រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់ និងមនុស្ស២នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីមួយគ្រឿងបើកបុក និងកិនម៉ូតូមួយគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរនឹងវត្តចម្ប៉ា ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កអោយមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៦ និង២០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។
ជនរងគ្រោះមានឈ្មោះ ឈឿន ចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិអង្គតាជា ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ គ្រាន់ដឹងថា ជាមនុស្សស្រីម្នាក់ និងមានក្មេងស្រីតូចម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុអោយដឹង នៅមុនកើតហេតុ គេសង្គេតឃើញជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រ៊ីសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-7131 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ។ ខណៈធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ TK-0614 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នា ពីកើតទៅលិចវិញបានបើកបត់ឆ្វេងចូលទៅផ្លូវភូមិដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកចំពីមុខម៉ូតូជនរងគ្រោះទាំង៣នាក់ពេញទំហឹង បណ្តាលអោយបុរសជាអ្នកឌុបដួលខ្ទាតចូលក្រោមកង់រថយន្ត ត្រូវកិនធ្លាយខួរស្លា.ប់នៅហ្នឹងកន្លែង ។
ចំណែកមនុស្ស២នាក់ផ្សេងទៀត ដែលរួមដំណើរជាមួយត្រូវរងរបួសធ្ងន់ធ្ងរ ។
ភ្លាមៗ រថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុឡើយ គឺបានព្យាយាមបើករត់គេច តែត្រូវបានអ្នកដែលឃើញហេតុការណ៍បាននាំគ្នាជិះដេញតាមរហូតដល់ទីតាំងដែលគេឈប់ចត ហើយក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ឃាត់រថយន្ត និងអ្នកបើកបរ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ធ្វើការវាស់វែង អូសយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។
ក្នុងនោះបុរសជាអ្នកបើករថយន្តបង្កក៏ត្រូវបានឃាត់ខ្លួនទៅជាមួយផងដែរ ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចសម្រេចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ