ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ឲ្យ​ផ្អាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្រោយ​ផ្ទុះ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​តាម​វត្ត​មួយ​ចំនួន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ស្នើ​ឲ្យ​ផ្អាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ហើយ​បើ​មិន​ផ្អាក​ទេ ក៏​នៅ​តាម​វត្ត​អារាម ត្រូវ​តែ​កាត់​បន្ថយ​ចំនួន​អ្នក​ចូល​វត្ត…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ស្នើ​ឲ្យ​ផ្អាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ហើយ​បើ​មិន​ផ្អាក​ទេ ក៏​នៅ​តាម​វត្ត​អារាម ត្រូវ​តែ​កាត់​បន្ថយ​ចំនួន​អ្នក​ចូល​វត្ត ធ្វើបុណ្យ​ភ្ជុំបិណ្ឌ ។ ការ​ស្នើ​ឱ្យ​ផ្អាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយសារ​ប្រមុខ​រាជរដ្ឋាភិបាល​មានការ ព្រួយបារម្ភ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​វត្ត ដោយសារ​រក​ឃើញ​មាន​វត្ត​អារាម​មួយ​ចំនួន មានការ​ផ្ទុះ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​រយៈពេល ២ ថ្ងៃ នៃ​បុណ្យកាន់បិណ្ឌ​។

ក្នុង​សារ​ជា​សំឡេង​ជាង ១២ នាទី ចុះ ថ្ងៃ​ទី​២៣ ខែកញ្ញា សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា បើសិនជា​ជំងឺ​កូ​វី​ដ​-១៩ ផ្ទុះ​ការ​ឆ្លង​រាលដាល​តាម​វត្ត​ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដូច្នេះ នោះ​នឹង​មានការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ ចូល​ទៅ​ក្នុង​សហគមន៍ នៅ​ទូ​ទាំង​ប្រទេស ហេតុ​ដូច្នេះ​គូរ​ផ្អាក​នូវ​ពិធីបុណ្យ​កាន់បិណ្ឌ បើ​អាច ។

ព្រម​ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ចំ​ៗ​ថា នៅ​វត្ត​ចំពុះក្អែក ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន ៤៥​ករណី ហើយ​ត្រូវ​បិទ​ខ្ទប់​វត្ត​ចំពុះក្អែក​តែ​ម្តង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​និង​ការ​រីក​រាលដាល ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា សម្តេច​សូម​ស្នើ​សុំ​ថ្នាក់ដឹកនាំ​ព្រះសង្ឃ ក្រសួង​ធម្មការ និង​សាសនា រួម​ទាំង​ក្រសួងសុខា ភិបាល ជាដើម ត្រូវ​គិតគូរ​ជា​បន្ទាន់ លើ​ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ថា​តើ​ត្រូវ​ផ្អាក​សិន ឬ​ក៏​ត្រូវ​កាន់​បន្ថយ​ចំនួន​អ្នក​ចូល​ធ្វើបុណ្យ​ក្នុង។ សម្តេច បន្ថែម​ថា ប្រសិនបើ​បន្ត​បើក​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ ចូល​វត្ត​ធ្វើបុណ្យ​កាន់បិណ្ឌ​ដូច​រាល់ថ្ងៃ នឹង​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ ធ្ងន់ធ្ងរ ហួស​ពី​ការ​គិត​ជា​មិន​ខាន ហើយ​ទម្រាំ​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ សភាពការណ៍ នឹង​មាន​ភាព​អាសន្ន​ធ្ងន់ធ្ងរ ហើយ​ទប់​មិន​ឈ្នះ បើ​ទោះបីជា​រាជរដ្ឋាភិបាល ខិតខំ​ស្រោច​វ៉ាក់សាំង​យ៉ាងណា​ក៏​ដោយ​។

សម្តេច​តេ​ជោ បាន​ស្នើ​ដោយ​ទទូច​ម្តង​ហើយ​ម្តងទៀត ទៅ​កាន់​ព្រះ​ចៅអធិការ​វត្ត និង​គណៈកម្មការ​វត្ត​និ​មួយ​ៗ បន្ត​រស់​តាម​របៀប​កន្លង​ថ្មី នៃ​បរិបទ​កូ​វី​ដ​-១៩ ដោយ​មិន​មានការ​ជួបជុំ ប្រមូលផ្តុំ តាម​រយៈ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ទេ ព្រោះ​ការ​ជូ​ប​ជុំ​មនុស្ស​ច្រើន​បង្ក​ហានិភ័យ​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ខ្លាំងក្លា ។ សម្តេច​បាន​បញ្ជាក់ សម្តេច​លើក​ឡើង​បែ​នេះ ព្រោះ​ខ្លាច​មាន​អ្នក​ស្លាប់ ដោយសារ​កូ​វី​ដ​ច្រើន ហើយ​មិន​ត្រឹមតែ​នៅ​ភ្នំពេញ​ទេ គឺ​អាច​នឹង​ឆ្លង​រាលដាល​នៅ​ជនបទ​ទូ​ទាំង​ប្រទេស​។ ហើយ​ករណី​នេះ ក៏​អាច​នឹង​បំផ្លាញ​ដល់​ផែនការ​បើក​សាលារៀន​ឡើង​វិញ ផង​ដែរ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា បើ​មិន​បិទ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ទេ «​សូម​ឲ្យ​កាត់​បន្ថយ​ចំនួន​មនុស្ស ចូល​វត្ត ដោយ​មាន​តែ​អ្នក​កាន់​វេន ចូល​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ហើយ​កាត់​បន្ថយ​ពិធី​សាសនា​នានា ដោយ​គោរព​ឲ្យ​បាន​ហ្មត់ចត់​តាម​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩» ។

សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃ​បិណ្ឌ​ទី ១ ក៏​រក​ឃើញ​អាចារ្យ​ម្នាក់ និង​និស្សិត ២ រូប​ស្នាក់​នៅ​វត្ត​នាគ​វ័​ន្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ផង​ដែរ រហូត​មានការ​បិទ​វត្ត​ចំនួន​មួយ​ថ្ងៃ កាលពី​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​២០២១ នេះ ។