ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តសៀមរាបស្នើ​ព្រះ​អនុគណៈ​ក្រុង​ពិនិត្យ​មើល​ភាព​ខ្វះខាត​វត្ត​នានា​ក្នុង​ក្រុងជា​ពិសេស​វត្ត​ស្ថិត​ក្នុង​តំបន់​ក្រហម

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុង​ឱកាស​នាំ​យក​ថវិកា និង​ស្បៀងអាហារ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ក្នុង​ពិធី​កាន់ បិណ្ឌ និង​ភ្ជុំបិណ្ឌ…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុង​ឱកាស​នាំ​យក​ថវិកា និង​ស្បៀងអាហារ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ក្នុង​ពិធី​កាន់ បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅ​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប​បាន​ប្រគេន​ស្នើ​ដល់​ព្រះ​អនុគណៈ​ក្រុង​សៀមរាប​ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ សូម​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​វត្ត​អារាម​នានា នៅ​ទូ​ទាំង​ក្រុង​សៀមរាប ជា​ពិសេស​វត្ត​ដែល​ស្ថិត​ក្នុង​តំបន់​ក្រហម​ថា តើ​វត្ត​ណាខ្លះ​ខ្វះខាត​ចង្ហាន់ ។

ជាក់ស្តែង​ពិតប្រាកដ ខណៈ​ដែល​ប្រជា​ពុទ្ធបរិស័ទ​មិន​អាច​ចេញចូល​យក​ចង្ហាន់​ទៅ​ប្រគេន​បាន ដើម្បី​រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ទេយ្យវត្ថុ និង​គ្រឿង​ឧបភោគបរិភោគ​យក​ទៅ​ប្រគេន​បាន​ទាន់​ពេលវេលា​ចៀសវាង​ការ​បង្ហោះ​រូបភាព​មិន​សមរម្យ​តាម​បណ្តាញ​សង្គម​ដែល​មិន​បាន​រាយការណ៍ និង​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន ចៀសវាង​ការ​យល់​ច្រឡំ​ថា រដ្ឋបាល និង​អាជ្ញាធរ​ខេត្ត មិន​បាន​គិតគូរ​ដល់​ព្រះសង្ឃ ។

ក្នុង​ឱកាស នោះ​ដែរ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល ខេត្ត និង​លោក​ជំទាវ ស៊ិ​ន ណ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្ត ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ជាមួយ​លោក វណ្ណ ប៊ុ​ណ្ណា​ប្រធាន​មន្ទីរ​ធម្មការ​និង សាសនា​ខេត្ត​និង​សហការី បាន​នាំ​យក​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ ស្បៀងអាហារ យក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ថ្មី ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀមរាប ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​កាន់ បិណ្ឌ​និង​ភ្ជុំបិណ្ឌ ក្នុង​នោះ​មាន ៖ អង្ករ​ចំនួន​២៥០​គីឡូក្រាម , មី​៥​កេស , ទឹក​សុ​ទ្ឋ​១០​កេស , ទឹកក្រូច​១០​កេស , ទឹកត្រី​៤​យួរ , ទឹកស៊ីអ៊ីវ​៤​យួរ , ត្រីខ ១​កេស ទឹកដោះគោ​១​កេស​, តែ​៥​កញ្ចប់ ។ ស្ករស​១០​គីឡូក្រាម ,​។ ស្លា​ដក់​៣ ព្រមទាំង​ធូប​ទៀន និង ប្រគេន​ថវិកា​សម្រាប់​វត្ត​ចំនួន​២​លាន​រៀល ,​។

ប្រគេន​ព្រះ​ចៅអធិការ​ចំនួន​១០​ម៉ឺន​រៀល និង​គ្រូសូត្រឆ្វេង​ស្តាំ ក្នុង​មួយ​អង្គ​ៗ​ចំនួន​៥​ម៉ឺន​រៀល ។ លោកស្រី យូ សុភា មាន ប្រសាសន៍​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវ​ភ្ជុំបិណ្ឌ រដ្ឋបាល​ខេត្ត​តែងតែ​រៀបចំ​ពិធី​កាន់បិណ្ឌ នៅ​វត្ត​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប និង​ស្រុក​មួយ​ចំនួន ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​សម្រេច​ផ្អាក​ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​- ១៩ ចាប់ពី​បិណ្ឌ​៤ រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ដូច្នេះ​រដ្ឋបាល​ខេត្ត​មិន​អាច​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​តាម​បែប​ទំនៀមទម្លាប់​បាន​ឡើយ ហើយ​ការ​នាំ​យក​ថវិកា និង​ស្បៀងអាហារ ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​នេះ​ក៏​ដូច​ជា​វត្ត​ចំនួន​៧​ទៀត គឺ​ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ក្នុង​ពិធី​កាន់បិណ្ឌ​ជា​លក្ខណៈ​បង្គ្រប់កិច្ច​ផង និង​តាម​ការ​កំណត់​ដែល​រដ្ឋបាល​ខេត្ត​ធ្លាប់​បាន​ប្រតិបត្តិ​តាម​វត្ត​មួយ​ចំនួន​នា​ឆ្នាំ​កន្លង​មក​ដែរ ។

លោកស្រី អភិបាលរង ខេត្ត​មាន​ប្រសាសន៍​ទៀត​ថា ដោយសារ​តែ​មេ​រោ​កូ​វី​ដ​-១៩​បន្ត​រីក​រាលដាល បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ទូទៅ និង​មួយ​ផ្នែក​ដល់​សហគមន៍​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​ផង​ដែរ ហេតុនេះ​អាជ្ញាធរ​ខេត្ត ក្រោម​ការ​ដឹកនាំ​របស់​លោក ទៀ សីហា ជា​អភិបាលខេត្ត និង​លោក អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត តែងតែ​គិតគូរ​គ្រប់ពេលវេលា​អំពី​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​នៅ​តាម​ទី​អារាម​នានា ដូច្នេះ​ក្នុង​ឱកាស​នេះ សូម​ព្រះសង្ឃ​គ្រប់​អង្គ​ក្នុង​វត្ត​ទេព​ពោធិ​វង្ស មានការ​យោគ យល់ និង​ជួយ​ជំរុញ​ឱ្យ​ចូលរួម​ទាំង អស់អង្គ ទាំងអស់​គ្នា ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហ​មន៍​របស់​យើង ក្នុង អំឡុង​ពេល​នេះ ជា​ពិសេស​ត្រូវ​អនុវត្ត​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត ,​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង វិធានការ​របស់​រាជរដ្ឋាភិបាល ៣​កុំ និង ៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ