ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកើតកូវីដ អាចចាក់វ៉ាក់សាំងបាន ក្រោយជា​សះស្បើយ ចាប់ពី ៤ខែឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ថ្ងៃទី​២២ ខែកញ្ញា​នេះ​ថា ប្រជាពលរដ្ឋ ក្រោយពី​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ រយៈពេល​ចាប់ពី ៤​ខែ​ឡើង អាច​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បាន​។…

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ថ្ងៃទី​២២ ខែកញ្ញា​នេះ​ថា ប្រជាពលរដ្ឋ ក្រោយពី​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ រយៈពេល​ចាប់ពី ៤​ខែ​ឡើង អាច​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ បាន​។ កន្លែង​ចាក់​វ៉ាក់សាំង នៅ​ភ្នំពេញ សម្រាប់​មន្ត្រីរាជការ​ថ្នាក់ជាតិ អាច​ទៅ​ចាក់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​។​

​តាម​សេចក្តីជូនដំណឹង ចំពោះ​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​ស្ថិតនៅក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ខេត្ត ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចាប់ពី ៤​ខែ​ឡើង ហើយ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅតាម​មន្ទីរពេទ្យបង្អែក​រាជធានី​ខេត្ត និង​នៅតាម​បណ្តា​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ មួយចំនួនទៀត ដែល​រដ្ឋបាល​រាជធានី​ខេត្ត កំពុងបើក​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់​។​

​សេចក្តីជូនដំណឹង លើកឡើងថា ការតម្រូវ​ឲ្យ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ព្យាបាល​ជាសះស្បើយ ក្នុង​រយៈពេល ៤​ខែ​ឡើង ទៅ​ចាក់​វ៉ាក់សាំង​នេះ ធ្វើឡើង​តាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​។ ម្យ៉ាងទៀត ក៏​ដើម្បី​បង្កើន​ភាពស៊ាំ ទប់​ទល់នឹង​វីរុស​កូ​វីដ​១៩​។

​សេចក្តីប្រកាស លើកឡើងថា ប្រជាពលរដ្ឋ ដែល​កើត​កូ​វីដ ហើយ​ព្យាបាល​ជាសះស្បើយ ចាប់ពី ៤​ខែ​ឡើង ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ អាច​ទៅ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត ចាប់ពី​ថ្ងៃទី​២២ ខែកញ្ញា​នេះ​តទៅ គឺ​ត្រូវមាន​អាយុ​ចាប់ពី ៦​ឆ្នាំ​ឡើង​។​

​សូម​រម្លឹកថា កន្លងមក អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ក្រោយពី​ជាសះស្បើយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ឡើយ ដោយ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល លើកឡើងថា ពួកគេ​មាន​ភាពស៊ាំ​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​។ តែ​ក៏​នៅតែមាន​លទ្ធភាព​លាប់ ឆ្លង​ឡើងវិញ​ដែរ​៕​