ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើតេស្តតាមវត្ត នៅភ្នំពេញ នាថ្ងៃទី២៤កញ្ញានេះ រកឃើញវិជ្ជមានប្រមាណ ២០អង្គ-នាក់

3 អាទិត្យ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ លទ្ធផល​នៃ​ការធ្វើ​តេស្ត រក​កូ​វីដ នៅតាម​វត្ត​នានា ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៤ ខែកញ្ញា​នេះ រកឃើញ​ព្រះសង្ឃ និង​អ្នក​នៅ​វត្ត ឆ្លង​កូ​វីដ…

ភ្នំពេញ​៖ លទ្ធផល​នៃ​ការធ្វើ​តេស្ត រក​កូ​វីដ នៅតាម​វត្ត​នានា ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៤ ខែកញ្ញា​នេះ រកឃើញ​ព្រះសង្ឃ និង​អ្នក​នៅ​វត្ត ឆ្លង​កូ​វីដ ប្រមាណ ២០ ​អង្គ​-​នាក់​។ ក្នុង​មួយ​វត្ត វិជ្ជមាន​កូ​វីដ ត្រឹមតែ ១ ឬ​២-៣​អង្គ​-​នាក់​ប៉ុណ្ណោះ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ លោក ទេព គង្គា​។​

​លោក ទេព គង្គា បាន​ឲ្យ​ដឹងថា ស្ថានភាព​កូ​វីដ នៅតាម​វត្ត មិន​ធ្ងន់ធ្ងរ​ទេ ដោយសារតែ​ក្នុងចំណោម​ព្រះសង្ឃ តាអាចារ្យ និង​អ្នកស្នាក់នៅ​វត្ត ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ប្រមាណ ២០​អង្គ​-​នាក់ គឺ​នៅក្នុង​តែ​ប្រមាណ ១០​វត្ត​ប៉ុណ្ណោះ​។ នៅ​ភ្នំពេញ មាន​វត្ត​សរុប ចំនួន ១៥១​វត្ត ដោយមាន​ព្រះសង្ឃ និង​អ្នកស្នាក់នៅ​វត្ត សរុប ប្រមាណ ២​ម៉ឺន​អង្គ​-​នាក់​។ រហូតដល់​ម៉ោង​ជិត ៧​យប់ ថ្ងៃទី​២៤​កញ្ញា​នេះ ការធ្វើ​តេស្ត យក​សំណាក ក្នុង​វត្ត សម្រេចបាន​ជាង ៨០%​ហើយ​។

ករណីឆ្លងកូវីដ ក្នុងវត្តនេះ ត្រូវបានលោក ទេព គង្គា បញ្ជាក់ថា ដោយសារតែ​ប្រជាពុទ្ធបរិស័ទ ចម្លងដល់ព្រះសង្ឃ ពេលទៅវត្ត ពេលទៅវត្តធ្វើបុណ្យកាន់បិណ្ឌប៉ុន្មានថ្ងៃដំបូងនេះ។

កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​នូវ​សេចក្តីសម្រេច​មួយ ស្តីពី ការផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ព្រោះ​ក្នុង​រយៈពេល ២​ថ្ងៃ នៃ​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​កន្លងទៅនេះ រាជរដ្ឋាភិបាល​ពិនិត្យឃើញថា មានការ​ជួបជុំ និង​ប្រមូលផ្តុំ​មនុស្ស​ជាច្រើន នៅតាម​បណ្តា​វត្ត​អារាម ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ដែល​មិនអាច​ធានាបាន​ការអនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ដែល​អាចធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស មេរោគ​បំ​លែង​ថ្មី​ដែល​តា ( Delta ) ដែលមាន​កម្រិត នៃ​ការឆ្លង​រាលដាល​ឆាប់រហ័ស​បំផុត​។​

​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ក្រោយពី​ផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាម​វត្ត​មួយចំនួន នៅពេល​ប្រារព្ធ​ពិធីបុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ បាន ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២​កញ្ញា និង​ថ្ងៃទី​២៣ ខែកញ្ញា​។ ក្នុងនោះ គ្រាន់តែ​វត្ត​ចំពុះក្អែក នៅ​ខណ្ឌ​ច្បារអំពៅ រកឃើញ​ព្រះសង្ឃ​ឆ្លង​កូ​វីដ ៤៦​អង្គ និង​អ្នក​នៅ​វត្ត ចំនួន ៣​នាក់ ហើយ​នៅ​វត្ត​នាគ​វ័ន មាន​តាអាចារ្យ ម្នាក់ និង​អ្នក​នៅ​វត្ត ២​នាក់ ឆ្លង​កូ​វីដ រកឃើញ​នៅ​ថ្ងៃ​ដាក់​បិណ្ឌ​១ កាលពី​ថ្ងៃទី​២២ ខែកញ្ញា​។

រដ្ឋបាលរាជធានីភ្នំពេញ តម្រូវ​ឲ្យធ្វើតេស្ត រកកូវីដ នៅតាមវត្តទាំង ១៥១វត្ត នៅក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៤ និង​ថ្ងៃទី​២៥ ខែកញ្ញា​​​៕