ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​ការ​រៀបចំ​ពិធីកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​យប់​អធ្រាត្រ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីសម្រេច…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​យប់​អធ្រាត្រ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីសម្រេច ស្តី​ពី ការ​ផ្អាក​ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

យោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានលើកឡើងថាក្នុងរយៈពេល ២ ថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាច ធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលអាចនឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ជាពិសេស់ មេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដែល មានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។ សម្តេចថាយោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលន ជំងឺកូវីដ-១៩ ជាពិសេស ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណា ចក្រកម្ពុជាកំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជា កំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅ បើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ រាជរដ្ឋាភិបាលបានសម្រេច ដូច​ខាងក្រោម ៖

១- ផ្អាក​ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​បិណ្ឌ​៤ រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ។
២- គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ធ្វើការ​សម្របសម្រួល​ជាមួយ​យន្តការ ដែល​មានការ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដល់​ការ​នាំ​យក​ចង្ហាន់ និង​ទេយ្យវត្ថុ​ចាំបាច់​នានា ប្រគេន​ដល់​ព្រះសង្ឃ នៅ​តាម​បណ្តា​វត្ត​អារាម​នានា ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​ដែនដី​របស់​ខ្លួន ។
៣- រក្សា​ការ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​លេខ​១៣១ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្តី​ពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១ ។

សូមបញ្ជាក់ផងដែរថា ការសម្រេចរបស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ផ្អាក​ការ​រៀបចំ​ពិធីកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ នេះធ្វើឡើង ក្រោយពីរកឃើញព្រះសង្ឃ តាអាចារ្យ និងនិស្សិតស្នាក់នៅវត្តមួយចំនួន បានឆ្លងកូវីដ-១៩ កាលពីបិណ្ឌទី ១ និងបិណ្ឌ ទី ២ ចំថ្ងៃទី ២២ និង ២៣ ខែកញ្ញា កន្លងទៅនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ