ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​ប​រយ៉ា​ខា​ ហក់​​ឡើងខ្ពស់​​ជាង​មុន​បន្តិច ខណៈ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ គេ​សង្កេត​ឃើញ​កំពស់​ទឹកស្ទឹង​ប​រយ៉ា​ខា ស្ថិត​ក្នុង​សង្កាត់​ប​រយ៉ា​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ គេ​សង្កេត​ឃើញ​កំពស់​ទឹកស្ទឹង​ប​រយ៉ា​ខា ស្ថិត​ក្នុង​សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មានការ​ហក់​ឡើង​ខ្ពស់​ជាង​មុន​បន្តិច ហើយ​ក៏​មាន​សភាព​ល្អក់កករ ដោយសារ​តែ​មេឃ​បន្ត​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​រាល់ថ្ងៃ ។

ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា រហូត​មក​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​២០២១ នេះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ៗ​គ្នា​ស្ទើរ​រាល់ថ្ងៃ ជា​ពិសេស​នៅ​ផ្នែក​ខាងលើ ត្រង់​តំបន់​ព្រៃ​ភ្នំ​ខៀវ គឺ​មេឃ​ខ្មៅ​ងងឹត​រាល់ថ្ងៃ បណ្តាល​ឱ្យ​ភ្លៀង​ធ្លាក់​ហូរ​មក​ផ្នែក​ខាងក្រោម​តាម​បណ្តោយ​ស្ទឹង​ពី​ត្បូង​ទៅ​ជើង ធ្វើ​ឱ្យ​ទឹកស្ទឹង​ប​រយ៉ា​ខា ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​មុន​បន្តិច ។

តាម​ប្រភព​ដដែលបាន​​បន្ត​ថា ទោះបីជា​ភ្លៀង​ធ្លាក់​ជាប់​គ្នា​រាល់ថ្ងៃ បណ្តាល​ឱ្យ​ទឹកស្ទឹង​ឡើង​ខ្ពស់​បន្តិច តែ​មិន​បង្ក​ឱ្យ​មានការ​លិចលង់​ដល់​ដំណាំ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុងប៉ៃលិន​នោះ​ឡើយ ព្រោះ​ជា​តំបន់​ខ្ពង់រាប ។ តែបើ​ភ្លៀង​គំហុក​ខ្លាំង​ទាំង​យប់​ទាំង​ថ្ងៃ ទើប​អាច​នឹង​ធ្វើ​ឱ្យ​ទឹក​ហូរ​ចុះ​ទៅ​លិចលង់​ដំណាំ និង​ភូមិ​របស់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម ក្នុងស្រុក​សាលា​ក្រៅ​មួយ​ចំនួន​ផង​ដែរ ។ ម្យ៉ាងវិញទៀត គាត់​ក៏​មានការ​ព្រួយបារម្ភ​ពី​ការ​រលួយ​ខូច​មើមដំឡូង​មី និង​ដំណាំ​ពោតក្រហម​មួយ​ចំនួន​អាច​នឹង​ជ្រួ​ច​ទឹក​ផង​ដែរ ខណ​:​ដីចំការ​សើម​ជាប់​ជា​និច្ច ។

ពាក់ព័ន្ធ​​នឹង​បញ្ហា​នេះ លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធន​ទាន​ទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ទោះបីជា​មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​នៅ​ផ្នែក​ខាងលើ ទឹកស្ទឹង​ប​រយ៉ា​ខា ឡើង​ខ្ពស់​ជាង​មុន​បន្តិច តែ​មិន​បង្ក​ការ​ព្រួយបារម្ភ​អ្វី​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា ទឹកស្ទឹង​បែប​នេះ មិន​បង្ក​ឱ្យ​លិចលង់​ផលដំណាំ​ប្រជាពលរដ្ឋ​តាម​ចំការ​នោះ​ឡើយ ព្រោះ​ភ្លៀង​តិច​ៗ ប៉ុណ្ណោះ តែបើ​ភ្លៀង​ខ្លាំង ទើប​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ ។

សូម​បញ្ជាក់​ថា ៖ ដំណាំ​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិបរ​តាំង​ស៊ូ និង​ភូមិបរ​ហ៊ុយ មួយ​ចំនួន កំពុង​រង​ការ​រលួយ​មើម​ខូចខាត ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​រាល់ថ្ងៃ ធ្វើ​ឱ្យ​ដី​ក្នុង​ចំការ​សើម​ជាប់​ជា​និច្ច ។ ចំណែក​ដំណាំ​ពោត​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្ថិត​នៅ​តំបន់​ទំនាប ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក៏​ទទួល​រង​ការ​ជ្រួ​ច​ទឹកជា​អន្លើ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ