ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលក្តៅៗ៖ ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្ត ១៤១អង្គ/នាក់ នៅវត្តទូទាំងរាជធានីភ្នំពេញវិជ្ជមានកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​សម្រុក​ធ្វើតេស្ត​សំណាក​លើ​ព្រះសង្ឃ និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​អារាម​ជាង ១៥០ វត្ត​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា លទ្ធផល​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩​ដល់​ព្រះសង្ឃ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​សម្រុក​ធ្វើតេស្ត​សំណាក​លើ​ព្រះសង្ឃ និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​អារាម​ជាង ១៥០ វត្ត​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ មន្ត្រីជាន់ខ្ពស់​នៃ​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា លទ្ធផល​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩​ដល់​ព្រះសង្ឃ និង​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​១៤១​អង្គ​/​នាក់ ក្នុង​ចំណោម​អ្នក​យក​សំណាក​ចំនួន​៨៩៧៥​អង្គ​/​នាក់ ។

លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​មុន​នេះ​បន្តិច​ថា ព្រះសង្ឃ គណៈកម្មការ​អាចារ្យ និង​សិស្ស​និស្សិត​ស្នាក់​នៅ​តាម​វត្ត​ក្នុង​រាជធានី​ភ្នំពេញ បាន​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩​រួចរាល់​អស់ហើយ គឺ​ចំនួន​៨៩៧៥​អង្គ​/​នាក់ ក្នុង​ចំណោម​វត្ត​ចំនួន​១៥០​វត្ត​ត្រូវ​បាន​ក្រុមការងារ​សុខាភិបាល​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​ចំនួន​១៤១​អង្គ​/​នាក់ ក្នុង​នោះ​ព្រះសង្ឃ​មាន​ចំនួន​៩៧ អាចារ្យ​ចំនួន​៩​នាក់ ដូនជី​តាជី​ចំនួន​១៥​នាក់ និង សិស្ស​និស្សិត​ចំនួន​២០​នាក់ ។

លោក បាន​បន្ត​ថា បើ​តាម​តួលេខ​ពិតប្រាកដ ព្រះសង្ឃ​នៅ​រាជធានី​ភ្នំពេញ មាន​ជិត​៨​ពាន់​អង្គ ប៉ុន្ដែ​មាន​ព្រះសង្ឃ​ប្រមាណ​៥០០​អង្គ​បាន​និមន្ត​ទៅ​ក្រៅប្រទេស ដោយ​ជាប់​ការ​បិទ ឬ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ និង​ក៏​មាន​ព្រះសង្ឃ​មួយ​ចំនួន​បាន​និមន្ត​ទៅ​តាម​ខេត្ត​រួច​ចូល​ព្រះ​វស្សា​នៅ​ទីនោះ​តែ​ម្ដង ជាក់ស្ដែង​ព្រះសង្ឃ​នៅ​ពេល​នេះ​មាន​ចំនួន​៧៦១៧​អង្គ​។

លោក ទេព គង្គា បាន​បញ្ជាក់​ថា វត្ត​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៥៤​វត្ត តែ​ពេល​នេះ​វត្ត​ដែល​យក​សំណាក​រក​មេរោគ​កូ​វី​ដ​១៩​មាន​ចំនួន​១៥០​វត្ត ចំណែក​៤​វត្ត​ទៀត មាន​វត្ត​ខ្លះ​បាន​យក​សំណាក​រួច​ហើយ និង​វត្ត​ខ្លះ​មាន​លទ្ធភាព​យក​សំណាក​ខ្លួនឯង ។

យោងតាមរបាយការណ៍របស់មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងចំណោម វត្តអារាមក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានី គឺវត្តនៅខណ្ឌច្បារអំពៅ រកឃើញឆ្លងច្រើនជាងគេ គឺមានចំនួន ៨៨ អង្គ​/នាក់ (ព្រះសង្ឃចំនួន ៧១អង្គ គណៈកម្មការអាចារ្យ ចំនូន ២នាក់ តាជីយាយជី ៧នាក់ និងនិស្សិតស្នាក់នៅវត្តចំនួន ៨ នាក់)
 បន្ទាប់មកគឺ ខណ្ឌមានជ័យ ចំនួន ១២ អង្គ/នាក់ (ព្រះសង្ឃ ៣ អង្គ គណៈកម្មការវត្តចំនួន ៤នាក់ យាយជីតាជី​១នាក់ និងនិស្សិតស្នាក់នៅវត្តចំនួន ៤នាក់)  និងខណ្ឌ ៧ មករា ចំនូន ១២ អង្គ/នាក់ (មានព្រះសង្ឃ៧ អង្គ គណៈកម្មការវត្ត ១នាក់ យាយជីតាជី ២នាក់ និងនិស្សិតស្នាក់នៅវត្ត ២នាក់) ។ យ៉ាងណាមិញក្រៅពីនោះគឺ វត្តអារាម ខ្លះរកឃើញវិជ្ជមានចំនួនតិចតូច ត្រឹម ១ អង្គ ឬទៅ ៥​អង្គ/នាក់ តែប៉ុណ្ណោះ ក្នុងមួយ ខណ្ឌៗ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​នៅ​វត្ត​អារាម​នៅ​រាជធានី​ភ្នំពេញ និង​បាន​រក​ឃើញ​ថា ស្ទើរតែ​ពាក់កណ្តាល នៃ​វត្ត​សរុប នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ គឺ​មាន​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

នៅ​ក្នុង​សារ​សម្លេង​ពិសេស​មាន​រយៈពេល​ជិត ៣០ នាទី សម្តេច​តេ​ជោ ហ៊ុន សែន បាន​គោរព​ក្រាបថ្វាយបង្គុំ ដល់​សម្តេចព្រះសង្ឃរាជ​ទាំង​ពី​គណៈ សម្តេចព្រះ​សង្ឃនាយក សម្តេច​ព្រះសង្ឃ​នាយករង ក៏​ដូច​ជា​បងប្អូន​ជនរួមជាតិ​ជា​ពុទ្ធ​បរិ​ស​ទ្ធ​ខ្មែរ ថា វា​ជា​រឿង​ពិត​គួរ​ឱ្យ​សោកស្តាយ ដែល​ថ្ងៃនេះ គឺជា​ថ្ងៃ​បិណ្ឌ​ទី ៤ ដែល​បងប្អូន​មិន​បាន​ប្រារព្ធ​នូវ​ពិធី ក្នុង​ការ​កាន់បិណ្ឌ ឆ្ពោះទៅ​រក​បុណ្យ​ភ្ជុំ ដោយសារ​តែ​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​ចាប់ផ្តើម​របស់​យើង គឺ​ទាក់ទិន​ជាមួយនឹង​ការ​ឆ្លង​រីក​រាលដាល នៃ​កូ​វី​ដ​-១៩ ហើយ​ដែល​ម្សិលមិញ​នេះ ខាង​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​នៅ គ្រប់​វត្ត ស្ទើរតែ​ពាក់កណ្តាល​នៃ​វត្ត នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ គឺ​មាន​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ