ខេត្តសៀមរាប ៖ នាថ្ងៃទី២២ កញ្ញា នេះ អាជ្ញាធរខេត្តសៀមរាបបានប្រកាសថា វត្តអារាមស្ថិតនៅតំបន់បិទខ្ទប់ ដែលជាតំបន់ក្រហម មិនអនុញ្ញាតឱ្យរៀបចំពិធីកាន់បិណ្ឌនោះទេ។ នេះបើតាមប្រសាសន៍របស់លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញនូវភូមិសាស្ត្រចំនួន៤សង្កាត់ និងភូមិចំនួន៣ នៃសង្កាត់ចំនួន២ផ្សេងទៀតនៃក្រុងសៀមរាប ជាតំបន់ក្រហម កាលពីថ្ងៃទី១៧ ខែកញ្ញា រយៈ ពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា មានចំណុចមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យមានការធ្វើដំណើរ ឬមានការជួបជុំឡើយ។
លោក វណ្ណ ប៊ុណ្ណា មានប្រសាសន៍ទៀតថា ក្នុងភូមិនិងសង្កាត់ដែលត្រូវដាក់ជាតំបន់ក្រហមនោះ ក៏មានវត្តអារាមនៅក្នុងតំបន់នោះផងដែរ ហើយសម្រាប់រយៈពេលដែលជាការកំណត់តំបន់ក្រហមនេះ បានប៉ះចំថ្ងៃមួយចំនួននៃពិធីកាន់បិណ្ឌនេះដែរ ព្រោះពិធីកាន់បិណ្ឌប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដូច្នេះ ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហមន៍ផងនោះ គ្រប់វត្តអារាមទាំងអស់ដែលស្ថិតនៅក្នុងតំបន់ក្រហមនោះ គឺមិនអនុញ្ញាឱ្យប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់ឡើយ ប៉ុន្តែអាចរៀបចំបានជាលក្ខណៈបង្គ្រប់កិច្ច ដោយគ្រាន់តែឲ្យយាយជីតាជីប្រចាំវត្ត រៀបចំជាចង្ហាន់សម្រាប់ប្រគេនលោក ។
សរុបវត្តនៅតំបន់ក្រហម មានចំនួន ១៩ វត្ត សង្កាត់ស្វាយដង្គំ មាន ៥ វត្ត សង្កាត់ស្លក្រាម ៥ វត្ត សង្កាត់ជ្រាវ មាន ១ វត្ត និងសង្កាត់គោកចក ៨ វត្ត។ យ៉ាងណាក៏ដោយ នៅថ្ងៃទី ២៣ កញ្ញា ស្អែក នេះ នឹងមានការប្រជុំធ្វើការវាយតម្លៃ នៅភូមិសាស្ត្រ ដែលបិទខ្ទប់ថា តើសម្រេច បន្ត ឬលើកលែងការដាក់ជាតំបន់ក្រហមនោះ។
លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាបបានមានប្រសាសន៍បន្ថែមថា ដោយឡែកសម្រាប់វត្តផ្សេងៗទៀត មានការរៀបចំពិធីធម្មតា ក្នុងអំឡុងពេលនៃការប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀម ទម្លាប់ តែត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធាន ការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការ ពារ។
ប្រសិនបើមិនគោរពតាមទេនោះ ពិធីនេះនឹងត្រូវបញ្ឈប់ភ្លាម ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមមានការយោគយល់ និង ចូលរួមទាំងអស់ គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង។ សូមរំលឹកថា រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ១៧ ខែកញ្ញាបាន សម្រេចកំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះ អាសន្ន សម្រាប់រយៈពេល ១ សប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ ភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន ក្នុងសង្កាត់សាលាកំរើក និង ភូមិព្រៃធំ ភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្នុងគោលបំណង គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់ គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រកំណត់ជាតំបន់ក្រហម គឺទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាល ដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី៕
ចែករំលែកព័តមាននេះ