ខេត្តបន្ទាយមានជ័យ ៖ ពលករនិងមេខ្យល់ចំនួន៤នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ បានត្រូវកងកម្លាំងការពារព្រំដែនគោកលេខ៥០៣ និងអង្គភាពចំណុះកងអនុសេនាធំល្បាតទី៤ ដឹកនាំដោយអនុសេនីយ៍ឯក អ៊ិន សុជាតិ មេបញ្ជាការរងកងអនុសេនាធំល្បាតទី៤ ឃាត់ខ្លួន២ករណីដោយឡែកពីគ្នា ក្នុងភូមិសាស្ត្រភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក។
ករណីទី១-កាលពីវេលាម៉ោងប្រមាណ៦និង១៤នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ខណៈពួកគេបម្រុងលួចឆ្លងដែនដោយខុសច្បាប់មានចំនួន៣នាក់(ស្រីម្នាក់) ក្នុងនោះមេខ្យល់ម្នាក់ និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ប.មានជ័យ ១L-៩៣៧០ នៅភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ។
ករណីទី២-នាវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃដដែល កងកម្លាំងស្ទាក់ចាប់បានមេខ្យល់ដឹកអីវ៉ាន់ឲ្យពលករដែលលួចឆ្លងដែនដោយខុសច្បាប់ម្នាក់ទៀត និងម៉ូតូកង់បី១គ្រឿង ម៉ាកវ៉េវ ស៊េរីឆ្នាំ២០២០ ពណ៌ក្រហម-ខ្មៅ អត់មានផ្លាកលេខ និងដកហូតបានវត្ថុតាងមួយចំនួន នៅក្នុងភូមិសាស្ត្រដដែល ។
សមត្ថកិច្ចឲ្យដឹងថា នៅពេលកងកម្លាំងកំពុងល្បាតក៏បានជួបពលករបម្រុងលួចឆ្លងដែនដោយប្រើរូបភាពជិះម៉ូតូឌុបគ្នាដល់ចំណុចខាងលើ ក៏ត្រូវបានឃាត់ខ្លួនតែម្តង ។ ក្រោយពីសួរនាំ ក៏បានណែនាំដល់បងប្អូនកុំឲ្យបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងការខាតបង់ប្រាក់កាសរបស់បងប្អូនឡើយ។
ជាពិសេស ទាំងខាងកម្ពុជាយើង ទាំងខាងថៃ គឺកំពុងបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះ យើងត្រូវចូលរួមទាំងអស់គ្នា និងបន្តចូលរួមអនុវត្តវិធានការ«៣ការពារ ៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីគ្រួសារ និងសង្គមជាតិ។
ពលករចំនួន២នាក់ ត្រូវបានបញ្ជូនទៅឲ្យក្រុមការងារចម្រុះច្រកអូរបីជាន់ ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ។ ចំណែកមេខ្យល់២នាក់ និងវត្ថុតាងជាមធ្យោយបាយ គឺប្រគល់ទៅឲ្យកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធចាត់វិធានការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ