ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ ខេត្តកែប ដំណើរការហើយ នៅថ្ងៃទី២៤កញ្ញានេះ

2 ឆ្នាំ មុន
  • កែប

ខេត្ត​កែប​៖ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ជា​ថ្ងៃ​ខួប ២៨​ឆ្នាំ នៃ​ថ្ងៃ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ ថ្ងៃ​២៤​កញ្ញា ឆ្នាំ​១៩៩៣ គឺ​នៅ​ថ្ងៃទី​២៤​កញ្ញា​នេះ លោក…

ខេត្ត​កែប​៖ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ជា​ថ្ងៃ​ខួប ២៨​ឆ្នាំ នៃ​ថ្ងៃ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ ថ្ងៃ​២៤​កញ្ញា ឆ្នាំ​១៩៩៣ គឺ​នៅ​ថ្ងៃទី​២៤​កញ្ញា​នេះ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ សាលាដំបូង​ខេត្ត​កែប និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប និង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​របស់​ប្រធាន​សាលាដំបូង​ខេត្ត​កែប និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប​។​

​លោក ហន សុ​ខេមរិន ត្រូវបានតែងតាំង ជា​ប្រធាន​សាលាដំបូង​ខេត្ត​កែប និង​លោក ខាន់ សុផល ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប​។ ខេត្ត​កែប កន្លងមក មាន​តុលាការ​សាលាដំបូង ស្ថិតនៅ​ជាមួយនឹង​ខេត្តកំពត ដោយសារតែ​ខេត្ត​កែប ទើប​បង្កើត​ថ្មី និង​មាន​ទំហំ​តូច​ផង​។

​លោក​រដ្ឋមន្ត្រី កើត រិ​ទ្ធ លើកឡើងថា «​ការដាក់ឱ្យ​ដំណើរការ​សាលាដំបូង​ខេត្ត​កែប និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​២៨ នៃ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១)​។ ថ្ងៃទី​២៤ ខែកញ្ញា​នេះ ក៏​នឹងត្រូវ​ចារ​ទុកជា​ថ្ងៃ​ប្រ​វ​តិ្ត​សាស្ត្រ​ថ្មី​មួយទៀត សម្រាប់​ទឹកដី​ខេត្ត​កែប ដែល​នឹងមាន​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ដើម្បី​បម្រើសេវា​យុ​តិ្ត​ធម៌​ជូន​ប្រជាពលរដ្ឋ កាន់តែ​ងាយស្រួល និង​កាន់​តែមាន​ប្រសិទ្ធភាព សម្រាប់​ការធានា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​»​។​

​លោក​រដ្ឋមន្ត្រី បន្ថែមថា «​សាលាដំបូង​ខេត្ត​កែប និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប ដែលជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​វិស័យ​យុត្តិធម៌ សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​កែប ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ដោយ​ផ្អែក​តាម​ការវិវត្ត​នៃ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ខេត្ត​កែប និង​ផ្អែក​តាមច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ ដែល​តម្រូវឱ្យមាន​សាលាដំបូង​មួយ​នៅ​បណ្តា​រាជធានី​-​ខេត្ត​នៅ​ទូទាំងប្រទេស ព្រមទាំង​ស្របតាម​ទិសដៅ​នៃ​កម្មវិធី​កែទម្រង់​ច្បាប់ និង​វិស័យ​យុត្តិធម៌ សំដៅ​បង្ខិត​ការផ្តល់សេវា​យុត្តិធម៌​ឱ្យ​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ និង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ខេត្ត​កែប តាមរយៈ​ការកាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ថវិកា​ក្នុងការ​ធ្វើដំណើរ​ទៅ​ទទួលយក​សេវា​យុ​តិ្ត​ធម៌​នៅ​សាលាដំបូង​ខេត្តកំពត និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​។ ទន្ទឹមនេះ វត្តមាន​នៃ​សាលាដំបូង​ខេត្ត​កែប និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កែប​នេះ នឹង​អាចជួយ​សម្រាល​បន្ទុក​សំណុំរឿង​របស់​សាលាដំបូង​ខេត្តកំពត ជាពិសេស អាចជួយ​ជំរុញឱ្យមាន​ការដោះស្រាយ​បណ្តឹង​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​កែប បាន​កាន់តែ​ឆាប់រហ័ស​ជាង​មុន​ទៅទៀត​»​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី កើត រិ​ទ្ធ ក៏បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​ប្រធាន​សាលាដំបូង ខេត្ត​កែប និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​កែប ឱ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន ឱ្យបាន​ម៉ឺងម៉ាត់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ដឹកនាំ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យការ ឱ្យមាន​ការរីកចម្រើន ជាពិសេស ត្រូវមាន​កិច្ចសហការ​ឱ្យបាន​ល្អប្រសើ​រ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក ដោយ​ផ្អែក​តាម​តួនាទី និង​ភារកិច្ច​ដែល​ច្បាប់​ប្រគល់ឱ្យ​រៀងៗ​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ និង​ភាពស្មោះត្រង់​ជាទីបំផុត​។​

​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់ថា សាលាដំបូង​ខេត្ត​កែប និង​អយ្យការ​អម​សាលាដំបូង ខេត្ត​កែប មាន​សមត្ថកិច្ច​លើ​សំណុំរឿង ដែល​ទទួល​ពី​ប្រជាពលរដ្ឋ ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ នេះ​តទៅ​។ ចំពោះ​សំណុំរឿង ដែលមាន​មុន​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ត្រូវ​បន្ត​ស្ថិតនៅក្រោម​ចំណាត់ការ​របស់​សាលាដំបូង​ខេត្តកំពត និង​អយ្យការ​អម​សាលាដំបូង ខេត្តកំពត ដដែល​៕