ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គី សេរីវឌ្ឍន៍ ចង់ឱ្យរដ្ឋទប់វិស័យអចលនទ្រព្យកុំឱ្យដើរលឿនពេក ហើយងាកមកជំរុញផលិតកម្មវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្របពេលដែលរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវបត្តិកូវីដ ១៩ នេះ លោកបណ្ឌិត គី សេរីរវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជា លើកឡើងថា…

រាជធានីភ្នំពេញ ៖ ស្របពេលដែលរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវបត្តិកូវីដ ១៩ នេះ លោកបណ្ឌិត គី សេរីរវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជា លើកឡើងថា ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យលឿនពេក អាចជាឧបសគ្គនៅក្នុងការអភិវឌ្ឍន៍ផលិតកម្មនៅក្នុងស្រុក ។ ផលិតកម្មក្នុងស្រុក ដែលមានសារៈសំខាន់ជាងបញ្ហាវិស័យអចលនទ្រព្យ ពីព្រោះផលិតកម្ម លើកកម្ពស់ការផលិតក្នុងស្រុក កាត់បន្ថយការនាំទិញចូល ផ្តល់ការងារកាន់តែច្រើនដល់ពលរដ្ឋ រួមទាំងធ្វើឲ្យកសិផលមានទីផ្សារ ។

ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យភាគច្រើនបានឲ្យផលសំខាន់ទៅលើអ្នកមានប្រាក់ ។ នៅពេលវិស័យនេះរីកចម្រើនអ្នកវិនិយោគ ដែលស្វែងរកផលចំណេញលឿន និងងាយស្រួល បានបង្វិលទុនរបស់ខ្លួនទៅទិញដីទិញផ្ទះ ធ្វើឲ្យខ្វះចន្លោះលើការបង្កើតសហគ្រាសក្នុងការជំរុញផលិតកម្ម ។ លោក គី សេរីវឌ្ឍន៍ ចង់ឃើញរាជរដ្ឋាភិបាលទប់ស្កាត់ការលូតយលាស់វិស័យអចលនទ្រព្យសិន កុំឱ្យលូតលាស់លឿនពេក ដោយងាកមកជំរុញផលិតកម្មនៅក្នុងស្រុក ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចរូបនេះ បញ្ជាក់ថា យុទ្ធសាស្រ្តវ៉ាក់សំាងនឹងជំរុញឲ្យកម្ពុជាបើកដំណើរការសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗនេះ ។ លោកថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួល ក្នុងការសម្របសម្រួលពាណិជ្ជកម្មឱ្យមានដំណើរការប្រសើរឡើងវិញ គឺជាកត្តាមួយល្អហើយជំរុញក្នុងការដោះស្រាយវិបត្តិនៅក្នុងឆ្នំា ២០២០-២០២១ នេះ ហើយនៅក្នុងយុទ្ធសាស្ត្រស្តារឡើងវិញសម្រាប់ឆ្នំា ២០២១-២០២៣ យុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ប៉ុន្តែយុទ្ធសាស្ត្រទំាងនេះនូវខ្វះខាតមួយចំនួនដែរ នេះជាអ្វីដែលលោកបានលើកឡើងតាមការមើលឃើញផ្ទាល់ខ្លួន ។

«ខ្ញុំយល់ឃើញថា រាជរដ្ឋាភិបាល គួរទប់ស្កាត់ការលូតលាស់វិស័យអចលនទ្រព្យសិន កុំដំណើរការលឿនពេក ហើយជំរុញឱ្យមានផលិតកម្មនៅក្នុងស្រុក ជាជាងការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ពីព្រោះ វិស័យអចលនទ្រព្យមិនបានជំរុញផលិតកម្មទេ ជាការបង្កើតឱ្យមានពពុះសេដ្ឋកិច្ចទៅវិញ អ៉ីចឹងកាលណាយើងជំរុញឱ្យមានផលិតនៅក្នុងស្រុក គឺជាចលករដ៏សំខាន់មួយ ជំរុញឱ្យសេដ្ឋកិច្ចរបស់យើងប្រសើរឡើងវិញ ទោះបីនៅក្នុងស្ថានភាពណាក៏ដោយ ។ ពិសេសការបើកច្រកពាណិជ្ជកម្មសេរីជាមួយកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ នៅពេលខាងមុខនេះ» លោក គី សេរីវឌ្ឍន៍ បញ្ជាក់ ។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ និងគ្រោងដាក់ចេញផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ ដោយផ្តល់អាទិភាពចំបងលើស្តារឡើងវិញ កសាងមូលដ្ឋានរឹងមាំ សម្រាប់សេដ្ឋកិច្ចវិលទៅរកកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលប៉ះពាល់ ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង ការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ