ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដឹក​ផ្លែ​ឈើ​លើកគ្នា​តវ៉ា​ដល់​ស្នាក់​ការ​គយ​ច្រក​អន្តរជាតិ​ដូង ក្រោយ​ជំរិត​ទា​រលុយ​ច្រើនពេក​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង​ ៖ ក្រុម​ឈ្មូ​ញ​ដែល​រកស៊ី​ដឹក​ផ្លែ​ឈើ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​»ស្រុក​កំ​រៀង រាប់​សិប​នាក់​បាន​បើករថយន្ត​ប្រភេទ​ម៉ាក​សាំ​យ៉ុ​ង​(១២​កៅអី​)រាប់​សិប​គ្រឿង​ ទៅ​ឈប់​កកកុញ​នៅ​ខាង​មុខ​ស្នាក់​ការ​គយ​និង​រដ្ឋាក​«​ដូង​»ដើម្បី​ធ្វើការ​តវ៉ា​សុំ​បញ្ចុះតំលៃ​បង់ប្រាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា នេះ ក្រោយ​ពី​មន្ត្រី​គយ…

ខេត្តបាត់ដំបង​ ៖ ក្រុម​ឈ្មូ​ញ​ដែល​រកស៊ី​ដឹក​ផ្លែ​ឈើ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​»ស្រុក​កំ​រៀង រាប់​សិប​នាក់​បាន​បើករថយន្ត​ប្រភេទ​ម៉ាក​សាំ​យ៉ុ​ង​(១២​កៅអី​)រាប់​សិប​គ្រឿង​ ទៅ​ឈប់​កកកុញ​នៅ​ខាង​មុខ​ស្នាក់​ការ​គយ​និង​រដ្ឋាក​«​ដូង​»ដើម្បី​ធ្វើការ​តវ៉ា​សុំ​បញ្ចុះតំលៃ​បង់ប្រាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា នេះ ក្រោយ​ពី​មន្ត្រី​គយ នៃ​ស្នាក់​ការ​នេះ​ជំរិត​ទា​រប្រាក់​បង់​ក្បាល​រថយន្ត​ច្រើន​ៗ​ពេក ដែល​ធ្វើ​ពួក​គេ​មួយ​ចំនួន​គ្មាន​សល់​ប្រាក់​ចំណេញ​។

ក្រុម​អ្នក​តវ៉ា​បាន​ផ្ដល់​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​មក​ថា អ្នក​តវ៉ា​រាប់​សិប​នាក់ ដែល​ភាគច្រើន​សុទ្ធតែ​ឈ្មូ​ញ​ដឹក​ផ្លែ​ឈើ បាន​ផ្អាក​ដឹក​ផ្លែ​ឈើ​មួយ​ថ្ងៃ ហើយ​បាន​នាំ​គ្នា​បើករថយន្ត​រៀង​ៗ​ខ្លួន ទៅ​ជួបជុំ​គ្នា​នៅ​ខាង​មុខ​ស្នាក់​ការ​គយ ​និង​រដ្ឋាក​ «​ដូង​» នៅ​ស្រុក​កំ​រៀង ដើម្បី​ធ្វើការ​តវ៉ា​ទាមទា​រឲ្យ​មន្ត្រី​គយ នៃ​ស្នាក់​ការ​នេះ​ប​ញ្ជុះ​តំលៃ​បង់​ក្បាល​រថយន្ត​ដឹក​ផ្លែ​ឈើ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា កន្លង​មកនេះ ​មន្ត្រី​គយ​ប្រចាំ​ស្នាក់​ការ​នេះ បាន​បង្ខំ​ទារ​ប្រាក់​ពី​ក្រុម​ឈ្មូ​ញ​ដឹក​ផ្លែ​ឈើ ក្នុង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ត្រូវ​បង់ប្រាក់​ចន្លោះ​ពី ១០​ម៉ឺន ទៅ​១៥​ម៉ឺន ឬ រហូត​ដល់​២០​ម៉ឺន​រៀល​ឯណោះ​។

ហើយ​មិនមែន​បង់​តែ​មន្ត្រី​គយ​មួយ​កន្លែង​នេះ​ទេ នៅ​បង់​ឲ្យ​ពួក​កុង​ត្រោ​ល​ជជុះ​បណ្ដាក់​គ្នា​ដូច​ខ្យង​ហូរហែ ​នៅ​តាម​ដងផ្លូវ​ជា​បន្ត​បន្តា​ប់​ទៀត ទម្រាំ​ទៅ​ដល់ទី​ផ្សារ​។ ដូច្នេះ​ ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​លក់​ប្រាក់​ចំណេញ​ទេ​។ ក្រុម​អ្នក​ដឹក​ផ្លែ​ឈើ​បាន​បញ្ជាក់​បន្ថែម​ថា ពួក​គាត់​ដែល​មក​តវ៉ា​នេះ គឺ​សុំ​ឲ្យ​មន្ត្រី​គយ​បន្ធូ​របន្ថយ​តំលៃ​មក​នៅ​ត្រឹមពី​៥​ម៉ឺន ទៅ​៦​ម៉ឺន​រៀល ក្នុង​រថយន្ត​មួយ​គ្រឿង តែ​ខាង​ភាគី​គយ​មិន​យល់ព្រម​តាម​ការ​ស្នើ​សុំ​ទេ​។ នៅ​កន្លែង​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ខាងលើ​នេះ គេ​ឃើញ​លោក​អភិបាលរង​ស្រុក​កំ​រៀង​ម្នាក់ បាន​ចុះ​អន្តរា​គម​ន៍ ជួយ​សម្រប​ស​ម្រូ​ល​រវាង​ភាគី​គយ​និង​ក្រុម​ឈ្មូ​ញ​ដឹក​ផ្លែ​ឈើ​។ ប៉ុន្តែ​បើ​តាម​មន្ត្រី​រដ្ឋបាល​ស្រុក​កំ​រៀង បាន​និយាយ​ថា ភាគី​ទាំង​០២​មិន​បាន​ត្រូវរ៉ូវ​គ្នា​ទេ បើ​ទោះជា​អាជ្ញាធរ​ស្រុក បាន​ប្រឹងប្រែង​ជួយ​សម្រប​ស​ម្រួ​ល​ក្ដី​។

មន្ត្រី​រូប​នេះ​បាន​ប្រាប់​ថា អាជ្ញាធរ​បាន​សម្រប​ស​ម្រូ​ល ហៅ​តំណាង​អ្នក​តវ៉ា​ប៉ុន្មាន​នាក់​ឲ្យ​ជួយ​ដោះស្រាយ​ជាមួយ​មន្ត្រី​គយ​ដែរ តែ​ភាគី​គយ​បាន​គ្រវីក្បាល មិន​ឯកភាព​តាម​ការ​ទាមទា​បញ្ចុះតំលៃ​ពី​ភាគី​អ្នក​តវ៉ា​ទេ​។ ការ​ជួប​រក​ដំណោះស្រាយបាន​បរាជ័យ ខណៈ​ក្រុម​អ្នក​តវ៉ា​នៅ​តែ​បន្ត​ប្រមូលផ្ដុំ​គ្នា​ទាំង​មនុស្ស​ទាំង​រថយន្ត​កកកុញ​លើ​ដងផ្លូវ ខាង​មុខ​ស្នាក់​ការ​គយ ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩​។ កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ស្នាក់​ការ​គយ​និង​រដ្ឋាក «​ដូង​» ឬ មន្ត្រី​គយ​ណា​ម្នាក់​ប្រចាំ​ស្នាក់​ការ​នេះ​បាន​ភ្លាម​ៗ​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា​នេះ​។

ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​មន្ត្រី​ស្រុក​កំ​រៀង បាន​និយាយ​ថា ការ​ច​រចាររក​ដំណោះស្រាយ​រវាង​ក្រុម​ឈ្មូ​ញ​ដឹក​ផ្លែ​ឈើ និង មន្ត្រី​គយ រក​ច្រកចេញ​មិន​រួច​ទេ ដោយសារ​ភាគី​គយ មិន​ឯកភាព​តាម​សំណូមពរ​ខាង​ភាគី​ឈ្មូ​ញ​ដឹក​ផ្លែ​ឈើ​។ ប៉ុន្តែ​នៅ​សៀ​ល​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​ខេត្ត នឹង​ចុះ​អន្តរា​គម​ន៍​ជួយ​សម្រប​ស​ម្រូ​ល​រឿង​នេះ​បន្ត តែ​មិន​ដឹក​ថា ទៅ​មុខ​រួច​ឬ​អត់​នោះ​ទេ​។

សូម​រំ​លឺ​កថា កន្លង​មក​មន្ត្រី​គយ​ប្រចាំ​ស្នាក់​ការ​ខាងលើ​នេះ បាន​ប៉ះទង្គិច​ជាមួយ​ឈ្មូ​ញ​ដឹក​ផ្លែ​ឈើ​ច្រើន​លើក​ហើយ ដោយសារ​តែ​ជំរិត​ទា​ប្រាក់​ពី​អ្នក​ដឹក​ផ្លែ​ឈើ​ច្រើន​ៗ​ពេក​។ ពេល​ខ្លះ​ មន្ត្រី​គយ​ខាងលើ​នេះ បាន​បើករថយន្ត​ប្រដេញ​រថយន្ត​ដឹក​ផ្លែ​ឈើ​ផ្អើល​ពេញ​ផ្លូវ​ទៀត​ផង ដោយសារ​អ្នក​ដឹក​ផ្លែ​ឈើ មិន​ព្រម​បង់ប្រាក់​។ បើ​តាម​ឈ្មូ​ញ​ដឹក​ផ្លែ​ឈើ ឬ ដឹក​ទំនិញ​ផ្សេង​ៗ បាន​និយាយ​ថា មន្ត្រី​គយ​ខាងលើ​នេះ បាន​ទា​ប្រាក់​ពី​ឈ្មូ​ញ​រកស៊ី​តាម​ទំនើងចិត្ត ហើយ​ក៏​គ្មាន​ការ​ចេញ​វិ​ក័យ​ប​ត្រ​បង់ប្រាក់​តាម​ច្បាប់ទម្លាប់​ដែរ​។

ពួក​គេ​បាន​ត្អូញត្អែរ​ថា អ្នក​ដឹក​ផ្លែ​ឈើ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងតិច​ចន្លោះ​ពី​៣០​ម៉ឺន ទៅ ៤០​ម៉ឺន​រៀល ក្នុង​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង សម្រាប់​បង់​ឲ្យ​មន្ត្រី​គយ និងបង់​តាម​កុង​ត្រោ​ល​ជជុះ​នានា ដែល​បណ្ដាក់​គ្នា​ដូច​ខ្យង​នៅ​តាម​ដងផ្លូវ ចាប់ពី​ព្រំដែន​ថៃ រហូត​ដល់ទី​ផ្សារ​ក្នុង​ក្រុង​បាត់ដំបង​។ ដូច្នេះ ​ពួក​គេ​គ្មាន​សល់​ប្រាក់​ចំណេញ​សម្រាប់​ចិញ្ចឹម​ជីវភាព​គ្រួសារ​ទេ ហើយ​បើ​រថយន្ត​ខូច​ទៀត ប្រា​ដក​ជា​ខាតបង់​ចូល​ដើម​ហើយ​។ ពោល គឺសព្វថ្ងៃ​រក​ប្រាក់​សម្រាប់​តែ​ចិញ្ចឹម​មន្ត្រី​គយ និង​ពួក​កុង​ត្រោ​ល​ជជុះ​តែ​ប៉ុណ្ណោះ​ ៕