តតាកែវ បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ចាប់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅខេត្តតាកែវ។
ក្រោមការអនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដែលបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញការិយាល័យទី៤ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ មានការសម្របសម្រួលពីឯកឧត្តម ជីវ ចន្ទ័តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញ ដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្លូវលេខ៣ ស្ថិតក្នុងភូមិក្រាំងត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ជាលទ្ធផល ឃាត់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ មានឈ្មោះ លិន តូច ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ រកស៊ីគ្រឿងញៀន និងស្នាក់នៅមិនពិតប្រាកដ។
ក្នុងនោះ សមត្តកិច្ចបានចាប់យកវត្ថុតាង ជាម្សៅសថ្លា សង្ស័យមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ៨៥៤.៣៦ក្រាម (ជិត ១គីឡូក្រាម)។ ការបង្រ្កាបករណីជួញដូរគ្រឿងញៀនខាងលើនេះ សមត្តកិច្ច បង្ហើបឲ្យដឹងថា នគរបាលបានប្រើវិធានញុះញង់ ដោយប្រើប្រាស់ជំនាញ ហៅថា ធ្នាក់ អូសទាញឈ្មួញគ្រឿងញៀន ដែលយកគ្រឿងញៀនដើរលក់ក្នុងទីផ្សារងងឹត ដើម្បីចាប់ខ្លួន។
ជាក់ស្តែង ជនសង្ស័យម្នាក់នេះ ជាមុខសញ្ញាជួញដូរយ៉ាងស្ទាត់ជំនាញ ប៉ុន្តែមិនអាចគេចផុតពីការតាមប្រមាញ់របស់សមត្ថកិច្ចនោះឡើយ គឹមុន និងក្រោយ គង់ចូលអន្ទាក់ ឲ្យតែប្រព្រឹត្ត។ ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ