ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ឱកាស​ចុង​ក្រោយ​ឱ្យ​ពល​រដ្ឋ​៣១​គ្រួសារ​សង់​លើ​ប្រឡាយ​រើ​ចេញ តែ​ពល​រដ្ឋ​៩​គ្រួសារ​សុំ​រឿង​មួយ​

3 អាទិត្យ មុន
  • ព្រះសីហនុ

​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ជម្រាប​ជូនដំណឹង​ជា​លើក​ចុង​ក្រោយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ចំនួន​៣១​គ្រួសារ ស្មើនឹង​៣២​ខ្នង​ផ្ទះ ដែល​មានផ្ទះ និង​សំណង់​អគារ​សង់​រំលោភ​លើ​អូរ​ប្រឡាយ និង​ដី​ចំណីរ​ផ្លូវ​អូរ​២ សូម​​ឆាប់​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ជា​កំ​ហឹ​ត មុន​នឹង​​រដ្ឋបាល​ខេត្ត​ចាត់វិធានការ​ក្តៅ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក ឈិ​ត រតនៈ នាយករង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ លោក គង់ សោភា អភិបាលរង​ក្រុងព្រះសីហនុ និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ មន្ទីរ អង្គ​ភាព ពាក់ព័ន្ធ​ទាំងអស់​ចុះ​ណែនាំ​ជា​លើក​ចុង​ក្រោយ​ដល់​ពលរដ្ឋ និង​ម្ចាស់​សំណង់​ដែល​សង់​រំលោភ​លើ​អូរ និង​ដី​ចំណី​អូរ​២ ឲ្យ​រុះរើ​ចេញ​ជា​កំ​ហឹ​ត ។ ចំណុច​នេះ​ស្ថិត​នៅ​ក្នុងភូមិ​៥ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

យោង​តាម​ប្រសាសន៍​របស់​លោក​ឈិ​ត រតនៈ នាយករង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ជម្រាប​ជូនដំណឹង​ជា​លើក​ចុង​ក្រោយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ចំនួន​៣១​គ្រួសារ ស្មើនឹង​៣២​ខ្នង​ផ្ទះ ដែល​មានផ្ទះ និង​សំណង់​អគារ​សង់​រំលោភ​លើ​អូរ​ប្រឡាយ និង​ដី​ចំណីរ​ផ្លូវ​អូរ​២ សូម​​ឆាប់​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ជា​កំ​ហឹ​ត មុន​នឹង​​រដ្ឋបាល​ខេត្ត​ចាត់វិធានការ​ក្តៅ​ឈួ​ស​ឆាយ​កាយ​ស្តារ​អូរ​ប្រឡាយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​បងប្អូន ។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ការ​ដែល​អាជ្ញាធរ​ចុះ​មក​ផ្សព្វផ្សាយ​ឱ្យ​មានការ​រុះរើ​ចេញ​នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ កន្លង​មក​រដ្ឋ​បាល​ខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១​រួច​មក​ហើយ​ដែរ តែ​បងប្អូន​ពលរដ្ឋ​មិន​ព្រម​ស្តាប់​តាម ក្នុង​​ការ​ណែនាំ​ទេ ហើយ​នេះ​ជា​ការ​ផ្សព្វផ្សាយ​លើក​ចុង​ក្រោយ​ គឺ​យើង​សុទ្ធតែ​មាន​មន្ត្រី​ជំនាញ​ចុះ​មក​កំណត់​ទីតាំង​ច្បាស់លាស់​រួច​មក​ហើយ​ដែរ ពី​ផល​ប៉ះពាល់​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​សំណង់​មួយ​ចំនួន​កុំ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន សង់​សំណង់​រំលោភ​លើ​អូរ និង​ដី​ចំណី​អូរ​ប្រឡាយ​(​អូរ​២) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត ប៉ះពាល់​អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ដោយ​មិន​បាន​គិត​ពី​ផលប្រយោជន៍​រួម គិតតែ​ពី​ផលប្រយោជន៍​ខ្លួន និង​បុគ្គល​ម្នាក់​ៗ ។

គួរ​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​ឯកឧត្តម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ចូល​មក​កាន់​តំណែង​ជា​អភិ​បាលខេត្ត​ថ្មី​មក​ឯកឧត្តម​បាន​កសាង​ស្ថាបនា ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់​នានា បានជា​ច្រើន​ខ្សែ និង​បាន​ស្តារ​អូរ​-​ប្រឡាយ​រំដោះ​ទឹក​ពុំ​ឲ្យ​មានការ​ជន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ទៀត​នោះ​ទេ ។ បច្ចុប្បន្ន​ឯកឧត្តម​នៅ​តែ​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ​ដូច​ភ្លៀងរលឹម និង​មិន​លើកលែង​ជា​ដាច់ខាត​ចំពោះ​បុគ្គល​ណា​ម្នាក់​ដែល​សង់​សំណង់​រំលោភ​លើ​អូរ​ប្រឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ជា​រួម ។

ប្រជាពលរដ្ឋ​៩​គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៣១​គ្រួសារ​ដែល​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ តម្រូវ​ឱ្យ​រុះរើ​សំណង់​គ្រប់​ប្រភេទ​ដែល​សង់​រំលោ.ភ​​លើ​អូរ និង​ដី​ចំណី​អូរ​២ ឲ្យ​រុះរើ​ចេញ​ជា​កំ​ហឹ​ត នា​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២១​នេះ​បាន​អំពាវនាវ​ក៏​ដូច​ជា​ស្នើ​សុំ​ការ​យោគយល់​ពី​អាជ្ញាធរ ដោយ​បន្ធូរបន្ថយ​លើ​ស្ថានភាព​ជាក់ស្តែង​ដល់​ពួក​គាត់​ផង ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ថ្លែង​ថា ពួក​គាត់​ពុំ​បាន​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​អាជ្ញាធរ នោះ​ទេ មាន​ន័យ​ថា ពួក​គាត់​មានការ​សាទរ​​ទៅ​នឹង​គោលការណ៍​ណែនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត​កន្លង​មក ដែល​តែងតែបាន​គិតគូរ​ប្រយោជន៍​រួម​ជា​ធំ ។ ហើយ​អ្វី​ដែល​​រដ្ឋបាល​ក្រុង ខេត្ត តម្រូវ​ឱ្យ​ពួក​គាត់​រុះរើ​ចេញ​នេះ​ក៏​ដើម្បី​បញ្ចៀស​នូវ​កកស្ទះ​ចរន្តទឹក​ផង​ដែរ ប៉ុន្តែ​ពួក​គាត់​ស្នើ​សុំ​តែ​ម្យ៉ាង ការ​បន្ធូរបន្ថយ​ក្នុង​ការ​ពង្រីក​អូរ លើស​អំពី​អ្វី​ដែល​ក្រុមការងារ​ធ្លាប់​ចុះ​មក​បាញ់ថ្នាំ កំណត់​ទំហំ ។

ពួក​គាត់​សុខចិត្ត​កាត់​មួយ​ចំណែក​ផ្ទះ​ដែល​នៅ​ខាងក្រោយ សុំ​ទុក​ខាង​មុខ​ឱ្យ​ខ្លួន​គាត់​បាន​ប្រកប​អាជិ​វ​កម្ម​បន្តិចបន្តួច​ចិញ្ចឹម​ឆ្នាំង​​ផង ។ ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គាត់​បាន​មក​រស់នៅ​ទី​នេះ​យូរហើយ ថែម​ទាំង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​ដែនដី និង​ផ្ទះ​ខ្លះ​មាន​ទាំង​បង្កាន់ដៃ​វាស់វែង​ទៀត​ផង ដូចនេះ​ពួក​គាត់​សុំ​តែ​កន្លែង​មួយ​សម្រាប់​រកស៊ី​ចឹ​ញ្ចឹ​ម​ជិ​វិត​តែ​ប៉ុណ្ណោះ មិនមែន​មាន​ចេតនា​ណាមួយ​ប្រឆាំង​ទៅ​នឹង​ការ​អភិវឌ្ឍ​នោះ​ទេ ៕