ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ចង់បាន​កិច្ច​សហប្រតិបត្តិការ ក្នុងការបង្កើតនូវ​ជំនឿ​ជឿ​ជាក់ ប្រកបដោយការស្ថាបនា ដោយមិនទម្លាក់​កំហុសឱ្យគ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នករាយ​ការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សថា កម្ពុជាចង់​បានកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតនូវជំនឿជឿជាក់​លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនា ឈានឆ្ពោះ​ទៅមុខលើបញ្ហាសិទ្ធិ​មនុស្ស…

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នករាយ​ការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សថា កម្ពុជាចង់​បានកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតនូវជំនឿជឿជាក់​លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនា ឈានឆ្ពោះ​ទៅមុខលើបញ្ហាសិទ្ធិ​មនុស្ស ដោយមិនទម្លាក់ កំហុសឱ្យគ្នាទៅវិញទៅមក។

សម្តេច​អគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាសជួបពិភាក្សា ជាមួយលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការ​សហ​ប្រជាជាតិ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ​។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបនៅ​រសៀលថ្ងៃទី២២ ខែកញ្ញានេះ​ថា លោកសាស្ត្រាចារ្យ Vitit Muntarbhorn បានស្នើសុំស្វែងយល់ពីរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៤ចំណុច។ ១. គឺអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសិទ្ធិមនុស្ស​។ ២. មេរៀន ដែល​កម្ពុជាទទួលបាន នៅក្នុងការ​ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក្នុងពន្ធនាគារ។ ៣. ការពង្រីកលំហរ​សេដ្ឋកិច្ច សង្គមស៊ីវិល និងនយោបាយ និង ទី៤. គឺសូមគោរពស្វែងយល់ពីសម្តេចតេជោ នូវអ្វីដែលលោកគួរធ្វើ ដើម្បីគាំទ្រផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ បានជម្រាបជូនអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិថា ចំណុចទី១-អាទិភាពរបស់កម្ពុជា តាំងពីដើមរហូតមកដល់ពេល​នេះ គឺសិទ្ធិរស់រានមានជីវិតរបស់កម្ពុជា ស្របតាម​រដ្ឋធម្មនុញ្ញផង និងស្របតាមអនុសញ្ញាអន្តរជាតិផង។ ដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជា​ត្រូវរក្សាដាច់ខាតឲ្យខាន​តែបាននូវ​សុខសន្តិភាព និងស្ថិរភាពសង្គម រួមនឹងការស្រោចវ៉ាក់សាំង ជូនទៅដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ​។

ចំណុចទី២ សម្តេចតេជោ លើកឡើងថា កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នក ដែលកំពុងជាប់ទោស នៅក្នុងពន្ធនាគារ ដែលមានទោសស្រាលជាស្ត្រី និងស្ត្រី ដែលមានកូន ជាដើម តាមរយៈការរៀបចំកន្លែងថ្មីជូនគាត់ ឬផ្ទេរគាត់ទៅកន្លែងថ្មី ចៀស​វាងនូវការឆ្លងជំងឺកូវីដ១៩។ កម្ពុជាក៏មិនមើលរំលង អ្នកកំពុងជាប់ទោសផ្សេងទៀតនោះដែរ គឺកម្ពុជាបានចាក់វ៉ាក់សាំងដូស ទី១ ទី​២ រួចរាល់ និងត្រៀមចាក់ដូសលើកទី​៣ ជូនដល់ពួកគាត់ទៀតផង។

សម្តេចតេជោ ​បន្តថា ចំណុចទី៣- កម្ពុជា គឺចង់មានបរិស្ថានល្អ សង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយ​នឹងលំហរ​លទ្ធិប្រជាធិបតេយ្យ និង ទី៤- អ្វីដែលកម្ពុជាចង់បាននោះ គឺការបង្កើតកិច្ចសហប្រតិបត្តិការទាំង ៤នោះ ក្នុងការបង្កើត​នូវជំនឿជឿជាក់​លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនា ឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដែលមិនទម្លាក់​កំហុសឱ្យគ្នាទៅវិញទៅមក៕ ច័ន្ទថា​