ភ្នំពេញ៖ ភាគីរាជរដ្ឋាភិបាល តាមរយៈក្រសួងក្រសួងការងារ ភាគីនិយោជក ដែលជាតំណាងថៅកែរោងចក្រកាត់ដេរ និងភាគីសហជីព តំណាងកម្មករកាត់ដេរ បានប្រជុំចរចាបន្តបន្ទាប់ នៅក្នុងខែកញ្ញានេះ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០២២។ ក្នុងកិច្ចចរចាត្រីភាគីជាច្រើនលើកនេះ តំណាងភាគីទាំង៣ បានកំណត់តួលេខរៀងៗខ្លួន ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ប្រជុំ ពិនិត្យសម្រេចចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ។
ក្នុងកិច្ចប្រជុំពិភាក្សាត្រីភាគីកន្លងមក ភាគីសហជីពកម្មករ កំណត់យកតួលេខប្រាក់ឈ្នួលអប្បបរមា នៅឆ្នាំ២០២២ ចំនួន ២០៤ដុល្លារអាម៉េរិក។ រីឯតំណាងភាគីនិយោជក បានឯកភាពយកតួលេខ ១៨៨ដុល្លារអាម៉េរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់តួលេខចំនួន ១៩២ដុល្លារអាម៉េរិក។
គោលជំហរចុងក្រោយនៃតួលេខត្រីភាគីនេះ ត្រូវបានដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីប្រជុំពិនិត្យ សម្រេច ឬក៏ត្រូវបោះឆ្នោត ទៅតាមនីតិវិធី ដែលបានកំណត់។ កិច្ចប្រជុំ ដែលមានតំណាងភាគីទាំង៣ ដឹកនាំដោយរដ្ឋមន្ត្រីការងារ នឹងត្រូវជួបពិភាក្សាគ្នាម្តងទៀត នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ មុននឹងឈានទៅសម្រេចចុងក្រោយ ដើម្បីកំណត់តួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នៅឆ្នាំ២០២២។ ការកំណត់ប្រាក់ឈ្នួលនេះ ត្រូវប្រកាសសម្រេចឲ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី៥-៦-៧ ខែតុលា ហើយនឹងចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
ការចរចាដំឡើងប្រាក់ខែកម្មករកាត់ដេរ នៅកម្ពុជា ត្រូវបានធ្វើឡើងរៀងរាល់ ១ឆ្នាំម្តង។ កន្លងមក កិច្ចប្រជុំចរចាត្រីភាគី តែងតែចេញតួលេខខុសគ្នា រវាងភាគីទាំង៣។ តែចុងក្រោយ ត្រូវសម្រេច ដោយការបោះឆ្នោត ហើយសំឡេងគាំទ្រភាគច្រើន បានសម្រេចយកតួលេខរបស់ភាគីនិយោជក ជាថៅកែរោងចក្រ ដែលជាតួលេខទាបជាងគេ។ បន្ទាប់មក រាជរដ្ឋាភិបាល នឹងសម្រេចថែម ២ដុល្លារ ៣ដុល្លារ ឬក៏ ៥ដុល្លារ លើតួលេខ ដែលចេញពីការបោះឆ្នោត ក្នុងកិច្ចប្រជុំចរចាត្រីភាគីនោះ។
កាលពីឆ្នាំ២០១៩ ប្រាក់ខែអប្បបរមារបស់កម្មករកាត់ដេរ មានចំនួន ១៨២ដុល្លារ។ ឆ្នាំ២០២០ ចំនួន ១៩០ដុល្លារ និងឆ្នាំ២០២១ មានចំនួន ១៩២ដុល្លារ។ ពោលគឺការចរចាប្រាក់ខែកម្មករកាត់ដេរ ក្នុងក្របខណ្ឌត្រីភាគី កាលពីឆ្នាំ២០២០ មានត្រឹមតែ ១៩០ដុល្លារ ស្មើនឹងប្រាក់ខែឆ្នាំ២០២០ ដោយសារតែបញ្ហាកូវីដ១៩ ដែលកម្ពុជាយើង ឆ្លងរាលដាល នៅដើមឆ្នាំ២០២០។ តែរាជរដ្ឋាភិបាល ថែម ២ដុល្លារ ទើបប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំ២០២១ នេះ ឡើងដល់ ១៩២ដុល្លារ។
យ៉ាងណាក៏ដោយ សម្រាប់ដំណើរការចរចាប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំ២០២២ ដែលនឹងសម្រេចនៅថ្ងៃទី២៨ ខែកញ្ញា គឺភាគីថៅកែរោងចក្រ បានបញ្ចុះ ៤ដុល្លារ ពីប្រាក់ខែឆ្នាំ២០២១។ ពោលគឺនៅឆ្នាំ២០២២ ថៅកែរោចក្រ ព្រមផ្តល់ឲ្យត្រឹមតែ ១៨៨ដុល្លារប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២១ នេះ ប្រាក់ខែកម្មករ មានចំនួន ១៩២ដុល្លារ។ រីឯរាជរដ្ឋាភិបាល យល់ព្រមឲ្យរក្សាដដែល ដូចឆ្នាំ២០២១។ ទាំងនេះ ដោយសារតែវិបត្តិកូវីដ១៩ ដែលអូសបន្លាយ និងបង្កផលប៉ះពាល់លើគ្រប់វិស័យ មិនថា នៅកម្ពុជា ឬក៏នៅប្រទេសនានាលើសកលលោកនោះទេ។
ទោះជាមានប្រាក់ខែគោលទាបបំផុតត្រឹម ១៩២ដុល្លារ តែកម្មករកាត់ដេរម្នាក់ៗ នៅទទួលបានប្រាក់បន្ទាប់បន្សំជាច្រើនទៀត រួមមាន៖ ១-ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ចំនួន ៧ដុល្លារ ក្នុងមួយខែ ២-ប្រាក់រង្វាន់ធ្វើការទៀងទាត់ ចំនួន ១០ដុល្លារក្នុងមួយខែ ៣-ប្រាក់ថ្លៃបាយ សម្រាប់ធ្វើការថែមម៉ោង ដោយស្ម័គ្រចិត្ត ចំនួន ២០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេល ដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារ ចំនួនពី ២ដុល្លារ ដល់ ១១ដុល្លារ ក្នុងមួយខែ។ សរុបទៅ ក្រសួងការងារ បញ្ជាក់ថា ជាមធ្យម កម្មករកាត់ដេរនៅកម្ពុជាម្នាក់ៗ នៅឆ្នាំ២០២១ នេះ ទទួលបានប្រាក់ខែសរុបចន្លោះពី ២០៩ ដុល្លារ ដល់ ២២០ដុល្លារ ក្នុងមួយខែៗ។
យ៉ាងណាក៏ដោយ ភាគីសហជីព តំណាងកម្មករ នៅតែអះអាងថា ទោះបីជាមានវិបត្តិកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ពេលនេះ តែវិស័យកាត់ដេរ នៅកម្ពុជាយើង មិនទទួលផលប៉ះពាល់ធ្ងន់ធ្ងរទេ។ ការនាំចេញផ្នែកកាត់ដេរ នៅតែបន្តកើនឡើង ខណៈដែលការចំណាយរបស់កម្មករកាត់ដេរ ក៏កើនឡើងដែរ ព្រោះតែកូវីដ នាំឲ្យកម្មករមួយចំនួន មិនមានការងារធ្វើ ខ្លះប៉ះពាល់ដោយសារការបិទខ្ទប់ និងដោយសារតែទំនិញឡើងថ្លៃ ជាដើម។
ប៉ុន្តែភាគីនិយោជក ជាថៅកែរោងចក្រ និងភាគីរាជរដ្ឋាភិបាល យល់ឃើញផ្ទុយពីសហជីព ហើយថា កូវីដ ធ្វើឲ្យរោងចក្រកាត់ដេរជាច្រើន រងផលប៉ះពាល់ រហូតដល់មានរោងចក្រខ្លះ បិទទ្វារថែមទៀតផង។ ដូច្នេះ ប្រាក់ខែកម្មករ សម្រាប់ឆ្នាំ២០២២ មិនអាចផ្តល់ឲ្យបានតាមការទាមទាររបស់សហជីពនោះទេ។
ទោះយ៉ាងណា បើមិនបានឡើងប្រាក់ខែច្រើន ដូចការទាមទាររបស់សហជីពកម្មករ ក៏ខាងកម្មករកាត់ដេរ សូមឡើងតិចតួចក៏បាន។ ម្យ៉ាងបើថា ឡើងមិនបានទេ ក៏សូមត្រឹមតែកុំកាត់បន្ថយប្រាក់ខែនៅឆ្នាំ២០២២ តិចជាងឆ្នាំ២០២១ នេះ។ ពោលគឺឆ្នាំ២០២១ ប្រាក់ខែកម្មករកាត់ដេរអប្បបរមា មានចំនួន ១៩២ដុល្លារ ដូច្នេះការចរចាសម្រេចចុងក្រោយ នៅថ្ងៃទី២៨កញ្ញា គឺបើមិនបានលើស ១៩២ដុល្លារ ក៏សូមកុំឲ្យក្រោម ១៩២ដុល្លារ។
ការសម្រេច និងកំណត់ប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំ២០២២ ក៏គួរតែកុំឲ្យវិបត្តិកូវីដ១៩ ក្លាយជាហេតុផល ក្នុងការមិនដំឡើង ឬក៏រក្សាប្រាក់ខែដដែល។ អាចឡើងតិចតួច ក៏បាន ដូចកាលពីឆ្នាំមុន ព្រោះថា នៅកម្ពុជាយើង កាលពីឆ្នាំ២០២០ កូវីដ ក៏បានឆ្លងរាលដាលដែរ គ្រាន់តែថា មិនឆ្លងខ្លាំង ដូចនៅឆ្នាំ២០២១ នេះ។ តែយ៉ាងណាក៏ដោយ ពេលនេះ ស្ថានភាពកូវីដ រាងធូរស្រាល ហើយនៅក្នុងរោងចក្រកាត់ដេរ ក៏មិនមានកម្មករឆ្លងរាលដាល រហូតឈានដល់បិទរោងចក្រកាត់ដេរនោះទេ៕
ចែករំលែកព័តមាននេះ