ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ ម្នាក់ៗ ខា្លចឆ្លងកូវីដ តែក៏កុំភ្លេច​គ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងពេលសព្វថ្ងៃ មិនថា នៅកម្ពុជា ឬនៅប្រទេសណាណាទេ គឺម្នាក់ៗ ខ្លាចញញើត ភ័យនឹងឆ្លងកូវីដ១៩ គ្រប់ៗគ្នា។ ជាងនេះទៅទៀត…

ភ្នំពេញ៖ ក្នុងពេលសព្វថ្ងៃ មិនថា នៅកម្ពុជា ឬនៅប្រទេសណាណាទេ គឺម្នាក់ៗ ខ្លាចញញើត ភ័យនឹងឆ្លងកូវីដ១៩ គ្រប់ៗគ្នា។ ជាងនេះទៅទៀត ក្នុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចូលមកដល់នាថ្ងៃទី២២ ខែកញ្ញានេះ តាមវត្តអារាម បានរៀបចំ​វិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ យ៉ាងប្រុងប្រយ័ត្ន និងដោយម៉ឺងម៉ាត់បំផុត។

ប្រជាពុទ្ធបរិស័ទ ក៏មិនខុសពីព្រះសង្ឃ និងតាអាចារ្យ យាយជីនោះទេ សុទ្ធតែខ្លាចឆ្លងកូវីដ១៩ ក្នុងពេលជួបជុំធ្វើបុណ្យកាន់​បិណ្ឌនាពេលនេះ។ ប៉ុន្តែប្រជាពុទ្ធបរិស័ទ ពិសេសអ្នកធ្វើដំណើរទៅវត្តទាំងឡាយ មិនថា ផ្លូវជិត ឬផ្លូវឆ្ងាយ រហូតដល់​ទៅស្រុកកំណើត នៅតាមបណ្តាខេត្តនោះទេ តោងត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងខ្លាចគ្រោះថ្នាក់ចរចរណ៍ ឲ្យដូចខ្លាចឆ្លងកូវីដដូច្នោះដែរ។

ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានលើកបង្ហាញ​ពីការងារចរាចរណ៍ ក្នុងរយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១។

តាមរបាយការណ៍ សមត្ថកិច្ច បានផាកពិន័យយានយន្តល្មើសច្បាប់ប្រមាណជាង ១សែន ៥ម៉ឺនគ្រឿង។ ក្នុងនោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត មាន ៧៣ភាគរយ។ ក្នុងចំណោម ៧៣ភាគរយនោះ មាន ៩០ភាគរយ មិនពាក់មួក​សុវត្ថិភាព ៦ភាគរយ ល្មើសសញ្ញាចរាចរណ៍ ២ភាគរយ គ្មានស្លាកលេខ ២ភាគរយ ប្រើទូរសព្ទ និង១ភាគរយទៀត អ្នកបើកបរ ក្នុងស្ថានភាពស្រវឹងស្រា។

ដោយឡែករថយន្តល្មើសវិញ ក្នុងរយៈពេល ៦ខែមកនេះ មានចំនួន ២៨.២០១គ្រឿង ស្មើនឹង ២៧ភាគរយ។ ក្នុងនោះ រថយន្តធុនធ្ងន់ មាន ៦.៤៣១គ្រឿង។ ក្នុងចំណោមរថយន្តល្មើសទាំងនោះ មានបទល្មើស មិនពាក់ខ្សែក្រវ៉ាត់ ៥២ភាគរយ ល្មើសល្បឿន ១៦ភាគរយ ប្រើទូរសព្ទ ១០ភាគរយ គ្មានស្លាកលេខ ៥ភាគរយ ល្មើសសញ្ញាចរាចរណ៍ ៧ភាគរយ គ្មាន​បណ្ណបើកបរ ៤ភាគរយ ដឹកលើសចំណុះ ៤ភាគរយ គ្មានឆៀក ១ភាគរយ គ្មានអាជីវកម្ម ១ភាគរយ និងបើកបរក្នុង​ស្ថានភាពស្រវឹង ១ភាគរយ។

ក្នុងរយៈពេលកន្លះឆ្នាំនេះដែរ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើងសរុប ១.២៦១លើក (យប់ ៥៤ភាគរយ) បណ្ដាលឱ្យស្លាប់ ៧០៩នាក់ និងរងបួស ១.៧៩២នាក់។ ក្នុងនោះរបួសធ្ងន់ ១.០៤៦នាក់។ គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១នេះ បានថយចុះ ៣៥៨លើក ស្មើនឹង ២២ភាគរយ ហើយអ្នកស្លាប់ថយចុះ ១៥២នាក់ ស្មើនឹង ១៨ភាគរយ និងរងរបួសថយចុះ ៦៥៧នាក់ ស្មើនឹង ២៧ភាគរយ។

ចំណែកមូលហេតុនៃគ្រោះថ្នាក់ គឺល្មើសល្បឿន ៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ ២៣ភាគរយ មិនប្រកាន់ស្ដាំ ១៦ភាគរយ វ៉ាជែង ៨ភាគរយ បត់ ៩ភាគរយ កត្តាយានយន្ត ៣ភាគរយ ស្រវឹង ៣ភាគរយ និងបញ្ហាសុខភាព ងងុយ ១ភាគរយ។

ជាការកត់សំគាល់ ក្នុងចំណោមជនរងគ្រោះ ស្លាប់ មាន ៧៨ភាគរយ គឺជាអ្នកជិះម៉ូតូ ស្មើនឹង ៥៥៥នាក់ និងមិនពាក់​មួក​សុវត្ថិភាព ចំនួន ៦៩ភាគរយ ស្មើនឹង ៣៨៥នាកក់។ ដោយឡែក រាជធានីខេត្ត ដែលមានអត្រាគ្រោះថ្នាក់ច្រើនជាងគេ រួមមាន នៅរាជធានីភ្នំពេញ ៣៤០លើក ខេត្តកណ្ដាល ៨៦លើក និងខេត្តស្វាយរៀង ៧៧លើក។

ជាទូទៅក្នុងពេលមានបុណ្យទានដូច្នេះ តាមទម្លាប់ខ្មែរយើងតែងតែធ្វើដំណើរទៅវត្តនេះ ទៅវត្តនោះ ហើយក៏មានអ្នកខ្លះ ធ្វើដំណើរទៅជួបជុំបងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា។ ការធ្វើដំណើរដោយមនុស្សច្រើន ខុសពីធម្មតា នាំឲ្យចរាចរណ៍មមាញឹក ហើយបើខ្វះការប្រុងប្រយ័ត្ន អាចនឹងកើតមានគ្រោះថ្នាក់ជាយថាហេតុ ក៏អាចថាបាន។

មួយចំនួនទៀត មិនថាចាស់ មិនថាក្មេង ស្រី ឬប្រុសទេ សព្វថ្ងៃ ក្នុងពេលបុណ្យទាន ក៏តែងតែជួបជុំផឹកស៊ីគ្រឿងស្រវឹង ស្រា និងស្រាបៀរដោយច្រើន។ ការជួបជុំផឹកស៊ី ក្នុងពេលនេះ អាចប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយមិនដឹងខ្លួនផង និងក៏អាចបង្កបញ្ហាជាច្រើនផ្សេងទៀត ដូចជា ការទាស់ទែង រហូតដល់វ៉ៃកាប់ចាក់គ្នា បណ្តាលរបួស និងស្លាប់ជាញឹកញាប់។ ម្យ៉ាងទៀត ដោយសារតែការផឹកស៊ីគ្រឿងស្រវឹងនោះ កន្លងមក ក៏កើតជាគ្រោះថ្នាក់ចរាចរណ៍ នៅពេលបើកបរ គឺបើមិន​បុកប៉ះគេ ក៏គ្រោះថ្នាក់ខ្លួនឯង បុកទ្រូងផ្លូវ ឬក៏ក្រឡាប់ ធ្លាក់ផ្លូវ ជាដើម។

ដូច្នេះអំឡុងពេល កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចូលមកដល់នាថ្ងៃទី២២ ខែកញ្ញានេះ រហូដល់ថ្ងៃទី៦ ខែតុលា សូមបងប្អូនជន​រួមជាតិ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងដោយស្មារតីទទួលខុសត្រូវរៀងៗខ្លួន។ ប្រុងប្រយ័ត្ននឹងកូវីដផង និងប្រុង​ប្រយ័ត្ននឹងគ្រោះថ្នាក់ចរាចរណ៍ផង។ ចូរកុំភ្លេចថា រៀងរាល់ថ្ងៃ នៅកម្ពុជាយើង នៅមានអ្នកឆ្លងជំងឺកូវីដ១៩ ចូលខ្ទង់ជាង ៦០០នាក់ ក្នុង ១ថ្ងៃៗ ហើយស្លាប់ មានជាង ១០នាក់ រៀងរាល់ថ្ងៃ។ រីឯគ្រោះថ្នាក់ចរាចរណ៍ ក៏បានសម្លាប់មនុស្សមួយថ្ងៃៗ មិនតិចជាង ៤ ទៅ ៥នាក់ និងរបួសជាង ១០នាក់ ក្នុង ១ថ្ងៃៗ ដែរ៕